លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ ថ្ងៃ​ទៀត​។

ការដាក់ចេញ​វិធានការ​នេះ​គិត​ចាប់ពី​ថ្ងៃទី​ ១៥ រហូតដល់​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ឃួង ស្រេង បាន​បន្ថែមថា៖ «​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ​»​។

ក្នុង​អំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី ៥០ ​នាក់ លើកលែងតែ​ក្នុងករណី​មួយចំនួន​ដូចជា ការជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ និង​សាច់ញាតិ ក្នុង​ពិធី​សាសនា ការរៀបចំ​ពិធី​បុណ្យសព ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ជាដើម​។

លោក ឃួង ស្រេង បានប្រគល់​ភារកិច្ច​ដល់​គណៈបញ្ជាការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ និង មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សហការ​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រដ្ឋបាល ឱ្យ​មាន​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់​។

លោក​ថា៖ «​ក្នុងករណី​រកឃើញ​ថា​បុគ្គល ឬ នីតិបុគ្គល​ទាំងឡាយណា ដែល​បំពាន​វិធានការ​នេះ ត្រូវអនុវត្ត​ទណ្ឌកម្ម រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ស្របតាម​ច្បាប់​ស្តីពី​វិធានការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​»៕