កំពតៈ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាបានឱ្យដឹងថា ទីតាំងបន្ថែមចំនួន ៥ កន្លែង នៅខាងក្រៅតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងខេត្តកំពត ដែលសត្វក្រៀលធ្លាប់បានចុះមករកចំណី ត្រូវបានសង្កេតឃើញបាត់វត្តមានស្ទើរតែទាំងស្រុងនៅក្នុងឆ្នាំ ២០២១ ដោយហេតុសកម្មភាពមនុស្ស និងការអភិវឌ្ឍ។
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១២ ខែតុលាថា កាលពីពេលថ្មីៗនេះក្រុមអ្នកអភិរក្សវ័យក្មេងបានធ្វើការសិក្សាស្រាវជ្រាវទៅលើទីតាំងមួយចំនួនដែលធ្លាប់មានវត្តមានសត្វក្រៀល ដែលត្រូវបានគេជឿថាជាកន្លែងផ្ដល់ចំណីបន្ថែមក្នុងរដូវមិនបន្តពូជនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។
សេចក្ដីប្រកាសព័ត៌មាននេះបានឱ្យដឹងថា៖ «ការសិក្សានេះបានពិនិត្យមើលទៅលើសកម្មភាពរបស់មនុស្សដែលជាកត្តាគំរាមកំហែងនឹងអាចជះឥទ្ធិពលលើឥរិយាបថរបស់សត្វក្រៀលនៅក្នុងការជ្រើសរើសទីតាំងរកចំណីផងដែរ»។
ការប្រមូលទិន្នន័យដោយផ្អែកលើមន្ត្រីឧទ្យានុរក្ស និងក្រុមជីវចម្រុះនៅមូលដ្ឋានបានបង្ហាញអំពីប្រវត្តិនៃការរកចំណីរបស់សត្វក្រៀលនៅខាងក្រៅតំបន់ការពារទេសភាពអន្លង់ព្រីងដែលមានទីតាំងសំខាន់ៗចំនួន ៥ កន្លែង ដូចជា ភ្នំទឹក ព្រះត្រហឹង កោះទន្សែ កោះតាយ៉យ និងកោះកណ្ដាល។ ភ្នំទឹក ព្រះត្រហឹង និងកោះតាយ៉យ ជាតំបន់ដែលគ្របដណ្តប់ដោយរុក្ខជាតិប្លុង ដែលជាចំណីរបស់សត្វក្រៀល។ ចំណែក កោះទន្សែ និងកោះកណ្តាល គឺជាតំបន់វាលស្រែ ដែលអាចផ្គត់ផ្គង់គ្រាប់ស្រូវដែលត្រូវបានគេដឹងថាជាអាហារសំខាន់របស់សត្វក្រៀលផងដែរ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា៖ «ទោះជាវត្តមានរុក្ខជាតិប្លុង និងស្រូវដែលជាចំណីសំខាន់របស់សត្វក្រៀលត្រូវបានកត់ត្រានៅតំបន់ទាំងនេះក៏ដោយ លទ្ធផលពីការប្រមូលទិន្នន័យបានបង្ហាញឱ្យឃើញថាចំនួនសត្វក្រៀលដែលប្រើប្រាស់ទីតាំងរកចំណីទាំង ៥ នេះ មានការថយចុះមកស្ទើរតែគ្មានសត្វក្រៀលនៅឆ្នាំ ២០២១»។
អង្គការនេះបន្តថា ក្នុងចំណោមទីតាំងទាំង ៥ ភ្នំទឹកជាតំបន់ដែលធ្លាប់កត់ត្រាវត្តមានរបស់សត្វក្រៀលប្រហែល ៥០ ភាគរយនៃចំនួនសត្វក្រៀលសរុបដែលមាននៅតំបន់អន្លង់ព្រីង ហើយសត្វក្រៀលនៅតែបន្តមានវត្តមាននៅទីនេះក្នុងឆ្នាំ ២០២១ នៅឡើយ។ លទ្ធផលនេះបង្ហាញថា ភ្នំទឹកជាទីតាំងសំខាន់បំផុតក្នុងចំណោមទីតាំងទាំង ៥ ក្នុងការផ្ដល់ចំណីដល់សត្វក្រៀលក្រៅពីតំបន់ការពារទេសភាពអន្លង់ព្រីង។
