ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ច្រានចោល​របាយការណ៍​របស់​អង្គការ​គម្រោង​យុត្តិធម៌​​ពិភពលោក (WJP) ​ដែល​​បាន​ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ស្ថិតនៅ​លំដាប់​ស្ទើរតែ​ទាប​ជាងគេ​គឺ​លេខ​រៀង​ ១៣៨ ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១៣៩ ​ក្នុង​អំឡុងពេល​ការរាតត្បាត​​ជំងឺ​កូវីដ​ ១៩​។

របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ​ ២០២១ ​ដែល​វាយតម្លៃ​នីតិរដ្ឋ​នៅ​ប្រទេស​ចំនួន​ ១៣៩ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​​ទទួល​កាលពី​ថ្ងៃទី​ ១៣ ខែតុលា លើកឡើងថា នៅក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩ នីតិរដ្ឋ​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ជាង​ពាក់កណ្តាល​ពិភពលោក​។ ៤,៧ ​ភាគរយ​នៃ​ប្រជាជន​ក្នុង​ពិភពលោក​គឺ​ ៦,៥ ​ពាន់​លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​ដែលមាន​នីតិរដ្ឋ កំពុង​ចុះខ្សោយ​។

របាយការណ៍​​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​ទាំង​ ១៣៩ ប្រទេស​ ៣ ដែល​អនុវត្ត​នីតិរដ្ឋ​បានល្អ​ជាងគេ​នៅ​​ឆ្នាំនេះ​គឺ ប្រទេស​ដាណឺម៉ាក​ស្ថិតក្នុង​លេខ​រៀង​ទី​ ១ ​ន័រវែស​លេខ​រៀង​ទី​ ២ ​និង​ហ្វាំងឡង់​លេខ​រៀង​ទី​ ៣​។ ​ប្រទេស​ ៣ ​ដែលមាន​ពិន្ទុ​នីតិរដ្ឋ​រួម​ទាប​ជាងគេ​គឺ​ប្រទេស វ៉េណេស៊ុយអេឡា​ស្ថិតក្នុង​លេខ​រៀង​ ១៣៩ ​គឺ​ចុងក្រោយ​គេ ខណៈ​​ដែល​កម្ពុជា​លេខ​រៀង​ ១៣៨ ​និង​កុងហ្គោ​លេខ​រៀង​ ១៣៧​។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ ខែតុលា ថា ការចាត់​ចំណាត់ថ្នាក់​នេះ «​ដូចជា​» មិន​ស្របទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា និង​បរិបទ​អន្តរជាតិ​នោះទេ​។ ​បណ្តា​ប្រទេស​ដទៃទៀត​មួយចំនួន​ដែល​ធ្លាប់​រិះគន់​កម្ពុជា​ពាក់ព័ន្ធ​ការអនុវត្ត​វិធានការ​ច្បាប់​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ទីបញ្ចប់​ប្រទេស​ទាំងនោះ​បាន​អនុវត្ត​វិធានការ​ទាំងអស់​នោះ​នៅក្នុង​​ប្រទេស​ខ្លួន​ទាំងអស់​ដោយ​អនុវត្ត​តឹងរ៉ឹង​ និង​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៅទៀត ដូចជា​ការបិទខ្ទប់​ប្រទេស និង​តំបន់​ និង​ការចាក់​វ៉ាក់សាំង​កាតព្វកិច្ច​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ជាដើម​។​ល​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ការវាយតម្លៃ​ថា កម្ពុជា​ទាប​ជាង​ប្រទេស​ទាំងអស់​នោះ​ដូចជា មិន​សម​ហេតុ​សមផល​។ ការធ្វើ​របាយការណ៍​ស្រាវជ្រាវ​ហ្នឹង​អាច​​ថា មាន​ការទទួល​ព័ត៌មាន​ ឬក៏​ទិន្នន័យ​ខុសពី​ភាគី​ម្ខាង​អាច​ពី​ក្រុម​សង្គម​ស៊ីវិល​ឬក៏​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​ដែល​ផ្តល់ព័ត៌មាន​ហ្នឹង​ខុស​នាំឱ្យ​ការប្រើប្រាស់​វិធីសាស្ត្រ​ និង​ការបញ្ចេញ​លទ្ធផល​ក៏​វា​ខុស​តាម​ហ្នឹង​ដែរ​»​។

សន្ទស្សន៍​នីតិរដ្ឋ​របស់​ WJP ​គឺជា​របាយការណ៍​ដោយមាន​ទិន្នន័យ ប្រចាំឆ្នាំ​ដោយ​ផ្អែកលើ​ការស្ទង់មតិ​ថ្នាក់ជាតិ​លើ​គ្រួសារ​ជាង ១៣៨ ០០០ ​គ្រួសារ និង​អ្នក​អនុវត្ត​ច្បាប់​ និង​អ្នកជំនាញ​ចំនួន ៤ ២០០ ​នាក់​នៅ​ជុំវិញ​ពិភពលោក​។

WJP ​ឱ្យនិយមន័យ​នីតិរដ្ឋ​ថា​គឺជា​ប្រព័ន្ធ​ច្បាប់ ស្ថាប័ន​បទដ្ឋាន​​ និង​ការប្តេជ្ញាចិត្ត​របស់​សហគមន៍​ដែល​រឹងមាំ​ដែល​ផ្តល់នូវ​គណនេយ្យភាព ច្បាប់​មាន​យុត្តិធម៌ ការបើកចំហ​របស់​រដ្ឋាភិបាល និង​ការទទួលបាន​យុត្តិធម៌​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ ខែតុលា ថា វា​មិនមាន​អ្វី​ចម្លែក​នោះទេ ព្រោះ​អង្គការ​នេះ​បានធ្វើការ​លើ​ការវាយតម្លៃ​បែបនេះ​ជា​បន្តបន្ទាប់​កន្លងមក​។ ការអនុវត្ត​ច្បាប់ ឬ​នីតិរដ្ឋ​នៅក្នុង​បរិបទ​កម្ពុជា​កំពុង​រង​ការរិះគន់​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​ការអនុវត្ត​រឿង​យុត្តិធម៌​សង្គម​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​ក្រីក្រ នយោបាយ ការបញ្ចេញមតិ​របស់​អ្នកធ្វើ​កិច្ចការងារ​សង្គម និង​សកម្មជន​សិទ្ធិមនុស្ស​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​អ៊ីចឹង​​ទៅ ទាំងអស់​នេះ​ប្រហែល​ជា​​គេ​មាន​ការវាស់វែង​ដោយមាន​ទឡ្ហីករណ៍​តាម​ដែល​គេ​កំណត់​មក​ហ្នឹង​យកមក​ធ្វើការ​វាយតម្លៃ​។

អ៊ីចឹង ខ្ញុំ​យល់ថា ការលើកឡើង​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​គឺជា​រឿង​ដែល​ឆ្លុះបញ្ចាំង​កំពុង​​តែ​រង​ការរិះគន់​ទាំងអស់​នេះហើយ​»​។

កាលពី​ឆ្នាំ​ ២០២០ អង្គការ​នេះ​បាន​ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​នៅ​លេខ​រៀង​ទី​ ១២៧ ដែលជា​ចំណាត់ថ្នាក់​ស្ទើរតែ​ទាប​ជាងគេ​ក្នុងចំណោម​ប្រទេស​ចំនួន ១២៨៕