ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើឱ្យ​អភិបាល​រាជធានី-ខេត្ត គិតគូរ​ជាមុន​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដោយ​បើក​ឱកាស​ឱ្យ​យុវជន​ ដែល​មាន​សមត្ថភាព ចូលរួម​អនុវត្ដ​នូវ​គោលនយោបាយ កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្ទេរអំណាច ធនធានមនុស្ស និង​ធនធាន​ថវិកា​ទៅ​ថ្នាក់ក្រោម​ជាតិ​ឱ្យបាន​ជោគជ័យ​។

ជា​អធិបតីភាព​នៃ​ពិធី​ប្រកាស​ចូលកាន់​តំណែង លោក ជាវ តាវ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃទី​ ១៤ ​ខែ​តុលា លោក ស ខេង បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​អនុវត្ដ​នូវ​កម្មវិធី​គោលនយោបាយ​ជាតិ កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​បាន ១០ ​ឆ្នាំ​ហើយ​ផ្អែក​ទៅតាម​កម្មវិធី​ជាតិ​លើក​ទី​ ១ ដែល​បាន​អនុវត្ដ​ក្នុង​កំណែទម្រង់​នេះ​។ រាជរដ្ឋាភិបាល​ត្រូវ​ធ្វើ​កម្មវិធី​ជាតិ​នេះ ១០ ឆ្នាំ​បន្តទៀត​ដែល​នៅ​ចុងឆ្នាំ​ ២០២១ នេះ នឹង​សម្រេច​នូវ​បញ្ហា​នេះ​ឱ្យបាន​សម្រេច​នូវ​កម្មវិធី​ជាតិ​រយៈពេល ១០ ឆ្នាំ​លើក​ទី​២ ឆ្នាំ​ ២០២១-២០៣០ ដែល​ពេលនោះ​នឹង​ប្រមូលផ្ដុំ​ទាក់ទង​នឹង​ការផ្ទេរអំណាច ទាំង​ធនធាន​មនុស្ស និង​ធនធាន​ថវិកា​។

លោក​បានស្នើ​ដល់​រដ្ឋបាល​រាជធានី-ខេត្ដ ក៏​ដូចជា​រដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ ឃុំ សង្កាត់ ចាំបាច់​ត្រូវខិតខំ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ចូលរួម​ក្នុង​ការអនុវត្ដ​នូវ​នយោបាយ​កំណែទម្រង់​ដ៏មាន​សារៈសំខាន់​នេះ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុងនោះ​ខ្ញុំ​ចង់​បញ្ជាក់​បញ្ហា​មួយ​ ជាពិសេស​ទាក់ទង​នឹង​ការកសាង​ធនធានមនុស្ស​។ វិមជ្ឈការ និង​វិសហមជ្ឈការ​វា​ទាមទារ​ឱ្យ​រៀបចំ​នូវ​ធនធាន​មនុស្ស ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ មាន​បទពិសោធ​គ្រប់​គ្រាន់​បើ​មិន​ដូច្នោះ​ទេ គឺ​អំណាច​ចេះតែ​ផ្ទេរ​មក​ធនធាន​ចេះតែ​ផ្ទេរ​មក ប៉ុន្ដែ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​របស់​យើង​អនុវត្ដ​មិនបាន នោះ​គឺជា​បរាជ័យ​។ អាច​និយាយថា បរាជ័យ​ហើយ​វា​នាំឱ្យ​កំណែទម្រង់​ទាំងមូល​មាន​បញ្ហា​ប្រឈម ឬ​ឧបសគ្គ​យ៉ាងធ្ងន់ធ្ងរ​»​។

