ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​នឹង​រៀបចំ​បង្កើត​វេទិកា​សាធារណៈ​នៅតាម​ឃុំ-​សង្កាត់​ទាំង ៩៣ ​ដើម្បី​ចុះជួប​ប្រជាពលរដ្ឋ​តាម​បណ្តា​មូលដ្ឋាន ​ដោយ​មាន​វត្តមាន​មេប៉ុស្តិ៍​នីមួយៗ ​ដែល​លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ​ស្នងការ​នគរ​បាល​ខេត្ត​ អះអាងថា​ វេទិកា​នេះ ​នឹង​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​រាយការណ៍​ពី​ភាពខ្វះ​ចន្លោះ​របស់​សមត្ថកិច្ច​ដែន​ដី។

ការបង្កើត​វេទិកា​នេះ ​បានធ្វើ​ឡើង​បន្ទាប់ពី​ លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ប្រកាស​ក្នុង​ពិធី​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​កំពត​ថ្មី ​កាលពី​ថ្ងៃទី ១៣ ​ខែតុលា ​ដោយ​បង្កើត​គំនិត​ផ្តួចផ្តើម​ឱ្យមាន​ការផ្តល់​សេវា​សារធារណៈ​នានា ​ក៏ដូចជា​ការដោះ​ស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​ចូលទៅ​ក្នុង​ការប្រឡង​ប្រណាំង​ការអនុវត្ត​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ​ឱ្យបាន​មុន​ការបោះ​ឆ្នោត​ឃុំ ​សង្កាត់​នា​ពេល​ខាង​មុខ។

លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ​ស្នងការ​នគរបាល​ខេត្ត​កំពត ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ ​តុលា ​ថា ​បណ្តា​ឃុំ​សង្កាត់​ទាំង​៩៣ ​នឹង​ត្រូវ​បង្កើត​វេទិកា​សាធារណៈ ​ដើម្បី​ស្វែងរក​បញ្ហា​ផ្សេងៗ​និង​ផ្តល់​ដំណោះស្រាយ​ជូន​ប្រជាពល​រដ្ឋ​ ដោយ​ធ្វើយ៉ាង​ណា​ឱ្យ​គោល​នយោបាយ​ភូមិ​ ឃុំ ​មាន​សុវត្ថិភាព​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​ស្នងការក៏បាន​អះអាង​ដែរ​ថា ​គ្រប់​មេប៉ុស្តិ៍​ទាំងអស់​នៅតាម​មូលដ្ឋាន ​នឹង​ត្រូវ​មាន​វត្តមាន​ចូលរួម​ក្នុង​វេទិការ​នេះ ​ដើម្បី​ឆ្លើយ​តតាំង​ជាមួយ​ពលរដ្ឋ​របស់​ខ្លួន ​នូវ​ភាព​អសកម្ម ​ឬ​បញ្ហា​មួយចំនួន ​ដែល​ត្រូវបាន​លាក់​បាំង​នៅក្នុង​មូលដ្ឋាន ​ដូចជា​ល្បែង​ស៊ីសង ​អំពើ​ពុក​រលួយ​ជាដើម។

លោក​បញ្ជាក់ថា​៖«ខ្ញុំ​នឹង​ចុះ​ធ្វើ​វេទិកា​នេះ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ​រួមនឹង​ជំនាញ​ពាក់ពន្ធ័​ផ្សេងៗ​ទៀត។ ក្នុង​ករណី​លោក​មេប៉ុស្តិ៍​មិន​អាច​យក​បេះដូង​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​អស់​លោក​បាន​នោះ​ទេ ​ស្មើ​នឹង​គ្មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ។ អ៊ីចឹង​ដំណោះ​ស្រាយ​ត្រូវ​យក​អ្នក​ផ្សេង​មក​ជំនួស»។

លោក​ស្នងការ​លើកឡើង​ទៀត​ថា ​លោក​កំពុង​ពិចារណា​ដាក់​ពេល​ជាក់​លាក់​ ដើម្បី​ចុះ​ទៅ​កាន់​​មូលដ្ឋាន​ណា​មួយ​មុន​គេ ​ក្នុង​ចំណោម​ក្រុង ​ស្រុក​ទាំង៩ ​ដែល​មាន​សេចក្តី​រាយការណ៍​មកថា ​កើត​មាន​បទ​ល្មើស​ និង​មាន​ភាព​អសកម្ម​ច្រើន​ជាង​គេ។

