ភ្នំពេញៈ លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឱ្យ​ដឹងថា សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅតែមាន​សម្ទុះ​​ខ្លាំងក្លា បើទោះបីជា​កំពុងស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាក​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្តី ខណៈ​បញ្ហា​គ្រឿងញៀន​នៅតែមាន​និន្នាការ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ ASOD ត្រៀម​សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ៧ ​ស្តីពី​បញ្ហា​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ​​នា​ថ្ងៃទី​ ១៣ តុលា ឆ្នាំ​ ២០២១ ​ដោយ​មាន​វត្តមាន​តំណាង​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​ពី​បណ្តា​ប្រទេស​អាស៊ាន​តាម​ប្រព័ន្ធ​អនឡាញ​។

លោក មាស វីរិទ្ធ បញ្ជាក់ថា​៖ «​សាមគ្គីភាព ឆន្ទៈ​មោះមុត យន្តការ​ច្បាស់លាស់ ការទទួល​ខុសត្រូវ​ និង​កិច្ចសហប្រតិបត្តិការ​ល្អ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ-អន្តរជាតិ​នាំឱ្យ​ការប្រយុទ្ធ​គ្រឿងញៀន មាន​ប្រសិទ្ធភាព​»​។ បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពិសេស​ក្នុងពេល​ដ៏លំបាក​នៃ​ការរាលដាល​កូវីដ​ ១៩​។

លោក មាស វីរិទ្ធ បាន​ថ្លែងបន្តថា មេរៀន និង​បទពិសោធ​​នាពេល​កន្លងមក ពិតជា​បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​រួម​នឹង​និរន្តរភាព​នៃ​ការឆ្លើយតប​លើ​បញ្ហា​គ្រឿងញៀន សាមគ្គីភាព ឆន្ទៈ​មោះមុត យន្តការ​ច្បាស់លាស់ ការទទួល​ខុសត្រូវ​ និង​កិច្ចសហប្រតិបត្តិការ​ល្អ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ-អន្តរជាតិ​នាំឱ្យ​ការប្រយុទ្ធ​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​។ ​

ដូច្នេះ​លោក​រំពឹងថា បទ​អន្តរាគមន៍​នានា ដែល​បាន​ផ្លាស់ប្តូរ​ និង​ចែករំលែក​ក្នុង​ពេលនេះ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ផែនការ សកម្មភាព​សហគមន៍ អាស៊ាន​ប្រឆាំងនឹង​បទល្មើស​គ្រឿងញៀន​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២៥ និង​ទស្សនវិស័យ​ជារួម​ក្នុង​ការងារ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​កំពុងមាន​និន្នាការ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​នាពេល​បច្ចុប្បន្ននេះ​អាច​នឹងមាន​ប្រសិទ្ធភាព​។

លោក​បន្ថែមថា​៖ «​ឈរលើ​ទស្សនៈ​នេះ និង​ដោយ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង និង​និន្នាការ​នៃ​ការផលិត ចរាចរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​នៅ​ពុំទាន់​ថមថយ​នៅឡើយ នៅក្នុង​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ខ្ញុំ​កត់សម្គាល់​ឃើញថា យន្តការ​អាស៊ាន ពិតជា​បានរួម​ចំណែក និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ការគំរាមកំហែង​ដោយ​គ្រឿងញៀន មិន​ត្រឹមតែ​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​»​។

តាម​ខ្លឹមសារ​ឯកសារ​ដែល​បាន​ឯកភាព​គ្នា​នូវ​បញ្ហា​ផ្សេងៗ​ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ ASOD លើក​ទី​ ៤១ និង​ទី​ ៤២ បណ្តា​ប្រទេស​អាស៊ាន​បាន​ពិនិត្យឡើងវិញ​នូវ​របាយការណ៍​វឌ្ឍនភាព ពាក់កណ្តាល​អាណត្តិ​​នៃ​ការអនុវត្ត​ផែនការ​ការងារ​អាស៊ាន ស្តីពី​សន្តិសុខ​សហគមន៍​អាស៊ាន​ប្រឆាំងនឹង​គ្រឿងញៀន​ខុសច្បាប់ ឆ្នាំ​ ២០១៦-២០២៥ (​ផែនការ​ការងារ​អាស៊ាន​ ២០១៦-២០២៥)​។

បន្ថែម​ពីនេះ បណ្តា​ប្រទេស​អាស៊ាន​បាន​ពិនិត្យ​ឡើងវិញ​នូវ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​នៃ​ផែនការ​សហប្រតិបត្តិការ​អាស៊ាន​ក្នុង​ការទប់ស្កាត់​ការផលិត និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ក្នុង​តំបន់​ត្រីកោណមាស ឆ្នាំ​ ២០២០-២០២២ កិច្ចពិភាក្សា​លើ​បញ្ហា​​ផ្សេងៗ​ទាក់ទង​នឹង​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ស្តីពី​គ្រឿងញៀន (CND) ការត្រៀម​រៀបចំ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ៧ ស្តីពី​បញ្ហា​គ្រឿងញៀន​។ ចុងក្រោយ​អង្គប្រជុំ​បាន​ពិនិត្យ និង​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ៧ ស្តីពី​បញ្ហា​គ្រឿងញៀន​។

បើតាម​លោក​ មាស វិរិទ្ធ ឯកសារ​នៅក្នុង​កិច្ចប្រជុំ​នេះ​នឹង​​រាយការណ៍​ជូន​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ៧ ស្តីពី​បញ្ហា​គ្រឿងញៀន ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​ឯកសារ​មួយចំនួន នៅ​ថ្ងៃទី​ ១៤ ខែ តុលា ឆ្នាំ​ ២០២១ តាម​ប្រព័ន្ធ​អនឡាញ និង​ដោយផ្ទាល់​ពី​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​៕