ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ផ្ដួចផ្ដើម​គំនិត​ឱ្យ​សហការី​សិក្សា​រៀបចំ​ការប្រឡង​ប្រណាំង​ការអនុវត្ដ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​បណ្ដា​ខេត្ដ ដោយ​ក្នុងនោះ​ផ្ដោត​សំខាន់​លើ​ការផ្ដល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ ដូចជា​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម​។

លោក ស ខេង ថ្លែង​បែបនេះ​ពេល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​លោក ម៉ៅ ធនិន ជា​អភិបាល​នៃ​គណៈអភិបាលខេត្ត​កំពត​នៅ​ថ្ងៃទី​ ១៣ ​ខែតុលា​ឆ្នាំ​ ២០២១​។

លោក​បាន​ចាត់ទុក​ការអនុវត្ដ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​បាន​ល្អ គឺជា​ការត្រឹមត្រូវ ព្រោះនេះ​ជា​នយោបាយ​មួយ​ដែល​សំដៅ​ដល់​ការពង្រឹង​​សុខសន្ដិភាព​នៅតាម​មូលដ្ឋាន​។ លោក​​ថា ប្រសិនបើ​គ្រប់​ឃុំ គ្រប់​ភូមិ មាន​សន្ដិសុខ សណ្ដាប់ធ្នាប់​ល្អ​នោះ​ទូទាំង​ខេត្ដ​ក៏​ល្អ​ដែរ​។

ជាមួយ​គ្នា​នេះ​លោក ស ខេង បាន​អបអរសាទរ​ចំពោះ​លោក ជាវ តាយ ដែល​បាន​អនុវត្ដ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​ល្អ​ក្នុង​ពេល​លោក​ធ្វើ​​ជា​អភិបាលខេត្ដ​កំពត ដោយ​គ្មាន​ឃុំ​ណាមួយ​ដែល​មិនបាន​ចំណាត់ថ្នាក់​ទេ​។

លោក​ថ្លែងថា កន្លងទៅ​ក្នុង​ការបូកសរុប​ស្នាដៃ​ ដើម្បី​ប្រឡងប្រណាំង​ការអនុវត្ដ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព មាន​ចំណាត់ថ្នាក់​លេខ​ ១ លេខ​ ២ លេខ​ ៣ និង​អត់​មាន​លេខ ហើយ​បើតាម​ការបញ្ជាក់​ពី​លោក ជាវ តាយ ថា ខេត្ដ​កំពត គ្មាន​ភូមិ ឃុំ ណា មិន​ជាប់​លេខ​ទេ គឺ​មាន​លេខ​ទាំងអស់ ពិសេស​លេខ​ ១ លេខ​ ២ ដែល​នេះ​ជា​ការល្អប្រសើរ និង​ជា​វិធានការ​មួយ​ដែល​ត្រឹមត្រូវ​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើថា ធ្វើ​ម៉េច​យើង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ហើយ​ធ្វើ​ម៉េច​ឱ្យមាន​ការគាំទ្រ និង​ចូលរួម​ពី​ប្រជាពលរដ្ឋ​នោះ​សំខាន់​ណាស់​យើង​ពិតជា​ទទួលបាន​ជោគជ័យ​។ កុំ​ពឹងផ្អែក​តែ​ទៅលើ ប៉ូលិស ឬ​កងរាជ​អាវុធហត្ថ ការពិតហើយ ប៉ូលិស កងរាជអាវុធហត្ថ នគរបាលជាតិ ត្រូវតែ​ដើរតួ​សំខាន់​រឿង​ហ្នឹង ក៏ប៉ុន្ដែ​ក៏មាន​តួអង្គ​ផ្សេងទៀត​ក៏​​ត្រូវតែ​ចូលរួម​គាំទ្រ និង​អនុវត្ដ​ដែរ រាប់ទាំង​ប្រជាពលរដ្ឋ មន្ដ្រីរាជការ ឬក៏​សមត្ថកិច្ច​ផ្សេងៗ​ទៀត​»​។

លោក ស ខេង បញ្ជាក់ថា​៖ «​ក្នុងន័យនេះ ខ្ញុំ​ក៏​ចង់​ផ្ដួច​ផ្ដើមគំនិត​មួយ អាច​ថា​​យើង​យក​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​នេះ ដាក់​ជា​ការ​ប្រឡង​ប្រណាំង ពីព្រោះ​នៅក្នុង​នឹង​ខ្លឹមសារ​វា​ក្ដោប​ទាំងអស់​គ្រប់​បញ្ហា មិនមែន​តែ​រឿង​សន្ដិសុខ​ទេ​។ សេវា​ដែល​ផ្ដល់ជូន​ប្រជាពលរដ្ឋ​នឹង​មិនមែន​ពាក់ព័ន្ធ គ្រាន់តែ​ថា សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ​អី​ប៉ុណ្ណឹង​ទេ គឺមាន​ទាំង​លេខ​ម៉ូតូ លេខ​ឡាន និង​ក្រដាស​ស្នាម​ផ្សេងៗ​ទៀត​។ និយាយ​រួម គឺ​ក្រសួង​ទាំងអស់​សុទ្ធតែ​ពាក់ព័ន្ធ សេវា​ទាំងឡាយ​ដែល​បម្រើ​ប្រជាពលរដ្ឋ​»​។

