ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​កម្មវិធី​សប្បុរសធម៌​របស់ខ្លួន ដើម្បី​បរិច្ចាគ​ថវិកា​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែល​ផ្តល់​ការព្យាបាល​ដល់​កុមារ​កម្ពុជា​ដោយ​ពុំ​គិតថ្លៃ​។ ៨០ ​ភាគរយ​នៃ​អ្នកជំងឺ​នៃ​មន្ទីរពេទ្យ​កុមារ​មួយ​​នេះ មកពី​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​តិចជាង​ ១ ​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​។

យុទ្ធនាការ «​រត់​ ឬ​ដើរ​ជាមួយ​ព្រូដិនសល ដើម្បី​គន្ធបុប្ផា​» គឺជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា និង​ក្រុម​រត់​ខេខេអស៊ី ដោយ​មាន​ការចូលរួម​សហការ​ឧបត្ថម្ភ​ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ធនាគារ​វីង និង ក្រុមហ៊ុន​ស្បែកជើង Skechers​។ កម្មវិធី​នេះ ចាប់ពី​ថ្ងៃទី​ ០១ ដល់ទី​ ៣១ ខែតុលា​ឆ្នាំ​ ២០២១ ដោយ​កំណត់ថា រាល់​ ១ គីឡូម៉ែត្រ ដែល​អ្នក​ចូលរួមបាន​រត់​ ឬ​ដើរ ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​នឹង​បរិច្ចាគ​ទឹកប្រាក់ ១ ០០០ រៀល (០.២៥ ​ដុល្លារ​) ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ កម្មវិធី​ដ៏សំខាន់​មួយ​នេះ​គឺ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​ចូលរួម​។

លោក Sanjay Chakrabarty អគ្គនាយក ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា សម្តែង​យោបល់​ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ដែល​មាន​ការទទួល​ខុសត្រូវ​ខ្ពស់ ការគាំទ្រ​ដល់​កិច្ចការ​សហគមន៍ គឺជា​ចំណុច​ស្នូល​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​។ សំខាន់​ជាងនេះទៅទៀត យើង​ចង់​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការហាត់​ប្រាណ​ជាប្រចាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នានា​ដែល​កើតមាន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ កម្មវិធី «​រត់​ ឬ​ដើរ​ជាមួយ​ព្រូដិនសល ដើម្បី​គន្ធបុប្ផា​» នឹងចូលរួម​ជួយ​លើកកម្ពស់​ការថែទាំ​សុខភាព​ផង និង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​បន្ត​កិច្ចការ​​ដ៏មាន​សារៈសំខាន់​ចំពោះ​ប្រទេស​កម្ពុជា តាមរយៈ​ថវិកា​ដែល​ប្រមូលបាន​»​។

លោក នេត ពិសិដ្ឋ នាយក​ប្រតិបត្ដិ​សេវា​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ «​យើង​ពិតជា​រីករាយ​ណាស់​ដែល​អាច​ចូលរួម​គាំទ្រ​គំនិត​ផ្តួចផ្តើម​សប្បុរសធម៌​​នេះ ហើយ​យើង​នឹង​ទន្ទឹងរង់ចាំ​ការចូល រួម​ពី​បុគ្គលិក និង​អតិថិជន​របស់​យើង​ផងដែរ​»​។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង (​ខេមបូឌា) ម.ក មានប្រសាសន៍ថា​៖ «​ធនាគារ​វីង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​ដ៏រំភើប​មួយ​នេះ ដែល​នឹង​ជួយ​គាំទ្រ​ដល់​តម្រូវការ​ហិរញ្ញវត្ថុ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ មន្ទីរពេទ្យ​គន្ធបុប្ផា​បានផ្តល់​ការថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​ដែល​ត្រូវការ​ជួយសង្គ្រោះ​បំផុត និង​ដោយ​គ្មាន​ការរើសអើង​នោះឡើយ​។ នៅពេលដែល​លោកអ្នក​រត់​ជាមួយ​កម្មវិធី​របស់​ក្រុមហ៊ុន​ព្រូដិនសល​ដែល​គាំទ្រ​ដោយ​ធនាគារ​វីង​ និង​ស្ថាប័ន​ដទៃទៀត នោះ​លោកអ្នក​ក៏បាន​កំពុង​រួមចំណែក​ដល់​ប្រតិបត្តិការ​ដ៏សំខាន់​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​»​។

