
គ្រាប់ំមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមន្ត្រីជំនាញដោះបាននៅខេត្តពោធិ៍សាត់កាលពីខែកញ្ញា ឆ្នាំនេះ។ រូបថត Heng Ratana page
ភ្នំពេញៈ ចាប់ពីខែមករា ឆ្នាំ ១៩៧៩ ដល់ខែកញ្ញា ឆ្នាំ ២០២១ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួនជាង ៦ ម៉ឺននាក់ ក្នុងនោះមានជនរងគ្រោះដោយសារមីនជាង ៥ ម៉ឺននាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.) ជាង ១ ម៉ឺននាក់ និងបានបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ជិត ២ ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរមីន។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីនដែលភ្នំពេញទទួលបានកាលពីថ្ងៃទី ១៤ តុលា បានបញ្ជាក់ថាចាប់ពីខែមករា ឆ្នាំ ១៩៧៩ ដល់ខែកញ្ញា ឆ្នាំ ២០២១ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៤ ៩៥៤ នាក់។
ក្នុងនោះរួមមានជនរងគ្រោះដោយសារមីន ៥១ ១៤៥ នាក់ (៧៩%) និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.) ១៣ ៨០៩ នាក់ (២១%)។ ជនរងគ្រោះស្លាប់មានចំនួន ១៩ ៨០៧ នាក់ (៣០%) របួស ៣៦ ០៨០ នាក់(៥៦%)និងពិការអវយវៈ ៩ ០៦៧ នាក់ (១៤%)។ ក្នុងចំណោមនោះមានជនរងគ្រោះជាបុរស ៥២ ៦១៩ នាក់ (៨១%) ក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំ ៦ ០៨៧ នាក់ (៩%) ស្ត្រី ៤ ៧៩២ នាក់ (៨%) ក្មេងស្រីអាយុក្រោម ១៨ ឆ្នាំ ១ ៣៩៣ នាក់ (២%) និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ៦៣ នាក់ (0%)។
ចំណែកតួលេខជនរងគ្រោះ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ មានឧប្បត្តិហេតុគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ២៨ លើក ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសសរុបចំនួន ៣៤ នាក់។ តួលេខជនរងគ្រោះនេះបានថយចុះ ៣៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលមានជនរងគ្រោះ ៥៥ នាក់។
ក្នុងចំណោមជនរងគ្រោះចំនួន ៣៤ នាក់ រួមមានជនរងគ្រោះដោយសារមីន ១៩ នាក់ និងដោយសារ ស.ផ.ស ១៥ នាក់។ ជនរងគ្រោះស្លាប់ ១០ នាក់ របួស ១៨ នាក់ និងពិការអវយវៈ ៦ នាក់។ ជនរងគ្រោះជាបុរស ២៩ នាក់ ជាក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំ ៤ នាក់ និងជាស្រ្តី ១ នាក់។
អាជ្ញាធរមីនឱ្យដឹងថា រយៈពេល ៩ ខែ ឆ្នាំ ២០២១ ក្រុមការងារប្រព័ន្ធព័ត៌មានជនរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (CMVIS) បានផ្តល់សារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៣ ១២៤ នាក់ និងបានផ្តល់ព័ត៌មានពីទីតាំងគ្រាប់នៅតាមមូលដ្ឋានបានចំនួន ៨៩ គ្រាប់ទៅប្រតិបត្តិករសកម្មភាពមីន ដើម្បីយកចេញនិងកម្ទេចចោលបានទាន់ពេលវេលានិងចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងថា ក្នុងឆ្នាំ ២០២០ វិស័យសកម្មភាពមីននៅកម្ពុជាបានឈានដល់ចំណុចរបត់មួយបញ្ចប់នៃផែនការអនុវត្ត ៣ ឆ្នាំពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២០ ក្នុងពេលជាមួយគ្នាដែលប្រទេសកម្ពុជាកំពុងរងគ្រោះដោយជំងឺរាតត្បាតសកលកូវីដ ១៩ និងបានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកបន្តថា ទោះបីយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការដោះស្រាយ និងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីលុបបំបាត់ផលប៉ះពាល់នៃជំងឺកូវីដ ១៩ ដោយពង្រឹងសមត្ថភាពសុខាភិបាលថ្នាក់ជាតិ និងផ្តល់កញ្ចប់ថវិកាជំរុញវិស័យសេដ្ឋកិច្ចជាតិ និងកិច្ចគាំពារសង្គមជួយដល់គ្រួសារក្រីក្រនិងអាជីវកម្មក្នុងស្រុក ដើម្បីធានាស្ថិរភាព និងភាពរឹងមាំនៃសង្គមកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលលោក លី ធុជ ក៏បានថ្លែងអំណរគុណ ដល់ប្រទេសជាមិត្ត និងសហគមន៍ម្ចាស់ជំនួយ រួមមានសហរដ្ឋអាមេរិក ជប៉ុន ចិនអង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ កាណាដា ស៊្វីស ន័រវែស ឥណ្ឌា បារាំង អៀរឡង់ បែលហ្ស៊ិក អូទ្រីស អេស្ប៉ាញ ស៊ុយអែត ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជន ដែលតែងតែគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីន ដើម្បីអភិវឌ្ឍនិងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងចូលរួមកម្ទេចគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ ២០២៥ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។
លោកបញ្ជាក់ថា៖ «ការចូលរួមដ៏សប្បុរសនេះ គឺជាការបង្ហាញនូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ដែលបានមកពីការរួមចំណែកក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរចំពោះសុខសុវត្ថិភាពសន្តិសុខ និងការរស់នៅរបស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ និងកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយមីន»៕