ភ្នំពេញៈ អ្នកជំងឺ​កូវីដ​ ១៩ ​ចំនួន​ ៥៣ ​នាក់ ដែល​រួមមាន​ស្ត្រី​សម្រាលកូន​ ១១ ​នាក់​បានជា​សះស្បើយ​កាលពី​ថ្ងៃទី​ ១១ និង​ ១៤ ​ខែតុលា​ឆ្នាំ​ ២០២១ ​នេះ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ជាមាន​យ៉ាងហោចណាស់​ជាង​ ១០០ ​នាក់​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​ ៧ (​គន្ធបុប្ផា​ទី​ ៣) ​ក្នុង​ខែតុលា​ឆ្នាំ​ ២០២១ ​នេះ​។

យោងតាម​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានឱ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៤ ខែតុលា​ឆ្នាំ ២០២១ អ្នកជំងឺ​កូវីដ​ ១៩ ​ចំនួន​ ៣២ ​នាក់​ដែល​រួមមាន​ទាំង​ស្ត្រី​សម្រាល​កូន​រួច​ ៧ ​នាក់​ផងដែរ​នោះបាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​។ ក្រៅពីនេះ អ្នកជំងឺ​កូវីដ​ ១៩ ​ចំនួន​ ២១ ​នាក់​ផ្សេងទៀត ដែល​ក្នុងនោះ​មាន​ទាំង​ស្ត្រី​សម្រាល​កូន​រួច​ចំនួន​ ៤ ​នាក់ ក៏បាន​ជាសះស្បើយ​ផងដែរ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ១១ ខែតុលា ឆ្នាំ​ ២០២១​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​សរសេរថា​៖ «​សូម​អរគុណ​ និង​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ​យុទ្ធជន​អាវស ទាំង​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័នទី ៧ (​គន្ធបុប្ផា​ទី​ ៣) ​ដែល​បាន​ជួយ​សម្រាលកូន​របស់គាត់ និង​ព្យាបាល​ប្រកបដោយ​ជោគជ័យ​។ នេះ​ជា​លទ្ធផល​ដ៏មោទន​មួយ​នៃ​ការពិនិត្យ ព្យាបាល​ដោយ​មិន​បង់ថ្លៃ និង​មិនមាន​ការរើសអើង​»​។

យ៉ាងហោចណាស់ អ្នកជំងឺ​កូវីដ​ ១៩ ​សរុប​ ១៦៥ ​នាក់​បានជា​សះស្បើយ​ក្នុង​ខែតុលា​ឆ្នាំ​ ២០២១​នេះ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ អ្នកជា​សះស្បើយ​ទាំងនោះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ត្រូវបាន​ណែនាំ​ឱ្យ​បន្តធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ថែមទៀត និង​ត្រូវអនុវត្ត​វិធាន​សុខាភិបាល​ ៣ ​ការពារ និង​ ៣ កុំ​។

មូលនិធិ​នេះ​បាន​លើកឡើងថា មន្ទីរពេទ្យ​នេះ​អាច​ដំណើរការ​ទៅបាន គឺ​ដោយសារ​តែ​ការបរិច្ចាគ​របស់​សប្បុរសជន​នានា​។ ហេតុនេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ធ្វើការ​អំពាវនាវ សូម​ឱ្យ​សាធារណជន​ចូលរួម​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា បើទោះបីជា​ថវិកា​តិចតួច​យ៉ាងណាក្តី​៕