ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង និង​គណៈ​ប្រចាំការ​នឹង​រៀបចំ​គោលនយោបាយ ដើម្បី​ត្រៀម​រៀបចំ​បើក​ប្រទេស​ឡើងវិញ ដែល​គ្រប់គ្នា​ត្រូវ​រៀន​ប្តូរ​ឥរិយាបថ​ក្នុង​ការរស់នៅ​តាម​គន្លង​ថ្មី​នៃ​បរិបទ​កូវីដ​​ ១៩ ខណៈ​រាជធានី-ខេត្ត​ចំនួន​ ២៤ បាន​បិទ​បញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជុំ​ទី​១​។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី យក់ សម្បត្តិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​នា​ព្រឹក​ថ្ងៃទី​ ១៤ តុលា ក្នុងពេល​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​ស៊ីណូវ៉ាក់​ចំនួន​ ២ ​លានដូស និង​សៀរ៉ាំង​ចំនួន​ ២ ​លាន​ផង​ដែរ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោកស្រី​មាន​ប្រសាសន៍​​ថា​៖ «​យើង​ត្រូវ​ដូរ​ឥរិយាបថ​នៅក្នុង​ការរស់នៅ​តាម​គន្លង​ថ្មី ប្រសិនបើ​យើង​មិន​ធ្វើ​អ៊ីចឹង​ទេ ថ្ងៃក្រោយ​ទៅ​យើង​មិនអាច​បិទ​ប្រទេស​យើង​អ៊ីចឹង​រហូត​ទេ ហើយ​យើង​ត្រូវតែ​ចាំបាច់​រស់នៅ​​ជាមួយ​វីរុស​នេះ​។ ​ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​វិធានការ​៣កុំ​ ៣ការពារ​»​។

លោកស្រី​បន្ថែមថា​៖ «​ប្រទេស​យើង​ត្រូវ​ការបើក​ឡើងវិញ​នូវ​​វិស័យសេដ្ឋកិច្ច អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត ប៉ុន្តែ​ត្រូវតែ​ប្រយ័ត្ន ប្រយែង​ជាប់​ជាប្រចាំ នោះ​យើង​នឹង​អាច​បើក​ប្រទេស​ឡើងវិញ​បាន​។ ប្រមុខ​រាជរដ្ឋាភិបាល​ប្រហែល​នឹង​សម្រេច​ទៅលើ​ផែនការ​ដែល​ក្រុម​គណៈកម្មការ​អន្តរក្រសួង​កំពុង​រៀបចំ​ហើយ​យើង​ក៏​នឹងមាន​ការប្រជុំ​ជាមួយ​នឹង​ប្រធាន​គណៈ​ប្រចាំការ ដើម្បី​ពិនិត្យ​មើលថា តើ​វិស័យ​ណាខ្លះ​ត្រូវ​បើក​ឡើងវិញ​»​។

ទាក់ទង​នឹង​វ៉ាក់សាំង​កូវីដ​ ១៩ កម្ពុជា​បានទទួល​វ៉ាក់សាំង​កូវីដ​ ១៩​ បន្ថែមទៀត​ប្រភេទ​ស៊ីណូវ៉ាក់​រហូត​ដល់​ ២ ​លានដូស​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ និង​ប្រជាជន​ចិន​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ១៤ ខែតុលា​ថា ប្រទេស​ចិន គឺជា​ប្រទេស​ដំបូង​គេ ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ មកកាន់​ប្រទេស​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១​។

លោក​បាន​លើកឡើង​ថា​៖ «​មកដល់​ពេល​នេះ វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ចិន បានផ្តល់​ជា​ជំនួយ​មក​កម្ពុជា​មាន​ចំនួន​សរុប​ ៦ ​លាន​ ៨០ ​ម៉ឺនដូស ហើយ​មកដល់​ពេល​នេះ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ទាំង​ជំនួយ​ និង​ការបញ្ជាទិញ​មាន​ចំនួន​សរុប ៣២ ​លាន ៨ ​សែនដូស​។ វត្តមាន​វ៉ាក់សាំង​របស់​ចិន បាន​ធ្វើឱ្យ​កម្ពុជា​សម្រេច​​ផែនការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស និង​មុន​ផែនការ​គ្រោងទុក​»​។

ជាមួយ​គ្នា​នេះ​ផងដែរ បើតាម​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បាន​ឱ្យដឹង នៅ​ថ្ងៃទី​ ១៤ ខែតុលា​ថា មាន​រាជធានី-ខេត្ត​ចំនួន​ ២៤ ​ហើយ​ដែល​ត្រូវបាន​បិទបញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ជុំ​ទី​១ ​សម្រាប់​ក្រុមមនុស្ស​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​។

លោកស្រី​បាន​បញ្ជាក់ថា នៅ​​សល់​តែ​ខេត្តកំពត​ ១ ​ទេ ដែល​​ជា​ខេត្ត​ចុងក្រោយ​គេ​នឹងត្រូវ​បិទ​បញ្ចប់ ហើយ​លោកស្រី​សង្ឃឹមថា ខេត្ត​នេះ​អាច​នឹង​ប្រកាស​បិទ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​។

គិត​ត្រឹម​ថ្ងៃទី​ ១៣ ខែ តុលា ​ឆ្នាំ​ ២០២១ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ​ឡើង បាន​ចំនួន​ជាង​ ១៣,៥ ​លាន​នាក់​ហើយ ស្មើនឹង​ប្រមាណ ៨៤,៦៦ ​ភាគរយ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៦ ​លាន​នាក់​។ ក្នុងនោះ​អ្នក​ចាក់​បាន​ទាំង​ ២ ​ដូស មាន​ចំនួន​ជាង ១២ ​លាន​នាក់ ហើយ​អ្នក​ចាក់​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​បាន​ចំនួន​ជាង​ ១ ​លាន​នាក់ ៕

វីដេអូ៖