
រណារយន្ត កាំបិត និងពូថៅ ដែលចាប់បាននៅស្រុកសន្ទុក ពីថ្ងៃទី ១២ តុលា។ រូប ទំរីងរេដបូក
កំពង់ធំៈ ក្រុមល្បាតសហគមន៍ព្រៃឈើ និងក្រុមល្បាតព្រៃរបស់រដ្ឋបាលព្រៃឈើ នៅថ្ងៃទី ១២ តុលា នៅពេលចុះបំពេញការងារបានដកហូតរណារយន្តចំនួន ៧ គ្រឿង នៅឃុំក្រយា និងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ប៉ុន្តែអ្នកចូលទៅកាប់រានទន្ទ្រានព្រៃបានរត់គេចខ្លួនបាត់អស់ ទោះយ៉ាងណា មន្ត្រីជំនាញបញ្ជាក់ ថាកំពុងស្រាវជ្រាវរកជនល្មើស។
លោក ឈៀង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រយា ថ្លែងនៅថ្ងៃទី ១៣ ខែតុលាថា ការចុះល្បាត និងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើកាលពីថ្ងៃទី ១២ តុលា ក្នុងតំបន់ផ្លូវដីស ក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានជួបប្រទះ ទីតាំងកាប់រានដីព្រៃចំនួន ២ ទីតាំង និងចាប់ដកហូតរណារយន្តបានចំនួន ៧ គ្រឿង កាំបិតផ្គាក់ ៣ ពូថៅ ២ ប៉ុន្តែពុំឃើញមានជនណាម្នាក់នៅកន្លែងកាប់រានឡើយ។
លោកបញ្ជាក់ថា វត្ថុតាងទាំងនោះត្រូវបានយកមករក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រយា (អូរកំពប់អំបិល) ចំណែកជនល្មើសក្នុងការកាប់រានទន្ទ្រានដីព្រៃនោះ មន្ត្រីជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកថ្លែងថា៖ «នៅពេលដែលយើងរកមិនទាន់ឃើញ យើងចងក្រងសំណុំរឿងបឋមទៅតុលាការ។ បើសិនជារកឃើញ យើងកសាងសាវតារឱ្យប៉ូលិសបន្តបន្ទាប់ទៀតអ៊ីចឹងទៅ។ បើអយ្យការឱ្យយើងជួយស៊ើបអង្កេត យើងធ្វើតាមហ្នឹងទៀតអ៊ីចឹងទៅ»។
លោក សៅ ខុម ប្រធានសហគមន៍ព្រៃឈើអូរបវេល នៅឃុំទំរីង ថ្លែងនៅថ្ងៃទី ១៣ តុលាថា ការចុះល្បាតភាគច្រើនឃើញតែវត្ថុតាង មិនងាយបានឃើញជនល្មើសនោះទេ ព្រោះជនល្មើសក្នុងការកាប់រានព្រៃ ក៏មានខ្សែបណ្តាញទំនាក់ទំនងផងដែរ។
លោកបញ្ជាក់ថា៖ «បទល្មើសកើតមានដោយពេល ដោយវេលានោះទេ មិនកើតមានរហូតទេ។ ពេលខ្លះមានការមានឱកាសល្អ ជនល្មើសក៏ឆ្លៀតចូលកាប់រានអ៊ីចឹងទៅ»។
នៅថ្ងៃដដែលនោះ លោក ឈុន ដឺលុច្ស អ្នកគ្រប់គ្រងគម្រោងរេដបូកទំរីង ថ្លែងថា ការកាប់រានដីព្រៃ ជាលក្ខណៈគ្រួសារនៅតែមានទ្រង់ទ្រាយតូច ដោយសារប្រជាជនសហគមន៍មូលដ្ឋាន និងអ្នកចំណូលស្រុក ចូលមកទិញដី ឬកាប់ព្រៃដើម្បីធ្វើដំណាំលក្ខណៈគ្រួសារ ដោយដាំដំឡូងមី ឬស្វាយចន្ទី។ ចំណែកអ្នកខ្លះទៀត បានធ្វើការពង្រីកដីចម្ការចាស់ ឱ្យកាន់តែធំ ដោយសារមានការកើនសមាជិកក្នុងគ្រួសាររបស់ពួកគាត់។
លោកថ្លែងថា៖ «យើងធ្វើការជាមួយពួកគាត់រាល់ថ្ងៃតាមរយៈកម្មវិធីកសិកម្ម ផ្តល់បច្ចេកទេសជាមួយនឹងពូជ និងលក្ខខណ្ឌសុំកុំឱ្យពួកគាត់ពង្រីកដីដោយធ្វើការកាប់រានបន្ថែមទៀត ហើយយើងតបស្នងវិញដោយការទិញ [ផលិតផល] កសិកម្មគាត់ ជាមួយនឹងការផ្តល់ជី ផ្តល់អីអីហ្នឹង ឱ្យគាត់ឈប់ការពង្រីក ឬកាប់រានថ្មី»។
លោក ឈុន ដឺលុច្ស បញ្ជាក់ថា ចំពោះការកាប់រានខុសច្បាប់ទ្រង់ទ្រាយតូចពីសំណាក់អ្នកចំណូលស្រុក មន្ត្រីជំនាញ និងសហគមន៍ព្រៃឈើតែងធ្វើការបង្ក្រាប និងចាប់វត្ថុតាងបានស្ទើរតែជារៀងរាល់ថ្ងៃ។ ជាពិសេស គឺចាប់បានរណារយន្ត គោយន្ត កាំបិទ ពូថៅ ជាដើម ដែលពួកគាត់ចូលមកកាប់ ហើយរត់គេច។
លោកថ្លែងថា៖ «ជារៀងរាល់សប្តាហ៍ គឺយើងចាប់បានវត្ថុតាង បទល្មើស រហូត ២ ឬក៏ ៣ ករណី។ ពេលខ្លះ ១ ថ្ងៃបាន ២ ករណីទៀតផង ហើយក្នុងការល្បាតយើងមាន ៤ ក្រុមសម្រាប់ធ្វើការចល័តជុំវិញតំបន់គម្រោងហ្នឹងតែម្តង»៕