លោក​បន្តថា​៖ «​បញ្ហា​ត្រង់​ថា ទម្រាំ​នឹង​យើង​ស្វែងរក​ការឯកភាព​គ្នា ស្រុះស្រួល​គ្នា​ ដើម្បី​ធ្វើការ​កែទម្រង់​នេះ វា​មិនមែន​ជា​រឿង​សាមញ្ញ​ទេ ពីព្រោះ​ដែល​ហៅថា កែ​ទៅ​វា​ប៉ះ វា​ប៉ះ​អី​លើ វា​ប៉ះ​អី​ក្រោម​។ អ៊ីចឹង​ពេលដែល​យើង​រកបាន​ការស្រុះស្រួល​គ្នា​ហើយ​នោះ​យើង​មិនត្រូវ​ខ្ជីខ្ជា​ទេ យើង​មិនត្រូវ​ធ្វេសប្រហែស​ទេ ត្រូវតែ​អនុវត្ដ​នូវ​សិទ្ធិអំណាច តួនាទី ដែល​ថ្នាក់ជាតិ​បានប្រគល់​មកនេះ​ឱ្យបាន​ល្អ​។ អ៊ីចឹង​ទេ វា​ចាំបាច់​ត្រូវមាន​ធនធានមនុស្ស​»​។

លោក ស ខេង បាន​រំឭកថា កាលពីពេល​បោះឆ្នោត​ឆ្នាំ​ ២០០២ គឺ​ពិបាក​រក​ធនធាន​មនុស្ស​ណាស់​។ ក្នុងនោះ​បើ​បោះឆ្នោត​ឃុំ​ពិបាក​រក​អ្នក​ដែល​រៀន​ចប់​បឋមសិក្សា​ទៅ​ឈរឈ្មោះ​ជា​មេឃុំ​ណាស់ ព្រោះ​គ្មាន​អ្នក​បាន​រៀន​ចប់ ប៉ុន្ដែ​មកដល់​ឥឡូវនេះ​មិន​ខ្វះ​ទេ​សម្រាប់​អ្នក​ឈរឈ្មោះ​នៅ​ថ្នាក់ឃុំ​។

លោក​ថ្លែងថា​៖ «​អ្នក​ដែល​ជាប់​មធ្យមសិក្សា ជាប់​ឌីប្លូម ឬ​ជាប់​បាក់ឌុប មិន​ពិបាក​ទេ​ក្នុង​កម្រិត​នេះ​។ យ៉ាងណាមិញ អភិបាល ឬក៏​អភិបាលរង ក្រុមប្រឹក្សា​នៅ​ក្រុង ស្រុក ខណ្ឌ និង​ខេត្ដ ក៏​ដូចគ្នា​ដែរ ចាំបាច់​យើង​ត្រូវ​រៀបចំ​អ្នក​ដែលមាន​សមត្ថភាព មាន​លទ្ធភាព​ក្នុង​ការចាត់ចែង​ការងារ​តាម​ការប្រគល់​ភារកិច្ច​»​។

លោក ស ខេង ថ្លែងថា​៖ «​មាន​ខេត្ដ​ខ្លះ​ដែល​ខ្ញុំ​បានដឹង គឺ​គេ​បាន​គិតគូរ​ពី​ចម្ងាយ ហើយ​គេ​បាន​បញ្ជូន មន្ដ្រី​ជា​យុវជន ដែល​បាន​រៀនសូត្រ​ចប់​បរិញ្ញាបត្រ ចុះទៅ​ធ្វើការ​នៅ​មូលដ្ឋាន ចុះ​ទៅ​ធ្វើការ​នៅ​ថ្នាក់ស្រុក នៅ​តាម​ការិយាល័យ​ថ្នាក់ស្រុក​មួយរយៈ ក្រោយមក​គេ​ស្រង់​អ្នក​ហ្នឹង​ត្រឡប់មកវិញ ដើម្បី​តែងតាំង​ជា​អភិបាលរង​ស្រុក អភិបាលស្រុក​រហូតដល់​មក​ធ្វើ​អភិបាលរង​ខេត្ដ អភិបាលខេត្ដ​មាន​មួយចំនួន​»​។

