ព្រះសីហនុៈ បុរស​ជនជាតិ​ចិន​ចំនួន​ ៥ ​នាក់ ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ជាង​ ៣៤០ ​ក្រាម ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​តុលាការខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​ ១៣ តុលា ក្រោយពី​បង្ក្រាបបាន​នៅ​ខេត្ត​នេះ កាលពី​ថ្ងៃទី​ ១១-១២ តុលា​។

លោក​ តាក់ សារិទ្ធ ស្នងការរង​នគរបាលខេត្ត​ព្រះសីហនុ​ប្រាប់​នៅ​ថ្ងៃទី​ ១៣ តុលា​ថា បុរស​សង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​ ៥ ​នាក់ ទី​១- ​ឈ្មោះ​ WANG XI អាយុ​ ៣១ ​ឆ្នាំ ទី​២- ​ឈ្មោះ ZHANG HONG YOU (​មិនដឹង​អាយុ​) ទី​៣- ​ឈ្មោះ CHEN JING HUAI (​មិនដឹង​អាយុ​) ទី​៤- ​ឈ្មោះ LU JIAN MIN អាយុ​ ៥១ ​ឆ្នាំ និង​ឈ្មោះ​ CHEN GUO FENG អាយុ​ ២៩ ​ឆ្នាំ​។

លោក​ប្រាប់ថា​៖ «​ជនសង្ស័យ​ទាំង​ ៥ ​នាក់ នេះ​យើង​ឃាត់ខ្លួន​ ២ ​ករណី​ផ្សេងគ្នា​ក្នុង​បទល្មើស​ជួញដូរ​គ្រឿងញៀន​តែមួយ​»​។

លោក​បន្តថា ការបង្ក្រាប​បាន​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​បន្ទាប់ពី​មាន​ការស៊ើបអង្កេត​ស្រាវជ្រាវ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។ បន្ទាប់មក​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ដែលមាន​រូបលោក​ជា​ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​គ្រឿងញៀន និង​សហការ​ជាមួយ​នគរបាល​ក្រុងព្រះសីហនុ​ផង​។

លោក​ សារិទ្ធ ​ថ្លែង​ទៀតថា ដោយមាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ១ ​ករណី​កាលពី​យប់​ថ្ងៃទី ​១១ តុលា និង​ឃាត់ខ្លួន​ឈ្មោះ WANG XI ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ​​ ជា​ជនជាតិ​ចិន​នៅ​ភូមិ​ ១ សង្កាត់​ ៤ ក្រុងព្រះសីហនុ​។ ចំពោះ​វត្ថុតាង​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌​សថ្លា​ដែល​សង្ស័យថា​ជា​សារធាតុញៀន​បាន​ ១ ​កញ្ចប់​តូច​។ ម៉ាស៊ីន​កិន​កញ្ឆា​ ១ ទូរស័ព្ទ​ ១ ​គ្រឿង និង​រថយន្ត​ ១ ​គ្រឿង​។

បើតាម​លោក​ សារិទ្ធ ក្រោយពី​បង្ក្រាបបាន​គោលដៅ​ទី​១ ​មក លោកស្នងការ​ ជួន ណារិន្ទ បាន​បន្តទៅ​បង្ក្រាប​ ១ ​ទីតាំង​ទៀត ដែលជា​គោលដៅ​ទី​២ ស្ថិតនៅ​ភូមិ​ ១ សង្កាត់​ ២ ក្រុងព្រះសីហនុ វេលា​ម៉ោង​ប្រមាណ​ ២ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១២ តុលា ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​បាន​ ៤ ​នាក់​បន្ថែមទៀត​។ ពេលនោះ​សមត្ថកិច្ច​បាន​ចូលទៅ​ឆែកឆេរ​ក្នុង​ផ្ទះ រកឃើញ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ជាង​ ៣០០ ​ក្រាម គ្រឿងញៀន​ប្រភេទ​ WY ​ចំនួន​ ១ ៣៦០ ​គ្រាប់​។ ថ្នាំ​កេតាមីន​ទម្ងន់​ជាង​ ១០ ​ក្រាម និង​ថ្នាំញៀន​ប្រភេទ​អ៊ិចស្តាហ្ស៊ី​មាន​ទម្ងន់​ជាង​ ៣០ ​ក្រាម​ទៀត​។

លោក​បញ្ជាក់ថា​៖ «​នៅ​យប់​តែ​ ១ កម្លាំង​សមត្ថកិច្ច​យើង​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ ២ ​ករណី​។ ចំពោះ​ជនសង្ស័យ​ម្នាក់​ចាប់​លើក​ទី​១ ​នោះ​មិនមែន​ជា​បក្ខពួក​តែ​ ១ ​ជាមួយ​ក្រុម​ចាប់​លើក​ទី​២ ​ទេ​»៕