លទ្ធផលសិក្សាក៏បានបង្ហាញថាសកម្មភាពរំខានភាគច្រើនគឺបង្កដោយមនុស្សនៅក្នុងតំបន់ និងនៅជិតតំបន់រកចំណី ដែលបណ្តាលឱ្យប៉ះពាល់ដល់ការជ្រើសរើសតំបន់រកចំណីរបស់សត្វក្រៀល។ សកម្មភាពរំខានរបស់មនុស្សត្រូវបានកត់ត្រានៅក្នុងទីតាំងរកចំណីរបស់សត្វក្រៀលទាំង ៥ រួមមានការនេសាទ ការឃ្វាលគោក្របី ការអភិវឌ្ឍ ការធ្វើស្រែបង្គា និងការបាត់បង់ដីសើមដោយសារការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងលំនៅឋានជាដើម។
អង្គការសត្វស្លាបនេះបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយគួរត្រូវបានធ្វើឡើង ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃតំបន់ដីសើមនាតំបន់ភ្នំទឹក តំបន់ព្រះត្រហឹង និងកោះតាយ៉យក្នុងការដើរតួនាទីផ្តល់ជាជម្រក និងទីតាំងរកចំណីដ៏សំខាន់ដែលទ្រទ្រង់សត្វក្រៀល និងប្រភេទសត្វស្លាបដទៃទៀត។ មុខងាររបស់តំបន់ភ្នំទឹក ព្រះត្រហឹង គួរតែត្រូវបានថែរក្សាដើម្បីបន្តគាំទ្រដល់របបអាហារ និងការរស់រានរបស់សត្វក្រៀល និងរបស់បក្សីដទៃទៀត។
អង្គការឱ្យដឹងថា៖ «សកម្មភាពមនុស្សដែលត្រូវបានគេស្គាល់ថាជាកត្តាគំរាមកំហែងដល់សត្វក្រៀលនៅតំបន់ទាំងនេះត្រូវតែកាត់បន្ថយ និងគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាថាសត្វក្រៀលអាចបន្ដរកចំណីនៅទីតាំងទាំងនេះបានយូរអង្វែង ដោយមិនស្ថិតក្រោមការគំរាមកំហែង»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១២ ខែតុលាថា ដោយសារមានតម្រូវការដីកសិកម្មប្រជាពលរដ្ឋមួយចំនួនទៅទន្ទ្រានប្រើប្រាស់ដីនៅទីតាំងដែលសត្វធ្លាប់រកចំណីពីមុន ដែលនេះជាផ្នែកមួយនៃការរំខានទៅដល់ការរកចំណីរបស់សត្វ។
លោកថ្លែងថា៖ «ជាដំណោះស្រាយ គឺយើងខិតខំប្រឹងប្រែងនៅក្នុងការគិតគូររៀបចំនូវផែនការក្នុងការការពារ និងអភិរក្ស។ យើងក៏អំពាវនាវទៅដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ហ្នឹងហើយ ជាពិសេសគឺអ្នកដែលប្រើប្រាស់ និងអាស្រ័យផលលើដីធម្មជាតិដែលជាចម្ការជាអីហ្នឹង គឺសូមឱ្យគាត់ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ជាពិសេសទីតាំងដែលសត្វរកចំណីហ្នឹង គឺសូមឱ្យគាត់កុំឱ្យមានការប៉ះពាល់ ឬពេលដែលឃើញសត្វដែលចុះទៅរកចំណី ឬក៏ទៅផឹកទឹកទៅអីហ្នឹង គឺសូមកុំឱ្យគាត់មានការរំខាន»។
លោកថ្លែងថា សត្វក្រៀល គឺជាប្រភេទសត្វកម្រដែលនៅកម្ពុជាបច្ចុប្បន្ននៅសល់តែប្រមាណជិត ២០០ ក្បាលប៉ុណ្ណោះ។ ទីតាំងរកចំណីរបស់សត្វគឺជាផ្នែកមួយដែលសំខាន់ ពីព្រោះការអភិរក្សសត្វព្រៃគឺតម្រូវឱ្យគិតគូរពីដែនជម្រក ចំណី និងប្រភពទឹក។
លោកអំពាវនាវដល់ពលរដ្ឋចៀសវាងការប្រើប្រាស់អន្ទាក់ ឬការដាក់ថ្នាំបំពុលសត្វដែលនាំឱ្យខូចខាតដល់ធនធានធម្មជាតិ និងជីវចម្រុះ ដែលក្នុងនោះប្រភេទសត្វកម្រជាច្រើនមានតម្លៃជាសកលមិនមែនតែសម្រាប់កម្ពុជាដែលមានវត្តមានសត្វទាំងនោះនោះទេ៕