នេះ​បានន័យថា រដ្ឋបាល​រាជធានី ខេត្ដ បាន​គិតពី​ចម្ងាយ ដើម្បី​កុំឱ្យ​ខ្វះ​ប្រភព​ធនធាន​មនុស្ស​នេះ​។ បច្ចុប្បន្ន ការគ្រប់គ្រង ការចាត់ចែង​មន្ដ្រី គឺ​មន្ដ្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រះរាជក្រឹត្យ​បាន​ទម្លាក់​ឱ្យ​រដ្ឋបាល​ខេត្ដ​ទទួលខុស​ត្រូវ ដូច្នេះ​តោង​យកចិត្ដ​ទុកដាក់ គិតគូរ បញ្ហា​នេះ ចៀសវាង​ថា​ដល់ពេល​ទៅរក​មនុស្ស ដើម្បី​នឹងដាក់​ធ្វើជា​តំណែង​នេះ តំណែង​នោះ​នៅ​ថ្នាក់ស្រុក​ក្ដី នៅ​ថ្នាក់​ខេត្ដ​ក្ដី​ពិបាក​រក ដោយហេតុថា មិនបាន​គិតទុក​ជាមុន​។

លោក ស ខេង ថ្លែងថា​៖ «​មាន​ខេត្ដ​ខ្លះ​គេ​ធ្វើ​បាន​ល្អ​បញ្ហា​នេះ ខេត្ដ​ខ្លះ​ក៏​នៅមាន​បញ្ហា​។ អ៊ីចឹង​ហើយ សូម​ស្នើ​រាជធានី ខេត្ដ​ទាំងអស់ សូម​មើល​បញ្ហា​នេះ​ផង ពីព្រោះ​វា​ទាក់ទង​នឹង​ជោគវាសនា​អនាគត​ប្រទេសជាតិ​របស់​យើង ហើយក៏​ជាការ​បើកឱកាស​ឱ្យ​ក្មួយៗ ប្អូនៗ ដែល​គ្នា​បាន​សិក្សា​រៀនសូត្រ ទម្រាំ​បាន​ចប់ បាន​សញ្ញាបត្រ​។ ឧទាហរណ៍​ថា បរិញ្ញាបត្រ តើ​ត្រូវការ​ប៉ុន្មាន​ឆ្នាំ ឬមួយ​ក៏ អនុបណ្ឌិត បណ្ឌិត តើ​ត្រូវការ​ចំណាយពេល​ប៉ុន្មាន​។ អ៊ីចឹង​ហើយ គឺ​យើង​បើកចំហ​ដូច្នេះ ដើម្បី​ឱ្យ​យុវជន​របស់​យើង​នេះ គឺ​ចូលមក​ប្រឡូក​ក្នុង​កិច្ចការរដ្ឋបាល ទោះបី​ថា​នៅ​ស្រុក ក្រុង ក្ដី នៅ​ខេត្ដ រាជធានី ក្ដី​»​។

លោក​បាន​លើកឡើងថា ធនធាន​មនុស្ស​របស់​កម្ពុជា អាច​មិនទាន់​សម្បូរហូរហៀរ​ដូច​ប្រទេស​គេ​ដែល​អត់​មាន​សង្គ្រាម​។ ប៉ុន្ដែ​មកដល់​ពេលនេះ ធនធាន​មនុស្ស​របស់​កម្ពុជា គឺ​មិន​ខ្វះ​ទេ បើសិនណា​ខ្វះ គឺ​ខ្វះ​ដោយសារ​អត់​បានគិត​អត់​បាន​យក​ចិត្ដ​ទុកដាក់​ពី​ចម្ងាយ​។ បើ​យកចិត្ត​ទុកដាក់​ពង្រាយ​ពី​ឥឡូវ​ទៅ​យ៉ាងយូរ ២ ​ឆ្នាំទៅ ៥ ​ឆ្នាំ​ទៀត កម្ពុជា​នឹង​ប្រមូលផល​បាន​មកវិញហើយ​។ បានន័យថា​ប្រភព​ធនធាន​មនុស្ស គឺមាន​តែម្ដង​ហើយ​មាន​ទាំង​បទពិសោធ​។