លោក​បាន​លើកឡើង​ថា ក្នុង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ចំណុច​ទី​៧ បាន​កំណត់ថា ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ និង​រាល់​ជំងឺឆ្លង​កាចសាហាវ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​ដូច្នេះ​ក្នុង​នោះ​បញ្ហា​កូវីដ​ ១៩ ក៏​នៅក្នុង​គោលនយោបាយ​នេះដែរ​។

លោក ស ខេង បន្តថា​៖ «​អ៊ីចឹង​បាន​ខ្ញុំ​ថា គួរតែ​ដាក់​ការប្រឡងប្រណាំង​ពី​ពេលនេះ​ទៅដល់​មុន​បោះឆ្នោត​អាច​បូកសរុប​ម្ដង​។ ព្រោះថា​រឿងនេះ ខ្ញុំ​ឃើញថា យើង​អាចធ្វើ​សម្រាប់​ខេត្ដ​កំពត​ហើយក៏​ជឿ​​ទាំង​ខេត្ដ​ពោធិ៍សាត់​ដែរ និង​ខេត្ដ​ដទៃៗ​ទៀត​ធ្វើបាន​។ ក្នុង​គោលដៅ​សំណូមពរ​​ដែល​យើង​ចង់បាន​នោះ គឺ​កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​ ឬ​ក៏​លុបបំបាត់​នូវ​បញ្ហា​ប្រឈម​នៅ​នឹង​មូលដ្ឋាន​ទាក់ទង​នឹង​ទំនាស់​»​។

លោក​បន្តថា​៖ «​ឧទាហរណ៍​អម្បាញ់មិញ​ឯកឧត្ដម ម៉ៅ ធនិន គាត់​បានបញ្ជាក់​ដែរ ទំនាស់​ដីធ្លី​ដែល​នៅ​សេសសល់​ ឬក៏​​បញ្ហា​រំលោភ​អំណាច​បញ្ហា​អី​ជាដើម​»​។

លោក ស ខេង លើកឡើង​ថា បទពិសោធ​ដែល​លោក ម៉ៅ ធនិន អភិបាលខេត្ដ​ពោធិ៍សាត់​បានធ្វើ​លោក​មិន​ហ៊ាន​ថាឱ្យ​ទៅជា​គំរូ​សម្រាប់​ទូទាំងប្រទេស​ទេ លោក​សូម​ឱ្យ​ខេត្ដ​នានា​ពិនិត្យ សិក្សា​លើ​ចំណុច​ល្អ​យកទៅ​ធ្វើជា​គំរូ​បាន​។ ​ចំណែក​ចំណុច​ណា​ដែល​ធ្វើ​មិនបាន​កុំ​ធ្វើ​។ ​លោក​លើក​ឧទាហរណ៍​ថា ក្នុង​ ១ ​សប្ដាហ៍ មាន​ ១ ​ពេល ធ្វើជា​កម្មវិធី​សម្របសម្រួល​ ឬ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង វា​មិនមែន​ថា​ចាំបាច់​ចៅហ្វាយ​ខេត្ដ​ទេ​។ ចៅហ្វាយ​ខេត្ដ​គាត់​ធ្វើ​ក៏បាន ប៉ុន្ដែ​ប្រធាន​មន្ទីរ ឬក៏​អ្នកពាក់ព័ន្ធ​ផ្សេងទៀត គាត់​ធ្វើ​ក៏បាន​ដែរ​។ សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​។ អាហ្នឹង​កាលណា​ដោះស្រាយ​បាន​ច្រើន វា​ក៏​ធូរ​ដែរ កុំឱ្យ​រឿង​ទៅដល់​តុលាការ​»​។

លោក ស ខេង បានបញ្ជាក់​បន្ថែមថា​៖ «​អ៊ីចឹង​ទាក់ទង​នឹង​ការប្រឡង​ប្រណាំង​នេះ ខ្ញុំ​នឹងសិក្សា​ជាមួយ​សហការី ដើម្បី​ឈានទៅ​សម្រេច​យ៉ាងម៉េច ពីនេះ ទៅ​​ដល់​មុន​បោះឆ្នោត​ (​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្ដិ​ទី​ ៥) យើង​អាច​ធ្វើ​ការប្រឡង​ប្រណាំង​»​។

លោក​បាន​លើកឡើង​ថា កន្លងទៅនេះ គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ក្រសួង​មហាផ្ទៃ​ជា​អ្នក​បូកសរុប ប៉ុន្ដែ​ប្រមូលផ្ដុំ​លើ​បញ្ហា​សន្ដិសុខ​ជាធំ​។ ​ប៉ុន្ដែ​ដល់​ធ្វើកំណែទម្រង់​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​គឺមាន​ន័យ​ទូលាយ​ជាង​មុន​ដែល​ក្រសួងមហាផ្ទៃ​មិនអាច​ក្ដោប​អស់​ទេ​។ ដូច្នេះ​អាច​នឹង​ក្រសួង​ស្ថាប័ន​នីមួយៗ តាម​គោលនយោបាយ​នេះ គឺ​ត្រូវមាន​ការចាត់តាំង​ប្រឡងប្រណាំង​ដែរ គឺ​ក្នុង​សេវា​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​តើ​ធ្វើបាន​យ៉ាងម៉េច​នោះ គឺ​សូម​ពិចារណា​ដែរ​។ ប៉ុន្ដែ​សម្រាប់​ពាក់ព័ន្ធ​នឹង​សន្ដិសុខ ពាក់ព័ន្ធ​​នឹង​ក្រសួងមហាផ្ទៃ គឺ​ក្រសួងមហាផ្ទៃ​នឹងធ្វើ​ការងារ​នេះ​បន្តទៀត​»៕