ភ្នំពេញៈ អភិបាល​ខណ្ឌ​ដូនពេញ ​លោក​ សុខ ពេញវុធ ​បានដាក់​បទបញ្ជា​ឱ្យ​បណ្តា​សង្កាត់​ទាំង ​១១ ​ដែល​ស្ថិត​នៅ​ចំណុះ​ឱ្យ​ខណ្ឌ​ដូនពេញ​ ចុះ​ប្រមូល​ជនអនាថា ​និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទាំងអស់​យកមក​ធ្វើតេស្ត​ស្វែងរក​មេរោគ​កូវីដ ១៩ ​ដើម្បី​បង្ការ​ និង​ទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​ សំ សារិទ្ធិ ​ចៅ​សង្កាត់​រង​ទី២​ នៃ​សង្កាត់​ផ្សារ​កណ្តាល​ទី១ ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ ​ខែតុលាថា ​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​នេះ ​សម្បូរ​ទៅ​ដោយ​ជនអនាថា ​និង​អ្នកញៀន​គ្រឿងញៀន ​ដែល​តម្រូវឱ្យ​លោក​អភិបាល​ខណ្ឌ​មាន​វិធានការ​ឱ្យ​សង្កាត់​ទាំងអស់​ដើរ​ចុះ​ប្រមូល​ជន​ទាំងនេះ​ ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូវីដ ១៩។ នៅ​ថ្ងៃទី ១៤​ តុលា ​អាជ្ញាធរ​សង្កាត់​ផ្សារ​កណ្តាល​ទី១ ​នឹង​ចាប់ផ្តើម​ប្រមូល​ហើយ​ ខណៈ​នៅ​សង្កាត់​ផ្សេងៗ​បាន​និង​កំពុង​អនុវត្ត​បណ្តើរៗ​ដោយ​ប្រមូលបាន​ជនអនាថា ​និង​អ្នកប្រើ​គ្រឿងញៀន​ជាច្រើន​នាក់​យកមក​ធ្វើ​តេស្ត​ស្វែងរក​ជំងឹ​កូវីដ ១៩។ បើ​អវិជ្ជ​មាន ​ខណ្ឌ​នឹង​បញ្ជូន​បន្ត​ទៅ​សង្គម​កិច្ច។

បើ​តាម​លោក​ សំ សារិទ្ធិ​ នៅ​សង្កាត់​របស់​លោក​ក៏​សម្បូរ​ជនអនាថា ​និង​អ្នកញៀន​គ្រឿងញៀន​ដែរ ​ជាពិសេស​នៅតាម​មាត់​ទន្លេរ។ មូលហេតុ​ដែល​លោក​អភិបាល​ខណ្ឌ​ឱ្យដើរ​ប្រមូល​ជនអនាថា ​នេះ ​ព្រោះ​ព្រួយបារម្ភ​ពាក់ព័ន្ធ​រឿង​អសន្តិសុខ​នៅ​ពេល​យប់​ និង​មួយទៀត ​ពួកគាត់​អាច​បង្ក​ឱ្យ​មាន​ការឆ្លង​នូវ​ជំងឺ​កូវីដ ១៩។

លោក​ថ្លែងថា​៖ «ដូច្នេះ​ហើយ ​លោក​អភិបាល ​ដាក់​ផែនការ​មកឱ្យ​អនុវត្ត​អ៊ីចឹង។ មួយ​ទៀត​ខាង​ខ្ញុំ ​ក៏​កម្លាំង​អត់សូវ​មាន ​កម្លាំង​វា​តិច។ យើង​ចាប់​ជន​អនាថា ​ទី១ ​យើង​ខ្លាច​ប៉ះពាល់​ឆ្លង​ជំងឹ​កូវីដ ១៩ ​បើសិនជា​មាន។ ទី២​ ខ្លាច​ពួកគាត់​ តដៃ ​វា​ពិបាក​ដែរ។ អ៊ីចឹង​ទាល់​តែ​ខណ្ឌ​សហការ​លើ​ការងារ​នេះ»។

លោក​ស្រី​ដួង ដាវណ្ណ ​ចៅសង្កាត់​រង​ទី១ ​នៃ​សង្កាត់​ផ្សារ​ថ្មី​ទី៣ ​ឱ្យដឹងថា​ លោកស្រី​បាន​ចូលរួម​អនុវត្ត ​វិធានការ​របស់​លោកអភិបាល​ខណ្ឌដូន​ពេញ​ ដោយ​ប្រមូល​បាន ​១៣ នាក់ ​នៅ​ថ្ងៃទី ១៣ ​ខែតុលា​នេះ ​និង​នៅតែ​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម។ នៅពេល​ដែល​ប្រមូល​ពួកគាត់​បាន​រួចហើយ​ សង្កាត់​សហការ​ជាមួយ​ខណ្ឌ​បញ្ជូន​ពួកគាត់​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ​បើសិនជា​មិនមាន​ជំងឹ​កូវិដ១៩។ ប៉ុន្តែ ​បើសិនជា​មានវិជ្ជ​មាន​ជំងឺ​កូវីដ ១៩ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យា​បាល។

លោកស្រី​ថ្លែងថា​៖ «យើង​ដើរ​ប្រមូល​ពួកគាត់​នេះ ​ក្នុង​ន័យ​ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូវីដ ១៩​ និង​កុំឱ្យ​ពួកគាត់​ស្នាក់នៅ​មុខ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋបង្កភាព​ភ័យខ្លាច ​ហើយ​កិច្ចការ​នេះ ​យើង​ធ្វើ​ជាប្រចាំ​ហើយ ​ព្រោះ​មាន​ការប្តឹង​ពី​ពលរដ្ឋ»។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោក​ សុខ ពេញវុធ ​អភិបាល​ខណ្ឌ​ដូនពេញ ​សុំ​ធ្វើអត្ថាធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃទី ១៣ ​ខែតុលា​នេះ ​ដោយ​លោក​អះ​អាង​ថា ​កំពុង​ជាប់​ប្រជុំ​ជាមួយ ​លោក​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ។

តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន ​«កម្ពុជា​ថ្មី»​ នៅ​ថ្ងៃទី ១៣​ ខែតុលា ​ឱ្យដឹង​ថា ​ដើម្បី​បោស​សម្អាត​នូវ​ក្រុម​ជនអនាថា​ ជាពិសេស​ជន​ហិត​កាវ​ញៀន​ថ្នាំ​ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​នោះ ​លោក ​សុខ ​ពេញ​វុធ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ ​បានបញ្ជា​ឱ្យ​សង្កាត់​ទាំង ១១​ សហការ​គ្នា​ចុះ​ប្រមូល​ក្រុម​ទាំងនោះ​ ដោយ​ឃាត់ខ្លួន​បាន​ចំនួន​ ៣៥ នាក់​ ហៅ​គ្រូពេទ្យ​មក​តេស្ត​រក​ជំងឺ​កូវីដ​ឃើញ​ម្នាក់​វិជ្ជមាន​ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ផង​ដែរ។ ​ចំណែក​អ្នក​ដែល​មិន​មាន​វិជ្ជមាន​ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ដើម្បី​អប់រំ​កែប្រែ​បន្ត៕​

វីដេអូ៖