«​នៅ​ក្រុម​រត់ ខេខេអស៊ី យើង​តែងតែ​លើកកម្ពស់​សុខភាព និង​កាយសម្បទា​សម្រាប់​ខ្លួនឯង​តាមរយៈ​កីឡា​។ ពួកយើង​រីករាយ​ក្នុង​ការសហការ​ជាមួយ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​លើ​គំនិត​ផ្តួចផ្តើម​នេះ ព្រោះ​វា​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នករត់​ ឬ​ដើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ដល់​សង្គម​កម្ពុជា​ទៀតផង​»​។ «​កុំ​ចាំ​ដល់​អ្នក​ឈឺ ទើប​ចាប់ផ្តើម​ហាត់ប្រាណ​» នេះ​ជា​ប្រសាសន៍​របស់​លោក គីម កុក ប្រធាន​ក្រុម​រត់ ខេខេអស៊ី ។

ដើម្បី​ចូលរួម​កម្មវិធី​នេះ អ្នកចូលរួម​ត្រូវ​ចុះឈ្មោះ​តាមរយៈ​កម្មវិធី Strava.Com ដែលមាន​ក្លិប​ឈ្មោះថា រត់​ឬ​ដើរ​ជាមួយ​ព្រូដិនសល ដើម្បី​គន្ធបុប្ផា (Run-Walk with Prudential) ចាប់ ពីថ្ងៃ​ទី​ ១ ដល់ ៣១ ខែតុលា​ឆ្នាំ ២០២១​។ អ្នក​អាច​ចូលរួម​ក្លឹប​បាន​តាមរយៈ​ការស្កេន QR Code នៅក្នុង​រូបភាព​ខាងក្រោម​។

អំពី​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​​ក្រុមហ៊ុន ព្រូដិនសល (​ខេមបូឌា ) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (​ហៅ​កាត់​ថា ព្រូដិនសល​កម្ពុជា​) បាន ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ ខែមករា ឆ្នាំ​ ២០១៣​។ តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល​ស្របតាម​តម្រូវការ​អតិថិជន ក៏​ដូចជា​ការធ្វើសិក្ខាសាលា​នានា​ស្តីពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ទៅកាន់​សាធារណជន ព្រូដិនសល​កម្ពុជា បាននិង​កំពុង​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការការពារ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគាត់​។ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់​ការធានារ៉ាប់រង​អាយុជីវិត និង​សុខភាព និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ ដោយ​ផ្តោតលើ​តំបន់​អាស៊ី និង​អាហ្វ្រិក​។ អាជីវកម្ម​នេះ​បាន​ចូលរួមចំណែក​ជួយ​ជីវិត​មនុស្ស​គ្រប់គ្នា​ឱ្យមាន​ភាពប្រសើរឡើង តាមរយៈ​ការធ្វើឱ្យ​គ្រប់គ្នា​មាន លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព​មានតម្លៃ​សមរម្យ និង​ការលើកកម្ពស់​កិច្ចការ​ហិរញ្ញវត្ថុ​ដើម្បី​ទាំងអស់គ្នា​។ ព្រូដិនសល ជួយ​ប្រជាជន​ក្នុង​ការការពារ និង​បង្កើន​ទ្រព្យសម្បត្តិ និង​ជំរុញ​ការសន្សំ​សម្រាប់​គោលដៅ​របស់​ពួកគេ​។ អាជីវកម្ម​របស់​យើង​មាន​អតិថិជន​ជាង ១៧ លាន​នាក់​នៅ​អាស៊ី​ និង​អាហ្វ្រិក ហើយ​ក៏បាន​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​នៅ​ទីក្រុង​ឡុងដ៍ ទីក្រុង​ហុងកុង ទីក្រុង​ញូវយ៉ក និង​ប្រទេស​សិង្ហបុរី​ផងដែរ​។

*​ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមាន​ការជាប់​ទាក់ទង​ជាមួយ​ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអ៊ីន (Prudential Financial, Inc) ដែលមាន​ទីតាំង​អាជីវកម្ម​នៅ​សហរដ្ឋអាមេរិក និង ក្រុមហ៊ុន​ព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជា​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន អឹម&ជី ភីអិលស៊ី (M&G plc) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ចក្រភព​អង់គ្លេស​ឡើយ​៕