ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ដោយលោកបានហាមចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភណភាពចំពោះសំណង់អគារសាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិឋាន និងផ្ទះបុរាណ។
យោងតាមសារាចរដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីពីថ្ងៃទី ១២ តុលា ឆ្នាំ ២០២១ បានលើកឡើងថា រាជរដ្ឋាភិបាលបានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្តាលឱ្យមានការបាត់បង់សំណង់អគារបេតិកភណ្ឌ ដោយសារការវាយបំផ្លិចបំផ្លាញការធ្វើឱ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌរាជធានី ខេត្ត។
ការចេញសារាចរនេះធ្វើឡើង បន្ទាប់ពីមានការវាយបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់ បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិ បេតិកភណ្ឌជាតិដ៏មានតម្លៃដែលប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ហេតុនេះដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ រាជរដ្ឋាភិបាល សូមហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង»។
លោក ហ៊ុន សែន ក៏បានណែនាំឱ្យមានការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស និងបញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។
លោកបានសង្កត់ធ្ងន់ថា៖ «សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោលត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន»។
លោកនាយករដ្ឋមន្ត្រីណែនាំទៅគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តតាមសារាចរនេះឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ តុលា ថាលោកសប្បាយចិត្តនៅពេលដែលប្រមុខរាជរដ្ឋាភិបាលបានចេញនូវសារាចរនេះ ដោយសារកន្លងមកមានការអនុវត្តខុសឆ្គងខ្លះនៅតាមសហគមន៍ ដែលមានការវាយកម្ទេចចោលនូវអគារបេតិកភណ្ឌដោយមិនមានការឯកភាពពីមន្ត្រីជំនាញឡើយ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគាំទ្រទាំងស្រុងចំពោះខ្លឹមសារក្នុងសារាចរនេះ ហើយខ្ញុំក៏សុំឱ្យមានការអនុវត្តនូវសារាចរនេះឱ្យមានប្រសិទ្ធភាពគ្របដណ្តប់នៅគ្រប់រាជធានីខេត្តទាំងអស់ ពិសេសខេត្តបន្ទាយមានជ័យនេះ ក៏ដូចជាបណ្តាខេត្តដែលមានអគារ សំណង់បុរាណចាស់ៗដែលជាបេតិកភណ្ឌរបស់ជាតិ។ គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវតែគោរព និងអនុវត្តឱ្យបានគ្រប់ៗគ្នា»។
នៅក្នុងខេត្តបន្ទាយមានជ័យមានប្រាសាទ វត្តអារាមដែលមានអាយុកាលយូរឆ្នាំច្រើនគួរសម ហើយកន្លងមក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀតបានធ្វើការចុះអប់រំ ផ្សព្វផ្សាយ ណែនាំទៅតាមស្រុក ឃុំ និងសហគមន៍ដែលមានវត្ថុបុរាណ ប្រាសាទបុរាណជាដើម ប៉ុន្តែមានប្រជាពលរដ្ឋខ្លះមិនបានចូលរួមសហការជាមួយនឹងអាជ្ញាធរដោយលួចសាងសង់សំណង់ក្បែរប្រាសាទ និងមានការវាយកម្ទេចស្ថានីយបុរាណជាច្រើនកន្លែងផងដែរ។ នេះបើតាម លោក យង់ តាំងកួយ។
លោកបន្ថែមថា៖ «យើងបានធ្វើការសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចធ្វើការទប់ស្កាត់លើករណីនេះបានច្រើនផងដែរ ហើយយើងបានបន្តធ្វើការងារនេះជាប្រចាំផងដែរដោយ ១ សប្តាហ៍យើងបានប្រជុំគ្នាចំនួន ២ ថ្ងៃ ដើម្បីរកដំណោះស្រាយទាក់ទងនឹងការស្នើសុំច្បាប់អនុញ្ញាតសាងសង់សំណង់នៅតាមតំបន់មានប្រាសាទ ហើយយើងក៏បានណែនាំឱ្យពលរដ្ឋសាងសង់ផ្ទះជារបៀបខ្មែរផងដែរ»។
គួររំឭកផងដែរថា ស្ពានថ្មចាស់មួយនៅមុខសាលាខេត្តបាត់ដំបង ដែលបានសាងសង់នៅក្នុងសម័យអាណានិគមបារាំងក្នុងឆ្នាំ ១៩១៦ ដែលមានអាយុកាល ១០៣ ឆ្នាំមកហើយនោះហើយកំពុងមានភាពចាស់ទ្រុឌទ្រោម ក៏មានដំណឹងថា គ្រោងនឹងវាយកម្ទេចចោល ដើម្បីសាងសង់ស្ពានថ្មី ប៉ុន្តែត្រូវបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើឱ្យរក្សាស្ពានបុរាណនេះ ហើយក៏មានការឯកភាពរក្សាស្ពាននេះទុកទៅតាមសំណើ៕