លោក​ប៉ិច ពិសី ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការផ្តល់​សេវា​សាធារណៈ​នៅតាម​មូលដ្ឋាន ​មាន​លក្ខណៈ​ល្អប្រសើរ ​និង​ចៀសផុត​ពី​ភាព​អសកម្ម​របស់់​មន្ត្រី។

ទន្ទឹម​នឹង​ការសាទរ​នេះ ​លោក​ក៏ចង់​ឃើញ​យន្តការ​នេះ​ ត្រូវបាន​ដាក់ចេញ ​និង​អនុវត្ត​ឱ្យ​មាន​លក្ខណៈ​ជាប្រព័ន្ធ​ជាក់លាក់​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។ មិនមែន​ធ្វើឡើង​តែ​មួយ​ឆាវ​នៅ​ពេល​មាន​បញ្ហា​ផ្ទុះ​ឡើង​នោះ​ទេ ​ហើយ​នៅពេល​ស្ថានភាព​ស្ងាប់​ស្ងាត់ ​បញ្ហា​ក៏​នៅតែ​ដដែល។

លោក​បញ្ជាក់ថា​៖ «នៅ​ក្នុង​វេទិកា​នេះ​ខ្ញុំ​គិតថា​ពលករដ្ឋ​អាច​លើក​បញ្ហា​ចំៗ ​ហើយ​ក៏មាន​ការជជែក​គ្នា​ពី​ភាពអសកម្ម​ផ្សេងៗ​របស់​មន្ត្រី​មូលដ្ឋាន។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បារម្ភ ​បើ​យើង​មិន​ប្រយ័ត្ន​ទេ​ វា​ទៅ​វេទិកា​ដែល​អាចបង្ក​ឱ្យ​មាន​ការបាក់​មុខ​ ហើយ​ជួន​កាល ​ក៏មាន​ការខឹង​សម្បា​ណាមួយ ​ដែល​យើង​មិនបាន​ស្តាប់​អង្គហេតុ​ឱ្យជាក់​លាក់​ទេ ​វា​អាច​មាន​ការវិនិឆ្ឆ័យ​ខុស»។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​លោក ​ប៉ិច ពិសី ​ស្នើឱ្យ​ថ្នាក់​ដឹកនាំ ​ក្រៅពី​បង្កើត​វេទិកា​នេះ​ជាអចិន្ត្រៃយ៍​ហើយ ​គួរតែ​បង្កើត​យន្តការ​នៃ​ការត្រួត​ពិនិត្យ​តាម​ពេល​កំណត់​ជាក់លាក់ ​ទៅលើ​មន្ត្រី​មូលដ្ឋាន​ទាំងនោះ​បន្ថែម​ទៀត ​ទៅតាម​សកម្មភាព​របស់​ពួកគេ ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ឱ្យមាន​សុក្រឹត​ភាព។

កាលពី​ថ្ងៃទី១៣ ​តុលា ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង ​បានថ្លែងថា ​ការប្រឡង​ប្រណាំង​ការអនុវត្ត​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ​គឺ​ក្នុង​គោល​បំណង​ដើម្បី​កាត់បន្ថយ​ជាអតិបរមា ​ក៏ដូចជា​លុប​បំបាត់​នូវ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន ​ទាក់​ទង​ទៅនឹង​ទំនាស់​ដែល​រសើប​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

លោក​ប្រាប់​ឱ្យ​មន្ត្រី​ទាំងអស់​ត្រូវតែ​ប្រមូល​បញ្ហា​របស់​ប្រជាពលរដ្ឋ ​ដែល​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ដើម្បី​ធ្វើការ​ដោះស្រាយ​កុំឱ្យ​បញ្ហា​ទាំងនោះ​កាន់តែ​ច្រើន​ទៅៗ ខណៈ​លទ្ធភាព​នៃ​ការរៀបចំ​ការប្រឡង​ប្រណាំង​ អាចនឹង​អនុវត្ត​បានមុន​ការបោះឆ្នោត​ឃុំ ​សង្កាត់ ​នៅ​ថ្ងៃទី ៥ ​ខែ មិថុនា ​ឆ្នាំ ២០២២ ​ខាង​មុខ៕