
រូបភាពកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថភ្លើងនៅលើផ្លូវជាតិលេខ ៤ កាលពីថ្ងៃទី ១៣ តុលា។ រូបថត FB
ព្រះសីហនុៈ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចារាចរណ៍រវាង រថយន្ត និងរថភ្លើងបុកគ្នាកនៅលើផ្លូវជាតិលេខ៤ ទៅសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ១៤ ខែតុលា ក្រោយពីអ្នកបើកបររថយន្តបានស្លាប់នៅពេលបញ្ជូលដល់មន្ទីរពេទ្យ។
សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ក៏បានបញ្ចាក់ថា មូលហេតុដែលនាំឱ្យរថភ្លើងបុករថយន្តនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់នោះ គឺបណ្តាលមកពីបញ្ហាបច្ចេកទេសវិទ្យុទាក់ទង ដែលអ្នកបើករថភ្លើង មិនអាចទំនាក់ទំនងគ្នាបានជាមួយអ្នករង់ចាំដាក់បារ៉ាស់បិទចរាចរណ៍លើផ្លូវលេខ ៤។
លោក សួន គឹមសំ អធិការរងនគរបាលស្រុកព្រៃនប់ ទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ ថ្លែងនៅថ្ងៃទី ១៤ ខែតុលាថា សំណុំរឿងរថភ្លើងបុកជាមួយរថយន្តកាលពីថ្ងៃទី ១៣ ខែតុលា នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះ ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី ១៤ ខែតុលានេះ។
លោកថ្លែងថា៖ «យើងបញ្ជូនតែសំណុំរឿងទៅទេ ចំណែកមនុស្សមានខាងក្រុមហ៊ុនរថភ្លើងគេធានាចេញទៅធ្វើការធម្មតាវិញអស់ហើយ។ ព្រោះករណីហ្នឹងគឺរបួសធ្ងន់ហើយក្រោយមកជនរងគ្រោះស្លាប់ យើងមិនអាចទុកបានទេ យើងត្រូវតែបញ្ជូនរឿងហ្នឹងទៅតុលាការ គេចាត់ការឬមិនចាត់ការ អាហ្នឹងបន្តនីតិវិធីរបស់តុលាការ»។
លោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីបញ្ហាបច្ចេកទេសទាក់ទងរវាងអ្នកបើកបររថភ្លើង និងអ្នករង់ចាំបើកបារ៉ាស់។
លោកថ្លែងថា៖ «អ្នកបើកបររថភ្លើងគាត់ថាជាធម្មតាគាត់ប្រើវិទ្យុទាក់ទងដើម្បីទាក់ទងជាមួយឆ្មាំបើកបិទបារ៉ាស់ហ្នឹង ប៉ុន្តែថ្ងៃហ្នឹងមិនដឹងចៃដន្យយ៉ាងម៉េច ទំនាក់ទំនងគ្នាអត់បាន ហើយនៅពេលទាក់ទងបានហើយគាត់ (អ្នកបើកបារ៉ាស់) មកអត់ទាន់»។
លោក សួន គឹមសំ បញ្ជាក់ថា តៃកុងរថភ្លើងមានឈ្មោះ សេង សុផល ជាជនជាតិខ្មែររស់នៅរាជធានីភ្នំពេញ ចំណែកជនរងគ្រោះជាអ្នកបើកបររថយន្ត ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ នៅក្នុងភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោក ឆិត ស៊ីថា នាយរងប៉ុស្តិ៍រដ្ឋបាលឃុំសំរុង ថ្លែងនៅថ្ងៃទី ១៤ ខែតុលាថា រថភ្លើងបានបុកជាមួយរថយន្តមួយគ្រឿង នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ១៣ ខែតុលា នៅចំណុចផ្លូវរថភ្លើង ឆ្លងកាត់ផ្លូវជាតិលេខ ៤ ជិតទីប្រជុំជនវាលរេញ ចន្លោះគីឡូម៉ែត្រលេខ ១៨១ និង ១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «អាហ្នឹងសំណាងហើយដែលបុកឡានមួយដោយសារតែវាព្រលឹមពេកអត់សូវមានចរាចរណ៍ តែបើសិនជាពេលថ្ងៃវិញខ្ញុំថា មិនមែនមួយទេ ប្រហែលជាអាចឡាន ៤ ទៅប្រាំគ្រឿង ឬក៏ម៉ូតូអីទៀតក៏មានដែរ ព្រោះចរាចរណ៍ផ្លូវជាតិលេខ ៤ អត់មានចេះស្បើយទេ»។
បើតាមលោក ឆិត ស៊ីថា រថយន្តដែលត្រូវរថភ្លើងបុកម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-4730 ធ្វើដំណើរក្នុងទិសដៅខេត្តព្រះសីហនុ ទៅភ្នំពេញ ចំណែករថភ្លើង ធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ។ នៅកន្លែងកើតហេតុមិនមានអ្នកដាក់ប៉ារាស់បញ្ជាបិទផ្លូវឱ្យឈប់នោះទេ។
លោកថ្លែងថា៖ «ពេលមកដល់កន្លែងបុកគ្នាហ្នឹង បើនិយាយទៅក្បាលឡានចូលផ្លូវរថភ្លើងប្រហែលជាពាក់កណ្តលផ្លូវរថភ្លើង រទេះភ្លើងមកដល់ទៅ។ អាហ្នឹងពាក់កណ្តាល់ម្នាក់ ហើយគាត់ឡានគាត់រត់ចំហៀងផ្លូវប្រកាន់ស្តាំរបស់គាត់ អ៊ីចឹងទៅណាស់»៕