ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន ២ លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនជូនមកដល់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី ១៤ ខែតុលានេះ ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានលើកឡើងថា វ៉ាក់សាំងកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន ២ លានដូស ដែលនឹងដឹកមកដល់ប្រទេសកម្ពុជានេះ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន មកដល់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានសន្យាផ្តល់មកដល់ប្រទេសកម្ពុជា ក្នុងពេលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលកន្លងទៅ។
បើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកាលពីថ្ងៃទី ១១ ខែតុលាកន្លងមកនេះថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៣៥ លានដូស ហើយទាំងវ៉ាក់សាំងដែលជាការបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជា និងវ៉ាក់សាំងជាជំនួយផងដែរ៕