ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល អាស៊ី-អឺរ៉ុប លើក​ទី​ ១៣ (ASEM13) ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​ ២៥-២៦ ខែវិច្ឆិកា ខាងមុខនេះ​​ ហើយ​រហូត​មកទល់​ពេលនេះ​មាន​ថ្នាក់ដឹកនាំ ASEM ​ចំនួន ១៤ ​រូប​ហើយ​ដែល​បានបញ្ជាក់​ពី​ការចូលរួម​ប្រជុំ​កំពូល​នេះ​។

លោក លុយ ដាវីត រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ១២ ខែតុលា ថា​៖ «​ដូច​យើង​ដឹង​ស្រាប់​ហើយ​គឺ​ខែក្រោយ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ គឺ​យើង​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២៥ (​និង​) ២៦ ខែវិច្ឆិកា តាម​ប្រព័ន្ធ​វីដេអូ​»​។

លោក ហ៊ុន សែន បាន​ផ្ញើ​លិខិតអញ្ជើញ​ថ្នាក់ដឹកនាំ​ដៃគូ ASEM ទាំង​ ៥២ ​រូប​រួចហើយ ដែល​ក្នុងនោះ​រហូត​មក​ដល់​ពេលនេះ​មាន​ ១៤ ​រូប​បាន​បញ្ជាក់​ពី​ការចូលរួម ហើយ​នឹង​មាន​ការបញ្ជាក់​ពី​ការចូលរួម​បន្តទៀត ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១ ​ខែ​ទៀត​នៅ​មុនពេល​កិច្ចប្រជុំ​ចាប់ផ្តើម​។

លោក លុយ ដាវីត បាន​ថ្លែងថា​៖ «​ដូច្នេះ​ការបញ្ជាក់​ហ្នឹង​នៅ​មក​បន្តៗ​ទៀត ព្រោះ​យើង​នៅសល់​រយៈពេល​ប្រហែលជា​ ១ ​ខែ​កន្លះ​ដែរ​។ នៅក្នុង​​ចំណោម​ ១៤ ​នេះ​គឺមាន​នាយក​រដ្ឋមន្ត្រី និង​ប្រធានាធិបតី​ក្នុង​ទ្វីបអាស៊ី និង​អឺរ៉ុប ហើយ​ក៏​មានការ​បញ្ជាក់​ពី​ការចូលរួម​របស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ហើយ​និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ផងដែរ​»​។

បើតាម​លោក លុយ ដាវីត កម្ពុជា​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ដំណើរការ​កិច្ចប្រជុំ​នេះ​។ ដោយសារ​វា​ជា​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ វា​មិន​តម្រូវ​ឱ្យ​មាន​ការរៀបចំ​អ្វី​ច្រើន​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ប្រព័ន្ធ​វីដេអូ​យើង​មាន យើង​ប្រើប្រាស់ Platform Zoom ហើយ​កន្លងទៅ ខ្ញុំ​បាន​ដឹកនាំ​​កិច្ចប្រជុំ​ឧត្តមមន្ត្រី ASEM ទាំងអស់​​តាម​ប្រព័ន្ធ​វីដេអូ​ផងដែរ​តាម​ប្រព័ន្ធ Zoom នេះ​គឺ​យើង​ឃើញថា វា​មាន​ភាពរលូន​។ ដូច្នេះ ខ្ញុំ​មើលទៅ​វា​អត់មាន​បញ្ហា​អី​ទេ​ សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​យើង​នៅ​ខែ​ក្រោយនេះ​»​។

លោក លុយ ដាវីត ធ្លាប់បាន​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​សារព័ត៌មាន​ស្តីពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ​ពីថ្ងៃ​ទី​ ១៦ ខែកញ្ញា​ថា កម្ពុជា​បាន​ត្រៀម​ឯកសារ​ចំនួន​ ៣ សម្រាប់​ដាក់​​ឱ្យ​អនុម័ត​ក្នុង​កិច្ចប្រជុំ​នេះ គឺ​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្តីពី​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ សេចក្តី​ថ្លែងការណ៍​ប្រធាន​អង្គប្រជុំ និង​ការតភ្ជាប់ ASEM​។

បើតាម​លោក ដាវីត សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នេះ គឺជា​ឆន្ទៈ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ហើយ​ក៏​បង្ហាញ​ពី​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​អាស៊ី-អឺរ៉ុប​ក្នុង​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​កូវីដ ១៩ ផង​ដែរ​។ ​ប្រសិនបើ​ឯកសារ​នេះ​ចេញ វា​គឺជា​សមិទ្ធផល​របស់​កម្ពុជា ពីព្រោះ​នេះ​ជា​គំនិត​របស់​កម្ពុជា ដើម្បី​ដាក់​ឱ្យចេញ​ឯកសារ​នេះ​។

កិច្ចប្រជុំ​នេះ​ក៏​នឹងមាន​ការពិភាក្សា​ពី​ការដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ជំងឺ​កូវីដ​ ១៩ និង​ការពន្លឿន​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​កូវីដ​ ១៩ ​ផងដែរ​។ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ ASEM 13 ក្រោម​មូលបទ​ «​ការពង្រឹង​ពហុភាគី​និយម​ ដើម្បី​កំណើន​រួមគ្នា​» ដោយ​ការរៀបចំ​កិច្ចប្រជុំ​នេះ​ត្រូវបាន​លើក​ពេល​ ២ ដង​រួចមកហើយ ដែល​ការគ្រោង​ធ្វើ​កាលពី​ឆ្នាំ​ ២០២០ ត្រូវបាន​ពន្យារពេល​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩​។ ASEM មាន​សមាសភាព ៥១ ​ប្រទេស និង ២ ​ស្ថាប័ន​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ថ្លែងថា ការដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ គឺជា​ការបង្ហាញ​តួនាទី​សំខាន់​របស់​កម្ពុជា​នៅក្នុង​កិច្ចការ​តំបន់​ក៏ដូចជា​ពិភពលោក​ក្នុង​ក្របខ័ណ្ឌ​តួនាទី​ជា​ពហុភាគី​។ ​កម្ពុជា​ក៏​អាច​បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន​ទាំង​តួនាទី និង​ធនធាន​មនុស្ស​ក៏ដូចជា សារ​ដែល​អាច​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពី​ការបង្ហាញ​ពី​មុខមាត់​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​កិច្ចប្រជុំ​នេះ​យើង​ឃើញថា​រឿង​ដែល​សំខាន់បំផុត​ហ្នឹង ​គឺ​យើង​អាច​ទាញ​ប្រយោជន៍​ពាក់ព័ន្ធ​ជាមួយ​នឹង​ការរួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ហើយ​វា​ក៏​ជា​កម្លាំង​​ចលករ​ដ៏សំខាន់​ សម្រាប់​និន្នាការ​ពហុភាគី​និយម​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​បច្ចុប្បន្ន​»៕