ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​ធម្មការ​និង​សាសនា ​លោក ​ឈិត សុខុន ​មិន​អនុញ្ញាត​ឱ្យ​មាន​ការផ្សព្វ​ផ្សាយ​កម្មវិធី​បុណ្យ ​ដង្ហែ​តាម​ដងផ្លូវ ​ឬ​ជុំវិញ​ព្រះវិហារ ​ក្នុង​បុណ្យ​កឋិនទាន ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២២ ​ខែតុលា ​ដល់​ថ្ងៃទី ១៩​ ខែវិច្ឆិកា​ ឆ្នាំ ២០២១​ ខាងមុខ​នេះ ​គឺ​គ្រាន់តែ​វេរ​ប្រគេន​ត្រៃចីវរ​ ជាកិច្ច​សម្រេច​បុណ្យ​តែ​ប៉ុណ្ណោះ។

លោក ​ឈិត សុខុន ​បាន​ចេញ​សេចក្តីណែនាំ​មួយ ​នា​ថ្ងៃទី ១៤ ​ខែតុលា ​ពី​ការៀប​ចំនូវ​ពិធីបុណ្យ​កឋិនទាន ​ស្រប​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា។ ប៉ុន្តែ​ត្រូវ​ចូលរួម​បដិបត្តិ​តាម​សេចក្តីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​ ក្រសួង​សុខាភិបាល ​និង​អាជ្ញាធរ​ដែនដី ​តាម​សភាព​ជាក់ស្តែង​នៃ​ទីកន្លែង​នីមួយៗ ​ក្នុង​ការអនុវត្ត​វិធានការ​ចាំបាច់​នានា ​សំដៅ​កាត់ផ្តាច់ ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​នៅ​ទូទាំង​ប្រទេស។

បុណ្យ​កឋិនទាន ​ជាកាលទាន​មួយ​ដ៏ថ្លៃថ្លា​ក្នុង​ព្រះពុទ្ធសាសនា ​មាន​ផលានិសង្ស​ខ្ពស់ ​ទាំង​ទាយក ​ទាយិកា​ និង​បដិគ្គាហក​ ជាទី​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ តែងតែ​ប្រារព្ធ​ធ្វើឡើង ​រៀងរាល់​ឆ្នាំ ​មាន​រយ:ពេល​កំណត់​តែ ២៩ ថ្ងៃ​ ដោយ​វត្ត​នីមួយៗ​ទទួល​អង្គកឋិន​បាន​តែ ១ លើក​ប៉ុណ្ណោះ។

លោក​រដ្ឋមន្រ្តី​បាន​ធ្វើ​ការណែនាំ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់​បង្ក​លក្ខណៈ​ឱ្យ​បាន​ល្អប្រសើរ ​ប្រគេន​ព្រះសង្ឃ ​ជូន​ពុទ្ធបរិស័ទ ​ប្រារព្ធ​ពិធីបុណ្យ ​កឋិនទាន​ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ​ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​នានា​របស់​ក្រសួង​សុខាភិបាល ​និង​វិធានការ​ ៣ ការពារ ​៣ កុំ។

លោក​ឈិត សុខុន ​លើកឡើងថា​៖ «ហាម​ផ្សព្វផ្សាយ​កម្មវិធីបុណ្យ ​ដង្ហែ​តាម​ដងផ្លូវ ​ឬ​ជុំវិញ​ព្រះវិហារ ​ដោយ​គ្រាន់តែ​វេរ​ប្រគេន​ត្រៃចីវរ ​ជាកិច្ច​សម្រេច​បុណ្យ។ សូម​សម្តេច​ព្រះសង្ឃ​នាយក​ទាំង ២​គណៈ ​និង​ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​រាជធានី​-ខេត្ត ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​សេចក្តី​ណែនាំ​នេះ ​ឱ្យបាន​សម្រេច ​លទ្ធ​ផល​ល្អ​ប្រសើរ»៕

វីដេអូ៖