កោះកុងៈ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្នាក់ដឹកនាំ​ខេត្តកោះកុង នៅ​ថ្ងៃទី​ ១៤ ​និង​ទី​ ១៥ ​ខែតុលា​នេះ បាននិង​កំពុង​ធ្វើ​ពិធី​ចាប់ឆ្នោត​ប្រគល់​ដីឡូត៍ ជូន​ប្រជាពលរដ្ឋ ប្រភេទ​ទី​ ៣ ​ដែល​មាន​ចំនួន​សរុប ៨៣១ ​គ្រួសារ​នៅក្នុង​ស្រុក​បទុមសាគរ ដែល​ទទួលរង​ផលប៉ះពាល់​ ដោយ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​យូញៀន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកោះកុង​។

ពិធី​ចាប់ឆ្នោត​ប្រគល់​ដីឡូត៍​ជូន​ប្រជាពលរដ្ឋ​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោម​ការដឹកនាំ​របស់​លោក ទេព ធន រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​លោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

បើតាម​រដ្ឋបាល​ខេត្តកោះកុង ប្រជាពលរដ្ឋ​ប្រភេទ​ទី​ ៣ គឺជា​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​សំណង​គោលនយោបាយ​បន្ថែម​មាន​សរុប​ចំនួន ៨៣១ គ្រួសារ ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​ដោះស្រាយ​គោលនយោបាយ​ជូន​ក្នុង​មួយ​គ្រួសារ ដីចម្ការ​ទំហំ ១ ​ហិកតា​។

ការចាប់​ឆ្នោត​យក​ដីឡូត៍​នៅ​ថ្ងៃទី​ ១៤ តុលា គឺជា​ការចាប់​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ប្រភេទ​ទី​ ៣ នៃ​ឃុំ​ភ្ញីមាស និង​ឃុំ​កោះស្តេច ដែលមាន​ចំនួន ៣៦០ ​គ្រួសារ​។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំង​ ៣៦០ ​គ្រួសារ​នេះ មាន​អ្នក​បាន​មក​ចាប់ឆ្នោត​យក​ដីឡូត៍​ចំនួន ៣២៧ ​គ្រួសារ និង​នៅសល់​ចំនួន ៣៣​ គ្រួសារ​ទៀត មិន​ទាន់​បានមក​ចាប់ឆ្នោត​។

នៅ​ព្រឹក​ថ្ងៃទី​ ១៥ ​តុលា​នេះ រដ្ឋបាល​ខេត្តកោះកុង​កំពុង​រៀបចំ​ធ្វើការ​ចាប់ឆ្នោត​យក​ដីឡូត៍​សម្រាប់​ប្រជាពលរដ្ឋ​ប្រភេទ​ទី​ ៣ នៃ​ឃុំ​តានូន នៅ​ទីតាំង​ដីឡូត៍ ស្ថិតនៅ​ភូមិ​ទួលពោធិ៍ ឃុំ​តានូន ស្រុក​បូទុមសាគរ ខេត្តកោះកុង​៕