សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើការ​ជួសជុល​ប្រាសាទ​ព្រហ្មកិល ដែល​មាន​មុខងារ​ជា​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន ទី​៧ នាពេល​ឆាប់ៗ​នេះ ព្រមទាំង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ស្ពាន​ថ្មី​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​នៅ​តំបន់​អង្គរ​ដើម្បី​រក្សា​តម្លៃ​វប្បធម៌ និង​ទាក់ទាញ​ភ្ញៀវទេសចរ​។

លោក​ ស៊ឹម ថន អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ​ឱ្យ​ដឹង ថា​ប្រាសាទព្រហ្មកិល​មាន​មុខងារ​ជា​មន្ទីរពេទ្យ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​ប្រាសាទតូច​ ១ ដែល មាន​ទីតាំង​នៅ​ខាងលិច​ឆៀង ខាងជើង​ប្រាសាទអង្គរវត្ត​។ ​បច្ចុប្បន្ន ប្រាសាទ​ដ៏ចំណាស់​នេះ​មាន​ភាពទ្រុឌទ្រោម ទើប​មន្ត្រី​សម្រេច​ជួសជុល បន្ទាប់ពី​បាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​គណៈកម្មាធិការ​អន្តរជាតិ ICC-Angkor​។

លោក​ថ្លែងថា​៖ «​ដោយ​ពិនិត្យឃើញ​ប្រាសាទព្រហ្មកិល រង​ការខូចខាត​ទ្រុឌទ្រោម​ខ្លាំង ថ្ម​ធ្លាក់​រាយប៉ាយ និង​តួប៉ម​កណ្តាល បាន​បាក់​រលួស​អស់​មួយ​ចំហៀង​ទៅហើយ ទើប​ក្រុមការងារ​ធ្វើការ​ជួសជុល​»​។

លោក​បន្តថា ក្នុង​ដំណើរការ​ជួសជុល​នេះ​នឹង​គ្រោង​ប្រើពេល​ ១ ​ឆ្នាំ​ដោយ​បែងចែក​ការជួសជុល​ជា​ ៣ ​ដំណាក់កាល រួមមាន​ដំណាក់កាល​ទី​១ ការរៀបចំ ឯកសារ​ធ្វើ​កំណាយ​សិក្សា​ពី​រចនាសម្ព័ន្ធ​របស់​ប្រាសាទ បែងចែក​លេខ​រៀង និង​ផ្គុំ​ថ្ម​។ ទី​២ ចាប់ផ្តើម រៀប​ផ្គុំ​ថ្ម​សាកល្បង និង​រៀបចំ​ពង្រឹង​គ្រឹះ និង​ដំណាក់កាល​ទី​៣ គឺ​រៀបចំ​ថ្ម​ទាំងអស់​ដែល​បាន​រកឃើញ​ដាក់ចូល​ទីតាំង​ដើម​វិញ​។

ក្រុមការងារ​អភិរក្ស ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ចាប់ផ្ដើម​ការសាងសង់ ស្ពាន​ថ្មី​ជំនួស​ស្ពាន​ចាស់​នៅ​តំបន់​រមណីយដ្ឋាន​ក្បាលស្ពាន​។

បើតាម​លោក ពុទ្ធ សុទ្ធ មន្ត្រី​នាយកដ្ឋាន​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ការសាងសង់​ស្ពាន​ថ្មី​នេះ មាន​ទទឹង​ប្រហែង​ ២,៤ ​ម៉ែត្រ បណ្ដោយ​ប្រវែង ១២ ​ម៉ែត្រ ធ្វើ​ពី​បេតុង​ក្រាល​ក្តារ​។ ការសាងសង់​ប្រើពេល​ប្រមាណ​ ៣ ​ខែ គិតពី​ថ្ងៃទី​ ១៣ តុលា គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​ ២០២១៕