លោក​ថា​៖ «​តួយ៉ាង​ដូចជា​ក្រុមប្រឹក្សា ពីព្រោះ​ក្រុមប្រឹក្សា​ថ្នាក់ស្រុក​ក្ដី មិនមែន​ចេះតែ​ថា​នៅមាន​សុខភាព​ហើយ យើង​ដាក់​ចោល​អ៊ីចឹង​ទេ ព្រោះ​គាត់​​ (​ក្រុមប្រឹក្សា​) ​ជា​មនុស្ស​ដែលមាន​ទស្សនទាន មនុស្ស​ដែល​ចេះ​វិភាគ ពិចារណា​បញ្ហា​»​។

លោក​បន្ថែមថា​៖ «​ដូច្នេះ​តោង ដើម្បី​ពិនិត្យ​សម្រេច​ទៅលើ​ដីកា​ទៅលើ​ផែនការ​វិនិយោគ​ ៣ ​ឆ្នាំ​រំកិល ទៅលើ​ផែនការ​អភិវឌ្ឍ​ ៥ ​ឆ្នាំ ឬក៏​ទៅលើ​បញ្ហា​ដទៃទៀត ដែល​ត្រូវតែ​រក​មនុស្ស​ដែលមាន​ការយល់ដឹង ដើម្បី​រួមគ្នា​សម្រេច​បញ្ហា​ទាំង​ក្នុង​ជួរ​គណៈ​អភិបាល​ទាំង​ក្នុង​ជួរ​ក្រុមប្រឹក្សា​នៅ​ថ្នាក់​ខេត្ត រាជធានី ក៏ដូចជា ក្រុង ស្រុក ខណ្ឌ ហើយ​និង​ឃុំ​ថែម​ទៀតផង​។ អ្នក​ដែល​ឈរឈ្មោះ តោង​ថា​រក​អ្នក​ដែលមាន​ឥទ្ធិពល​ផង ហើយ​អ្នក​ដែលមាន​សមត្ថភាព​ផង​។ នេះ​ជា​បញ្ហា​ដ៏សំខាន់ ជា​យុទ្ធសាស្ដ្រ​របស់​យើង​»​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​ដោយ​សង្កេតឃើញថា ការដឹកនាំ និង​ការផ្ដល់សេវា​របស់​មន្ដ្រី​នៅ​ថ្នាក់ក្រោម​ជាតិ​នៅមាន​ការខ្វះខាត​នូវ​ធនធានមនុស្ស​ធ្វើ​កិច្ចការងារ​បច្ចេកទេស​។

លោក​បន្តថា​៖ «​យើង​ឃើញថា ជួនកាល មេឃុំ មេភូមិ គាត់​ជា​អ្នកមាន​បទពិសោធ​អាច​ធ្វើការ​ដឹកនាំ​ភូមិ ឃុំ​នោះ​យូរហើយ ប៉ុន្ដែ​គាត់​អត់​សូវ​មាន​បច្ចេកទេស ឬមួយ​ក៏​របៀបរបប​ក្នុងការ​ចាត់ចែង​ការងារ​តាមបែប​ថ្មី​ទេ​។ ឥឡូវ​យើង​មាន​សិស្ស និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ បរិញ្ញាបត្រ បរិញ្ញាបត្ររង អ្នកខ្លះ ដល់​បណ្ឌិត​ទៀត​ជាច្រើន ដែល​គួរផ្ដល់​ឱកាស​ដល់​ពួកគាត់​បាន​ចូល​ដឹកនាំ​ឃុំ សង្កាត់​យើង​ដែរ​»​។ «​ក្នុង​បរិបទ​ថ្មី​ដែល​រាជរដ្ឋាភិបាល កំពុង​រៀបចំ​រាជរដ្ឋាភិបាល​ទៅជា​រដ្ឋាភិបាល​ឌីជីថល​នេះ គឺ​ត្រូវការ​អ្នក​ដែលមាន​សមត្ថភាព ចេះដឹង​បច្ចេកទេស​ថ្មី​ច្រើន​ដើម្បី​បម្រើ​ការងាររដ្ឋបាល​សាធារណៈ​»៕