ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្នើ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ និង​ផ្តល់​ការគាំទ្រ​ដល់​គម្រោង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ ដើម្បី​ឆ្លើយតប​នឹង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម គោលនយោបាយ​អភិវឌ្ឍន៍​មុខរបរ និង​ការងារ​នៅ​កម្ពុជា​។

សំណើ​នេះ​បាន​លើកឡើង​ក្នុងជំនួប​តាម​ប្រព័ន្ធ​វីដេអូ រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង និង​លោកស្រី Sunniya Durrani-Jamal តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​ត្រូវផុត​អាណត្តិ​ពី​ថ្ងៃទី​ ១៣ ខែតុលា​។

ក្នុង​ជំនួប​នោះ លោក អ៊ិត សំហេង បានលើកឡើង​អំពី​វឌ្ឍនភាព​មួយចំនួន​ដែល​ក្រសួង​ការងារ​បាន​អនុវត្ត​នូវ​គម្រោង​ធំៗ ដែលជា​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។ បច្ចុប្បន្ននេះ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាននិង​កំពុង​អនុវត្ត​គម្រោង​ធំៗ​ចំនួន ២ ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។ ​ទី១ ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ (TVET) និង​ទី​២ គម្រោង​ជំនាញ​សម្រាប់​ការប្រកួត​ប្រជែង ដែល​គម្រោង​ទាំង ​២ ​នេះ​បាន​ចូលរួម​អនុវត្ត​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៅ​កម្ពុជា​។

លោក អ៊ិត សំហេង បញ្ជាក់ថា​៖ «​គម្រោង​នេះ​បាន​ជួយ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​មុខរបរ និង​ការងារ​គោលនយោបាយ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​»​។

ក្រៅពីនេះ គម្រោង​ទាំង​ ២ ​បាន​ជួយ​ដល់​ផែនការមេ​សម្រាប់​អភិវឌ្ឍ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ក្នុង​នោះ​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់​ឧបករណ៍​សម្ភារ ការអភិវឌ្ឍ​ធនធានមនុស្ស ការអភិវឌ្ឍ​កម្មវិធីសិក្សា​ការបណ្តុះបណ្តាល​ប្រាក់ឧបត្ថម្ភ​សិស្ស​កម្មសិក្សា (​គ្រូ​ និង​សិស្ស​) និង​ការសិក្សា​ផ្អែកលើ​ការងារ​។

លោក​បាន​បញ្ជាក់ថា ជា​ការពិត គម្រោង​ដែល​ទទួលបាន​ផ្លែផ្កា​ទាំងនេះ បើ​មិន​មាន​ការចូលរួម​ជ្រោមជ្រែង​ពី​លោកស្រី SunniyaDurrani-Jamal ទេ ក៏​ការអនុវត្ត​គម្រោង​ពិតជា​មិន​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​ឡើយ​។

ទន្ទឹម​នោះដែរ លោក អ៊ិត សំហេង បានស្នើ​ដល់ ADB ថា​៖ «​ខ្ញុំ​សំណូមពរ និង​ស្នើ​ដល់ ADB បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ TVET ជា​មុំ​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ស្នើ​ដល់ ADB ចំពោះ​ការផ្តល់​គម្រោង​គាំទ្រ​វិស័យ TVET ​នានា ហើយ​សូម​ឱ្យមាន​ភ្នាក់ងារ​អនុវត្តន៍​គម្រោង​ដោយ​ក្រសួងសាមី​ផ្ទាល់​តែម្តង ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​តាមដាន និង​ត្រួតពិនិត្យ​ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង​ប្រកប​ដោយ​គុណភាព​»​។

ក្នុង​ជំនួប​នោះដែរ លោកស្រី Sunniya Durrani-Jamal បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​ជាច្រើន ដោយ​ក្នុង​នោះ​លោកស្រី​ចាត់ទុកថា ក្រសួង​ការងារ​គឺជា​ស្នូល​សំខាន់​មួយ​ក្នុង​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ច​។

តាមរយៈ​បេសកកម្ម​កន្លងមកនេះ​លោកស្រី​បាន​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច​ឱ្យ​​មាន​ភាពរីកចម្រើន​គួរឱ្យ​កត់សម្គាល់ ហើយ​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ការងារ និង​ ADB ​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​បំផុត​។

ឆ្លើយតប​ជាមួយនឹង​សំណូមពរ​របស់លោក អ៊ិត សំហេង លោកស្រី Sunniya Durrani-Jamal បាន​ថ្លែងថា​៖ «​ខ្ញុំ​នឹង​លើកយក​សំណើ​ទាំងនេះ ជួយ​សិក្សា​រក​វិធីសាស្ត្រ​ និង​គាំទ្រ​ដើម្បីឱ្យ​យុវជន​ងាក​មក​ចាប់​អារម្មណ៍​ចុះឈ្មោះ​ចូលរៀន​ក្នុង​ប្រព័ន្ធ TVET ដោយ​ក្នុងនោះ​នឹង​បន្ត​សហការ​ជាមួយ​គ្នា​ដើម្បី​រៀបចំ​គម្រោង​ថ្មីៗ​ថែមទៀត​សំដៅ​ធានា​ដល់​ការបណ្តុះបណ្តាល​ធនធានមនុស្ស​»​។

លោកស្រី​ថា ការបណ្តុះបណ្តាល​ធនធានមនុស្ស ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ការបណ្តុះបណ្តាល​ផង ធ្វើការ​ផង ដែលជា​ដំណោះស្រាយ​ដ៏ល្អ​ក្នុង​ការបង្កើត​កម្លាំង​ពលកម្ម​ជំនាញ ព្រោះថា​ការបណ្តុះបណ្តាល​តែ​តាម​គ្រឹះស្ថាន​ដល់​ចប់ ទើប​ចូលទៅ​ទីផ្សារការងារ គឺ​មិនអាច​ឆ្លើយតប​ទាន់​តាម​តម្រូវការ​នៃ​ទីផ្សារការងារ​បានទេ​។

កាលពី​ថ្ងៃទី​ ១២ ខែតុលា ក្រសួង​ការងារ​បាន​ប្រកាស​បើក​ឡើង​វិញ​នូវ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ (​អ.ប.វ.) ក្រោម​ឱវាទ​ក្រសួង ក្រោយពី​ទទួល​បាន​ការឯកភាព​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រសួង​បញ្ជាក់ថា​៖ «​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន អ.ប.វ. គឺមាន​ភាពចាំបាច់​ណាស់ ដើម្បី​ធានាបាន​នូវ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​នៃ​កម្លាំង​ពលកម្ម​ជំនាញ​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​»៕