ភ្នំពេញៈ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​ព្រមាន​ចាត់​វិធាន​ការ​តឹង​រ៉ឹងចំពោះ​ម្ចាស់ប​ន្ទប់​ជួល​មួយ​ចំនួន​ដែល​បាន​លក់ទឹ​ក​ជូន​កម្មករកម្មកា​រិនី និង​សិស្ស​និស្សិតក្នុង​តម្លៃ​ថ្លៃ​ចាប់​ពី ​១ ០០០ រៀល ដល់ ៣ ០០០​ រៀល ​ក្នុង​ ១​ ម៉ែត្រ​គុប ផ្ទុយ​ពីការ​ព្រម​ព្រៀងនៅក្នុង​រាជ​ធា​នី​ភ្នំ​ពេញ និង​ក្រុង​តា​ខ្មៅ។

ការ​ប្រកាសយ៉ាង​ដូច្នេះបា​ន​ធ្វើ​ឡើង ដើម្បី​ឆ្លើយ​តប​នឹង​ព័ត៌​មាន​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ដែល​បាន​ផ្សព្វ​ផ្សាយ​ពីការ​រក​ឃើញ​របស់​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ ទាក់​ទង​នឹង​ការ​អនុវ​ត្ត​តម្លៃលក់​ទឹក ៨០០ ​រៀល ក្នុង ​១ ម៉ែត្រ​គុប ជូន​កម្មករ​ កម្មការី និង​សិស្ស​និស្សិត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ចុះថ្ងៃទី​ ១៣ តុលា ​បាន​លើក​ឡើង​ថា​ ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ចំណាយ និង​លើក​ស្ទួយ​កម្រិត​ជីវ​ភាព​របស់​កម្មករ កម្មកា​រិនី និង​សិស្ស​និស្សិត ដែល​ស្នាក់​នៅបន្ទប់​ជួល​ក្នុង​រាជ​ធានី​ភ្នំ​ពេញ និង ក្រុងតា​ខ្មៅ ប្រមុខ​រាជ​រដ្ឋា​ភិបាល បាន​សម្រេច​បញ្ចុះ​ថ្លៃ​ទឹក​ជូន​ដល់​ពួក​គាត់។

គោល​ការណ៍​នេះគឺបាន​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ចុះកិច្ច​សន្យា​លក់​ទឹក​ជូន​ម្ចាស់​ផ្ទះ​ជួល​ចំនួន​ ៤ ៦៨៩​ ទីតាំង​ ឬ​ស្មើនឹង​ ១២១ ៣១៣​ បន្ទប់ ក្នុង​ថ្លៃ​ ៧០០ រៀល​ ក្នុង ​១ ម៉ែត្រ​គុប ដែល​ទាប​ជាង​ថ្លៃ​ដើម នឹង​កំណត់​ឲ្យ​ម្ចាស់​ផ្ទះជួល​ត្រូវ​លក់​បន្តជូន​កម្មករ កម្មការិ​នី និង​សិស្ស​និស្សិត ក្នុង​ថ្លៃ​ ៨០០ រៀល ​ក្នុង ​១ ​ម៉ែត្រ​គុប។

ទោះ​យ៉ាង​ណា តាម​ការ​ចុះអ​ង្កេត​ស្រាវ​ជ្រាវ ដល់​ទីតាំង​ដែល​ចង្អុល​បង្ហាញ​ដោយ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មក​រ រដ្ឋាក​រ​ទឹក​ស្វយ័​ត បានរ​ក​ឃើញថា មាន​ម្ចាស់​ទីតាំង​បន្ទប់​ជួល​មួយ​ចំនួន បាន​លក់​ទឹក​ក្នុង​តម្លៃ​ចន្លោះ​ពី ១ ០០០​ រៀល​ ទៅ ៣ ០០០​ រៀល ​ក្នុង ​១ ម៉ែត្រ​គុប​ ដែល​ផ្ទុយ​ពីការ​ព្រម​ព្រៀង​ក្នុង​កិច្ច​សន្យា ដោយសារ​សម្ពាធ​ទឹក​នៅ​ទីតាំង​របស់​ពួក​គាត់​ខ្សោយ​ ទាម​ទារ​បំពាក់​ម៉ូទ័របូម​ជំនួយ ដែល​ត្រូវ​ចំណាយ​ខ្ពស់​លើថា​មពល​អគ្គិស​នី។

រដ្ឋាករ​ទឹក​ស្វយ័ត បាន​បញ្ជាក់​ពីមូល​ហេតុ​ទៀត​ថា «ទន្ទឹម​នឹង​នោះក៏មាន​ម្ចាស់​ផ្ទះជួល​មួយ​ចំនួន​បាន​គិត​តម្លៃ​បំ​ពេញ​បន្ថែមទៅ​លើភាព​លម្អៀង​រវាង​នាឡិ​កាមេ និងនាឡិកា​ចែក​បាយ​តាម​បន្ទប់​ជួល រួម​ទាំង​ការ​បាត់​បង់​ទឹក ឬលេច​ធ្លាយ​តាម​បណ្តា​ញ ​តំណ​ភ្ជាប់​ក្នុង​បរិវេណ​ផ្ទះ​ជួល ហើយ​ថ្លៃលក់​នេះ​ក៏ទទួល​បាន​ការ​ព្រម​ព្រៀងគ្នា​រវាង​អ្នក​ជួលនឹង​ម្ចាស់​ផ្ទះ​ផង​ដែរ​»។

ប៉ុន្តែ​ដើម្បី​ឲ្យ​ដំណើរ​ការ​របស់​រដ្ឋាភិបាល​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ធានា​ដល់កា​រជួយ​ដល់​កម្មករ​ និ​ង​និស្សិត​ រដ្ឋាករ​ទឹក​ស្វយ័​ត នឹង​អនុវត្ត​វិធាន​ការ​មួយ​ចំនួន ដើម្បី​ពង្រឹង​បន្ថែម​នូវ​ការ​អនុវត្ត​កិច្ច​សន្យា​ទាំង​នេះ ដោយ​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹង​រ៉ឹង​ចំពោះម្ចា​ស់ប​ន្ទប់​ជួល​ដែល​លក់​ទឹក​បន្តរួម​ទាំង​ពិនិត្យនិង​កែលម្អកិច្ច​សន្យាលក់​ទឹក​បន្ត​ឲ្យមាន​លក្ខ​ណៈកាន់​តែប្រ​សើរ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភា​ព​ក្នុង​ការ​អនុវ​ត្ត។

រដ្ឋាករ​ទឹក​ស្វយ័ត នឹង​សហការ​ជាមួ​យអា​ជ្ញាធរ​មូល​ដ្ឋាន ក្នុង​ការ​ចុះអង្កត​ និង​ស្វែង​រក​អ្នក​លក់ទឹ​កប​ន្ត​ដែលមិន​គោរព​តាម​កិច្ច​សន្យា ដើម្បី​ផ្តល់​នូវការ​ណែ​នាំ និង​ធ្វើការ​កែតម្រូវ​ឲ្យស្រប​ទៅ​នឹង​កិច្ច​សន្យា​លក់ទឹក​បន្ត​ផង​ដែរ។

រដ្ឋាករ​ទឹក​ស្វយ័តប្រកាស​ថា «រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញស្វា​គមន៍​ជានិច្ច​ចំពោះ​មតិយោ​បល់ ឬព័ត៌​មាន​ជាក់​លាក់​ទាំង​ឡាយ​ណា​ដែល​ផ្ដល់​ជូន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ អំពីបាតុ​ភាព​មិន​ប្រក្រតី​ណាមួយ​ដែល​កើត​ឡើង ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​គោល​ការណ៍​កំណត់​ថ្លៃទឹក​ស្អាត ដែល​ត្រូវ​លក់​ជូន​បង​ប្អូន​កម្មករ កម្ម​កាវិនី និង​សិស្សនិ​ស្សិត ឬ​បញ្ហាណាផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​សាធា​រណ​ជន»។

លោក​ ម៉ាន់ សាបាន ប្រធាន​មជ្ឈ​មណ្ឌល​ព័ត៌មាន​កម្មករ បាន​លើក​ឡើង​ថា​ នេះ​គឺ​ជាយន្តការ​មួយ​ដែល​រដ្ឋាករទឹ​ក​ស្វយ័​តភ្នំ​ពេញ បាន​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័សក្នុង​ការ​ចាត់​វិធាន​ការ​ចំពោះ​ម្ចាស់បន្ទ​ប់​ជួល ដែល​បាន​កេង​ចំ​ណេញ​ពីក​ម្មករ និង​សិស្ស​និស្សិត។

ប៉ុន្តែ​លោកថ្លែងថា៖ ​«ប្រសិន​បើមាន​គណៈកម្មការ​ ឬក្រុម​ស៊ើប​អង្កេត​នូវ​ការ​អនុវត្ត​របស់​រដ្ឋាករ​ទឹក​ស្វយ័​តភ្នំ​ពេញ​គឺ​រឹត​តែ​មាន​ប្រសិទ្ធ​ភាព​ជាង​នេះ​ទៀត ព្រោះថា ​បើមិន​មាន​ក្រុម​អធិការ​កិច្ច ឬក្រុ​មស្រាវ​ជ្រាវ​ចុះ​អនុវត្ត​ គឺ​នៅ​តែមាន​ការ​ចន្លោះ​ប្រហោង ហើយ​ពួក​គាត់​នៅ​តែ​ប្រព្រឹត្តដ​ដែល​»។

ស្រដៀង​គ្នា​នេះ លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​លើកឡើង​ដែរ​ថា ដើម្បីជួយឲ្យ​ស្ថាន​ភាព​​​ជីវភាព​របស់​កម្មករ និ​ងព​លរដ្ឋ​បាន​ល្អប្រសើរ​ជាង​នេះ ការ​បញ្ចុះ​តម្លៃ​ទឹក គឺជា​រឿង​មួយ​ដែល​ល្អ។ លោក​ចង់​ឃើញ​ថា តម្លៃទឹ​ក​ភ្លើង និង​ម្ហូប​អាហារ​លើ​ទីផ្សារ គឺមាន​ចុះថ្លៃប​ន្ថែម​ទៀត ព្រោះតា​មស្ថាន​ភាព​ជាក់​ស្តែង តម្លៃ​ចាយ​វាយ​ទាំង​នេះ គឺនៅ​តែ​ខ្ពស់ បើប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង​។

លោកបាន​រៀប​រាប់​ថា​៖«អ្វីៗ​ក៏​ថ្លៃ​ដែរ​នៅក្នុង​ស្រុក​ខ្មែរ ដែល​នៅ​ស្រុក​គេ ភ្លើង ១ គីឡូ ២ រយ​រៀល ហើយ​ទឹក​គេ​​សឹង​តែចែក​ឱ្យ​ប្រើ​មិន​គិត​ថ្លៃ។ តែយើ​ង​វិញ គ្រាន់​តែថ្លៃដើ​ម​វិញ ៧ ទៅ ៨ រយ​រៀល​បាត់​ហើយ ហើយ​អ្នក​បង្កើន​តម្លៃ គឺជា​រឿង​មួយ គ្រាន់​តែ​បញ្ហា​ត្រង់​ថា តម្លៃ​ដើម​នោះ គឺវា​ថ្លៃ​បាត់​ទៅ​ហើយ​សម្រាប់​ពលរដ្ឋ​យើង។ អ៊ីចឹង​វាគួ​រតែ​ចុះជា​ង​ហ្នឹង បាន​ល្អ»។

តាម​ការ​បញ្ជាក់​របស់​រដ្ឋាករ​ទឹក​ស្វយ័ត ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​កន្លង​មក រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេ​ញក៏បានចូល​រួម សម្រាល​បន្ទុក​របស់​កម្មករ កម្មកា​រិធី និង​សិស្ស​និស្សិត​ប្រមាណ​ ១៦ ២០​០​ នាក់ ដោយ​ជួយ​បង់ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាតរយៈ​ពេល​ ៣​ ខែ ស្មើនឹង​ទឹកប្រាក់​ចំនួន ៦៣២ ៩៣២ ៧០០​ រៀល ដល់​មូល​ដ្ឋាន​ផ្ទះ​ជួលប្រមាណ ​៩៥៨ ​ទីតាំង ដែលក​ម្មករ កម្មកា​រិនី​ និង​សិស្ស​និស្សិត​ទាំង​នោះកំ​ពុង​ស្នាក់​នៅ ស្ថិត​ក្នុង​តំបន់​ក្រហម​នៃរាជ​ធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​៕

វីដេអូ៖