ថ្ងៃនេះ​ជា​ថ្ងៃ​គម្រប់​ខួប ៩ ​ឆ្នាំ ដែល​សម្តេចឪ​, សម្តេច​តា​, សម្តេច​តាទួត ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ​នរោត្ដម សីហនុ ព្រះអង្គ​បាន​សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ នេះ​ជា​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នា​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១​នេះ​។

លោក​បាន​បន្ថែមថា៖ «​នៅថ្ងៃនេះ ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះកាយពល​ដ៏ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តថា កូនចៅ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស និង​មន្ត្រីរាជការ សូម​ថ្វាយ​ព្រះរាជកុសល​ព្រះវិញ្ញាណក្ខន្ឋ​ព្រះបរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​បដិសន្ឋិ​ក្នុង​ព្រះបរម​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​។

នៅក្នុង​ថ្ងៃនេះ​ដែរ មន្ត្រីរាជការ​ពី​បណ្តា​ក្រសួង ស្ថាប័ន​នានា​បាន​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ក្នុង​គម្រប់​ខួប​ ៩ ​ឆ្នាំ​នៃ​ការសោយ​ព្រះទិវង្គត​របស់​ព្រះអង្គ​នៅ​ព្រះ​ស្តូប​នៃ​ព្រះបរមរូប​។

នៅក្នុង​ថ្ងៃ​គម្រប់​ខួប​ ៩ ​ឆ្នាំ​នៃ​ការសោយ​ទិវង្គត​របស់​ព្រះបាទ​សម្តេចព្រះ នរោត្ដម សីហនុ នេះដែរ អភិបាលខេត្ត​កែប​លោក សោម ពិសិដ្ឋ ក៏បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និង​គ្រប់​សាលារៀន ត្រូវ​រៀបចំ​តាំង​ព្រះបរម​ឆាយាល័ក្ខណ៍​ព្រះករុណា ព្រះបរម​រតនកោដ្ឋ ដោយមាន​តុបតែង​លម្អ ភ្លើងពណ៌ ចង​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក​នៅក្នុង​បរិវេណ​មន្ទីរ អង្គភាព​របស់ខ្លួន​។

លោក​បាន​លើកឡើង​ថា​៖ «​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ណែនាំ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចង​ទង់ជាតិ ឱ្យ​បាន​គ្រប់​គេហដ្ឋាន​។ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ត្រូវ​ណែនាំ​ដល់​គ្រប់​វត្ត​អារាម មណ្ឌល​វិបស្សនា និង​អាស្រម ព្រះពុទ្ធសាសនា និង​ពាហិរសាសនា រៀបចំ​ពិធី​គោរព និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ទៅតាម​ប្រពៃណី​សាសនា​ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​ការពារ​នានា​របស់​ក្រសួង​សុខាភិបាល​»​។

មិនតែ​ប៉ុណ្ណោះ លោក សោម ពិសិដ្ឋ​ ក៏​បាន​ឱ្យ​មន្ទីរ​ព័ត៌មាន​ខេត្ត ត្រូវ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន អំពី​ព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និង​ស្នា​ព្រះហស្ថ​របស់​ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត ចំពោះ​ជាតិ សាសនា និង​ប្រជារាស្ត្រ​៕