ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅដល់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការត្រៀមបង្ការហានិភ័យសម្រាប់ឆ្លើយតបទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុជាពិសេសជួយដល់ប្រជាជនក្រីក្រងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និង ជនមានពិការភាព។
លោក ហ៊ុន សែន បានលើកឡើងដូចនេះតាមរយៈសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នៅកម្ពុជា ក្រោមប្រធានបទ «បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់» ដែលក្នុងន័យបំផុសស្មារតីលើកកម្ពស់ការត្រៀមបង្ការ ការត្រៀមរៀបចំទប់ទល់ទៅនឹងព្រឹត្តិការណ៍អាក្រក់នានា។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា៖ «អស់រយៈពេលជិត ២ ឆ្នាំកន្លងមកនេះ នៅទូទាំងពិភពលោក ជំងឺរាតត្បាតកូវីដ ១៩ ដែលជាមុខសញ្ញាគ្រោះថ្នាក់ គ្រោះមហន្តរាយដ៏កាចសាហាវនៅមិនទាន់ធូរស្បើយនៅឡើយផង ស្រាប់តែគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការកើនឡើងកម្ដៅផែនដីបានកើតមានបន្ថែមនៅឆ្នាំ ២០២១ ធ្វើឱ្យប្រទេសជាច្រើននៅលើពិភពលោកជួបនូវគ្រោះមហន្តរាយ ភ្លើងឆេះព្រៃ ខ្យល់ព្យុះសង្ឃរា ទឹកជំនន់ធ្ងន់ធ្ងរ គ្រោះរញ្ជួយដី បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សអស់ជាច្រើន»។
ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រារព្ធធ្វើឡើងនាថ្ងៃទី ១៣ ខែតុលា ជារៀងរាល់ឆ្នាំ ដែលរាជរដ្ឋាភិបាលបានសម្រេចកំណត់ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។ ឆ្នាំនេះជាឆ្នាំទី ២ នៃការប្រារព្ធពិធី ប៉ុន្តែអាស្រ័យដោយស្ថានភាពនៃជំងឺកូវីដ ១៩ មិនទាន់ស្រាកស្រាន្តដែលជា ហេតុមិនអាចឱ្យមានការជួបជុំមហាជនប្រារព្ធពិធីនេះឡើង និងធ្វើយុទ្ធនាការអប់រំអំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនោះបានឡើយ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានបង្កើតសមិទ្ធផលជាច្រើន ដូចជាការពង្រឹងការគ្រប់គ្រង ធនធានទឹក ការស្តារ និងកសាងរចនាសម្ព័ន្ធស្រោចស្រព អាងស្តុកទឹក ប្រឡាយ សំណង់ទ្វារទឹក ប្រព័ន្ធរំដោះទឹក និងទំនប់ការពារទឹកជំនន់»។
ក្រៅពីនេះ មានការពង្រឹងយន្តការតាមដានព្យាករ និងផ្សព្វផ្សាយព័ត៌មានជលសាស្ត្រ និងឧតុនិយមឱ្យកាន់តែមានសុក្រឹតភាព និងទាន់ពេលវេលា ដើម្បីកាត់បន្ថយនូវគ្រោះមហន្តរាយដែលបណ្តាលមកពីទឹកជំនន់ និងគ្រោះរាំងស្ងួត។ ធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីបង្កើនផលិតភាពស្រូវ ដំណាំផ្សេងៗ ការប្រើប្រាស់ពូជដែលមានគុណភាព ភាពធន់ និងការប្រែប្រួលអាកាសធាតុ»។
លោកបានបន្តទៀតថា ក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការគាំពារដល់ប្រជាជនក្នុងពេល និងក្រោយពេលគ្រោះមហន្តរាយតាមរយៈយន្តការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយមានកិច្ចសហការពីកាកបាទក្រហមកម្ពុជាចលនាយុវជន និងគ្រប់តួអង្គពាក់ព័ន្ធជាដើម។
នាឱកាសនេះដែរ លោក ហ៊ុនសែន ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងអនុវត្តវិធានសុខាភិបាល «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ ១៩ ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាតាមការណែនាំ និងតាមទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតភាពស៊ាំចៀសផុតពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកាចសាហាវនេះ។
លើសពីនេះ ត្រូវបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ប្រកបដោយស្មារតីភ្ញាក់រឭកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់នូវរបៀបរបបរស់នៅស្អាត ថែរក្សា សុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីការរស់នៅប្រកបដោយផាសុកភាព និងសុខុមាលភាព ចៀសផុតពីគ្រោះមហន្តរាយផ្សេងៗ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល បន្តចូលរួមសហប្រតិបត្តិការ កៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាពសម្រាប់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។
ជាមួយគ្នានេះលោកក៏បានអំពាវនាវទៅដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មានរបស់រដ្ឋ និងឯកជន ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករអាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញា គ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈពីវិធានការ ដើម្បីបញ្ចៀសគ្រោះមហន្តរាយជូនដល់សាធារណជនជ្រាបទាន់ពេលវេលា និងឆាប់រហ័ស។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១ មនុស្សប្រមាណជិត ១០០ នាក់បានស្លាប់ និងជាង ១៥០ នាក់រងរបួស ដោយសារគ្រោះមហន្តរាយធម្មជាតិ។
ទិន្នន័យពីការប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយនេះបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែសីហា ហេតុការណ៍អគ្គិភ័យ ខ្យល់កន្ត្រាក់ និងរន្ទះ បានធ្វើឱ្យមនុស្ស ៩៤ នាក់ស្លាប់ និងរបួសចំនួន ១៥៨ នាក់ ឯ សត្វពាហនៈ ៤០ ក្បាលត្រូវបានងាប់។
ក្រៅពីរងគ្រោះដល់អាយុជីវិត ហេតុការណ៍អគ្គិភ័យ ខ្យល់កន្ត្រាក់ និងរន្ទះក៏បានធ្វើឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋជាង ៧ ៨០០ ខ្នង និងសាលារៀនផ្សារ អគាររដ្ឋបាលរោងចក្រចំនួន ២២០ កន្លែងផងដែរ៕