ភ្នំពេញៈ ​មន្ត្រី​សាខា​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) ប្រចាំ​នៅ​ខេត្ត​ចំនួន​ ៤ បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១៧ ​ទីតាំង​បន្ថែមទៀត មិនមាន​អនុលោមភាព​តាម​បទប្បញ្ញត្តិ​ច្បាប់ ខណៈ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​នំ​ជាង ២ ​តោន​ត្រូវបាន​ដកហូត​នៅក្នុង​រយៈពេល​ ១ ​ថ្ងៃ​។

ទំព័រ​ហ្វេសប៊ុក​របស់ ក.ប.ប បានឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ​តុលា​ថា មន្ត្រី​សាខា ក.ប.ប ប្រចាំ​នៅ​ខេត្ត​ខេត្តរតនគិរី ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង និង​ខេត្តកំពង់ចាម បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ១៧ ​ទីតាំង មិនមាន​អនុលោមភាព​តាម​បទប្បញ្ញត្តិ​ច្បាប់ ក្រោយពី​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​សរុប​ចំនួន ៣២ ​ទីតាំង​។

អគ្គនាយដ្ឋាន ក.ប.ប បាន​បន្តទៀតថា «​នៅ​ថ្ងៃទី​ ១១ ​និង​ថ្ងៃទី​ ១២ ​តុលា​បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំងនេះ​នៅក្នុង​ភូមិសាស្ត្រ ក្រុង​បានលុង ស្រុក​សូទ្រនិគម ស្រុក​អង្គរជុំ ស្រុក​ថ្មគោល ស្រុក​បវេល និង​ស្រុក​ជើងព្រៃ​។ សម្រាប់​ស្ថានីយ​/​ដេប៉ូ​ដែល​ប្រព្រឹត្ត​ខុស​នឹង​បទប្បញ្ញត្តិ​ខាងលើ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​ណែនាំ និង​ពិន័យ​តាម​នីតិវិធី​»​។

ជាមួយ​គ្នា​នេះដែរ អគ្គនាយកដ្ឋាន​ ក.ប.ប បានឱ្យដឹង​ទៀតថា សម្រាប់​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្នុង​រយៈពេល​ ១ ​ថ្ងៃ​​នៃ​ថ្ងៃទី​ ១២ តុលា មន្ត្រី ក.ប.ប ប្រចាំខេត្ត​នេះ​បាន​រកឃើញ​ និង​​ស្ទាក់​ចាប់បាន​ទឹកដោះគោ​ស្រស់ ផលិតផល​ពី​ទឹកដោះគោ និង​នំ​ចំនួន​ ២ ​តោន​និង ៦៥៥,៦២ គីឡូក្រាម​ដែល​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​។

អគ្គនាយដ្ឋាន​ ក.ប.ប បញ្ជាក់ថា​៖ «​ក្រោយពី​បាន​រកឃើញ​ដូចនេះ​មន្ត្រី​ជំនាញ​បាន​ដកហូត​ ដើម្បី​កម្ទេចចោល​ភ្លាមៗ​ចៀសវាង​ឈ្មួញ​ឆ្លៀតឱកាស​ដាក់​ចរាចរណ៍​ផលិតផល​ទាំងនេះ​នៅលើ​ទីផ្សារ​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​»​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​និយាយថា ផ្អែកលើ​បរិមាណ​ទំនិញ​មិន​ប្រក្រតី​ដែល​ត្រូវបាន​រកឃើញ​ពី​តាម​បណ្តា​ទីផ្សារ​ក្នុង​រយៈពេល​កន្លងមក​នេះ​គឺ​បង្ហាញថា ទំនិញ​ទាំងនេះ​​មិនទាន់​មាន​ការថយចុះ​នៅឡើយ​នោះទេ​នៅលើ​ទីផ្សារ​។

លោក​បន្ថែមថា មូលហេតុ​សំខាន់​ដែល​ទំនិញ​ពុំមាន​សុវត្ថិភាព​ទាំងនោះ​នៅតែ​បន្ត​មាន​វត្តមាន​ចរាចរណ៍​នៅលើ​ទីផ្សារ ដោយសារ​អាជីវករ​មួយចំនួន​តូច​នៅ​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខ្ពស់ជាង​សុខភាព​របស់​អ្នកប្រើប្រាស់​។

ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់​ដល់​សុខភាព និង​ធានា​ដល់​ការប្រកួតប្រជែង លោក ផាន អូន រំពឹងថា គ្រប់​ធុរជន និង​ពលរដ្ឋ​គ្រប់រូប ត្រូវ​រកស៊ី​​ប្រកប​ដោយ​សុចរិត និង​គិតគូរ​អំពី​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​ជា​ចម្បង ហើយ​ត្រូវគោរព​ឱ្យបាន​នូវ​វិធានការ​ទាំងនេះ​នឹង​បញ្ចៀស​ពួកគេ​ពី​ការខាតបង់ និង​ទោសទណ្ឌ​ដែលមាន​ជា​ធរមាន​។

បើតាម​តួលេខ​របស់​អគ្គនាយកដ្ឋាន ក.ប.ប នៅក្នុង​ខែកញ្ញា មន្ត្រី​បាន​ដកហូត​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ជាង​ ១ ​តោន ភេសជ្ជៈ​ជាង​ ៧ ​ពាន់​លីត្រ និង​អាល់កុល​ក្លែងក្លាយ​ជិត​ ៦ ​ម៉ឺន​លីត្រ ខណៈ​​ការត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ​ប្រេង​ទូទាំងប្រទេស​ធ្វើបាន​ជិត​ ៥០០ ​ទីតាំង​នោះ បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេង​ដែលមាន​ភាពមិន​អនុលោម​ទៅតាម​ច្បាប់ និង​បាន​ផាកពិន័យ​តាម​គោលការណ៍​ច្បាប់​ចំនួន ២២៤ ​ស្ថានីយ​/​ដេប៉ូ​។

សូមជម្រាបថា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ត្រូវបាន​បង្កើត​ឡើង​ក្នុង​បំណង​ធានា​ឱ្យ​មាន​កិច្ចការពារ​អ្នក​ប្រើប្រាស់ និង​ចូលរួម​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​។

ច្បាប់​នេះ​បានកំណត់​អំពី​សិទ្ធិ​​ និង​កាតព្វកិច្ច​របស់​ធុរជន និង​សិទ្ធិ​របស់​ពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ ហើយ​ត្រូវបាន​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩៕