ភ្នំពេញៈ ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កូរ៉េ (KOICA) បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត ៧ លាន​ដុល្លារ​អាមេរិក ដល់សាកល​វិទ្យាល័យ​ភូមិ​ន្ទភ្នំពេ​ញ​ ដើម្បី​កសាង​សមត្ថ​ភាព​វិស្វកម្ម​បរិស្ថាន​ និង​ពង្រឹង​ធន​ធាន​មនុស្ស​កម្រិត​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌​មាន ​(KOICA) បាន​ឱ្យដឹង​ថា ពិធី​ចុះហត្ថលេ​ខា​លើកិច្ច​ព្រម​ព្រៀង​ផ្តល់​ហិរញ្ញ​ប្បទាន​ឥត​សំណង​ចំនួន ​៦,៩ លាន​ដុល្លារ​ របស់​គម្រោង​អភិវឌ្ឍន៍​វិស្វ​កម្ម​បរិស្ថាន​នៅ​សាកល​វិទ្យាល័យ​ភូមិ​ន្ទភ្នំពេញ ត្រូវ​បាន​ធ្វើឡើង​ពីចម្ងាយ​ នៅថ្ងៃទី​ ១៤ តុលា ឆ្នាំ ​២០២១ រវា​ង​លោក Rho Hyunjun​ ប្រធាន​តំណាង​ទីភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ និង​រដ្ឋម​ន្រ្តីក្រ​សួង​អប់រំ យុវជន និង​កីឡា​លោក ហង់ជួន ណារ៉ុន។

លោក​ Rho Hyunjun បាន​បង្ហាញ​ការ​រំពឹង​ទុក​ថា គ​ម្រោង​នេះ​ គឺជា​ផ្នែក​មួយ​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការ​បំពេញ​នូវ​ធនធាន​មនុស្ស​ផ្នែក​វិស្វកម្ម​ដើម្បីឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​។ លើស​ពីនេះ​ សម្រាប់​ឆ្នាំ ២០២១ (KOICA) មាន​ព្រឹត្តិកា​រ​ណ៍​សំខាន់ៗ​ជាមួយ​ក្រសួង​អប់រំ ​ចំនួន ​៣ ​លើក​រួច​មក​ហើយ​។

លោកបន្តថា​ លើក​ទី១ គឺកម្ម​វិធីចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ផ្តល់​ហិរញ្ញប្បទាន​លើគម្រោង​ការ​កសាង​សមត្ថ​ភាព ​ICT​ សម្រាប់​ការ​អប់រំ​នៅ​មធ្យ​ម​សិក្សា។ លើក​ទី២ កាល​ពី​ថ្ងៃទី​ ២ ខែ កញ្ញា ឆ្នាំ ២០២១ (KOICA )​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា​សាង​សង់​មជ្ឈមណ្ឌល​ជាតិ​ធុរ​កិច្ច​ថ្មី​នៅ​កម្ពុជា។

លោកបាន​បន្ត​ថា៖«លើក​ទី៣ នាថ្ងៃ​នេះ យើង​បាន​ចុះហត្ថលេ​ខា​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​វិស្វកម្ម​បរិស្ថាន​នៅ​សាកល​វិទ្យា​ល័យ​ភូមិ​ន្ទភ្នំពេញ​ដើម្បី​ពង្រឹង​ធនធាន​មនុស្ស​កម្រិត​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា​»។

​លោក ហង់ជួន ណារ៉ុន បា​ន​ថ្លែង​អំណរ​គុណ​ចំពោះក​យកា​ (KOICA) ​ដែល​បាន​បន្តគាំទ្រ​វិស័យ​អប់​រំនៅ​ប្រទេស​កម្ពុជា។​ លោក​ជឿជាក់​ថា ជំនួយ​នេះ​នឹង​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​ថ្មីមួយ​ទៀត​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

បើតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​(KOICA) តាម​រយៈគ​ម្រោង​នេះទី១ នឹង​គាំទ្រ​បង្កើត​កម្មវិធី​ថ្នាក់​បរិញ្ញា​បត្រ និង​អនុ​បណ្ឌិត​ផ្នែក​វិស្វកម្ម​បរិស្ថា​ន ទី២​ ពង្រឹង​សមត្ថភាព​ដល់​សាស្រ្តាចារ្យ​ចាប់​ពីថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត​នៅប្រទេស​កូរ៉េ ទី៣ ពង្រឹង​សមត្ថ​ភាព​បង្រៀន និង​ស្រាវ​ជ្រាវ​ដល់​សាស្រ្តាចារ្យ និង​និស្សិត និង​ទី៤ ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការគាំ​ទ្រហេដ្ឋារ​ចនា​សម្ព័ន្ធ​របស់​មហា​វិទ្យា​ល័យ រួមទាំង​គាំ​ទ្រ​ការ​បង្កើត​ថ្នាក់​រៀនវៃ​ឆ្លាត៕