
ឈើដែលមន្ត្រីព្រៃឈើឃាត់ពីថ្ងៃទី ១២ តុលា ក្រោយកាប់និងដឹកចេញពីតំបន់ការពារភ្នំគូលែន។ រូប FB
សៀមរាបៈ រដ្ឋបាលព្រៃឈើខេត្តសៀមរាបព្រមានអនុវត្តច្បាប់ភ្លាមៗ ប្រសិនបើឃាត់បានបុគ្គលណាចូលទៅលួចគ្រៀវដើមឈើអាកាស្យានៅជើងភ្នំគូលែន ដែលរដ្ឋបាលព្រៃឈើកំពុងគ្រប់គ្រងថែរក្សា ហើយអ្នកដែលចូលទៅយកឈើអុសចេញពីចម្ការអាកាស្យាក៏នឹងត្រូវអនុវត្តច្បាប់ដូចគ្នា ប្រសិនបើរកឃើញថា ធ្វើកិច្ចសន្យាម្តងហើយមិនព្រមឈប់។
លោក ឡុង សារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីថ្លែងនៅថ្ងៃទី ១២ ខែតុលា ថា ប្រសិនបើមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឃាត់បានបុគ្គលណាមួយចូលទៅគ្រៀវដើមអាកាស្យាទុកឱ្យងាប់ ធ្វើឱ្យបាត់បង់ព្រៃឈើ ដែលបានដាំឡើងវិញរបស់រដ្ឋប្រមាណ ៨៥០ ហិកតា នៅជើងភ្នំគូលែន នឹងធ្វើការអនុវត្តច្បាប់ភ្លាមៗ។ ចំណែកអ្នកដែលចូលដឹកអុសចេញពីចម្ការអាកាស្យា ក៏នឹងត្រូវអនុវត្តច្បាប់ដូចគ្នា ប្រសិនបើធ្វើការអប់រំ និងធ្វើកិច្ចសន្យាហើយនៅតែប្រព្រឹត្ត។
លោក ឡុង សារ៉ា ឱ្យដឹងទៀតថា នៅថ្ងៃទី ១២ ខែតុលា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបានឃាត់រ៉ឺម៉កម៉ូតូចំនួន ២ គ្រឿង និងមនុស្ស ២ នាក់ នៅចំណុចខាងត្បូងរង្វង់មូលស្រុកបន្ទាយស្រី ខណៈពួកគេដឹកឈើចេញពីចម្ការឈើ ដែលរដ្ឋបាលព្រៃឈើកំពុងធ្វើការគ្រប់គ្រងថែរក្សា។ ក្រោយពីធ្វើការអប់រំណែនាំ ពលរដ្ឋទាំង ២ នាក់ ត្រូវបានអនុញ្ញាតឱ្យទៅផ្ទះវិញ។
លោកថ្លែងថា៖ «ចម្ការឈើ ដែលរដ្ឋយើងដាំនៅជើងភ្នំគូលែន មានអ្នកទៅលួចគ្រៀវ ហើយដើមឈើនោះវាងាប់ ហើយពួកគាត់ (ពលរដ្ឋ) ហ្នឹងបានទៅចូលក្នុងចម្ការហ្នឹងប្រមូលយកមក ហើយយើងក៏ឃាត់សួរនាំសួរអី ធ្វើកិច្ចសន្យាកុំឱ្យគាត់ទៅរុករាននៅក្នុងចម្ការហ្នឹងទៀត»។
លោក ឡុង សារ៉ា មិនបានបញ្ជាក់ច្បាស់ពីអត្តសញ្ញាណបុគ្គល ២ រូបដែលមន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីឃាត់ ធ្វើការអប់រំណែនាំនោះទេ ប៉ុន្តែលោកប្រាប់ថា ពួកគេជាប្រជាពលរដ្ឋរស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
លោកនាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបញ្ជាក់ថា ថ្វីបើដឹងថា ប្រជាពលរដ្ឋបានដឹកអុសចេញពីចម្ការឈើនៅជើងភ្នំគូលែនក៏ដោយ ក៏មន្ត្រីផ្នែករដ្ឋបាលព្រៃឈើមិនអាចសន្និដ្ឋានបានថាពួកគាត់ទាំងនោះជាអ្នកលួចចូលទៅគ្រៀវដើមឈើនោះដែរ។ ទោះយ៉ាងណានៅទីនោះ មន្ត្រីជំនាញតែងមានការយាមកាម ល្បាតធ្វើការថែរក្សាជាប្រចាំ គ្រាន់តែមិនបានជួបអ្នកដែលលួចទៅគ្រៀវដើមឈើនៅទីនោះ។
លោកថ្លែងថា៖ «អ្នកគ្រៀវ បើសិនជាយើងទៅទាន់ចាប់បាន អាហ្នឹងមានទោសហើយ ប៉ុន្តែបើយើងចាប់នៅខាងក្រៅ គាត់ចេញពីក្នុងហ្នឹង យើងអត់អាចសន្និដ្ឋានបានថា អ្នកណាគ្រៀវនោះទេ»។
បើតាមលោក ឡុង សារ៉ា ករណីបែបនេះ កន្លងមកក៏ធ្លាប់មានកើតឡើងច្រើនដងផងដែរ ប៉ុន្តែក្រោយធ្វើការអប់រំណែនាំ អ្នកទាំងនោះមិនដែលចូលទៅដឹកអុស ហើយត្រូវមន្ត្រីជំនាញឃាត់បានជាលើកទី ២ នោះទេ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែតុលា ថាជារួមការងាររបស់រដ្ឋបាលព្រៃឈើ មិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរស្រុកនោះទេ ព្រោះរដ្ឋបាលព្រៃឈើមានរចនាសម្ព័ន្ធដាច់ដោយឡែក ទោះបីជាទីតាំងឈរជើងនៅក្នុងស្រុកបន្ទាយស្រីក៏ដោយ។
លោកថ្លែងថា៖ «គាត់មានផែនទីរដ្ឋបាលរបស់គាត់ ដែលមានខណ្ឌ មានសង្កាត់ មានផ្នែករបស់គាត់។ ចំពោះការសម្របសម្រួលយើងនៅតែមានយន្តការតាមគណៈបញ្ជាការឯកភាពស្រុក។ យើងអាចសម្របសម្រួលជាមួយគាត់បាន បើសិនមានបញ្ហាណាមួយកើតឡើងរវាងប្រជាពលរដ្ឋ និងមន្ត្រីជំនាញពាក់ព័ន្ធការអនុវត្តច្បាប់»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ថ្លែងនៅថ្ងៃទី ១៣ តុលា ថា ក្នុងករណីបែបនេះ បើសិនជាព្រៃឈើស្ថិតក្នុងតំបន់ហាមឃាត់ ហើយដើមឈើមិនទាន់ងាប់ពលរដ្ឋចូលទៅគ្រៀវ ឬកាប់យកនោះអាចនឹងត្រូវមានការចោទប្រកាន់។ មន្ត្រីជំនាញអាចនឹងអនុវត្តច្បាប់ ប៉ុន្តែបើសិនជាឈើអុសងាប់នោះប្រាកដជាមានការអនុគ្រោះមិនខាន។
លោកជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរ គួរតែយកចិត្តទុកដាក់ក្នុងការការពារឱ្យកាន់តែប្រសើរឡើង ជាពិសេសហាមឃាត់នូវជនខិលខូចដែលទៅចូលទន្ទ្រាននៅក្នុងតំបន់នោះ កុំចាំដល់មានការកាប់បំផ្លាញរួចហើយទើបទៅធ្វើ ការចាប់អនុវត្តច្បាប់។
លោកថ្លែងថា៖ «យើងចង់ឱ្យមានការការពារ ឱ្យច្រើនជាងបង្ក្រាប។ អ៊ីចឹងត្រូវរារាំងយ៉ាងម៉េចកុំឱ្យមានការចូលទៅកាប់បំផ្លាញហ្នឹង ជាជាងឱ្យមានការកាប់បំផ្លាញហើយទើបចាត់វិធានការ អាហ្នឹង វាធ្វើឱ្យប៉ះពាល់ទៅដល់ព្រៃឈើផង និងមានការពិបាកក្នុងការចាត់វិធានការផងដែរ»៕