កណ្ដាលៈ លោក ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល​បាន​ជំរុញ​ឱ្យ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បញ្ចប់​ការបូម​ខ្សាច់​ខុស​ទីតាំង និង​ការបូម​ខ្សាច់​លើស​ម៉ោង​កំណត់ ដែល​អាចធ្វើឱ្យ​មានការ​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​បាក់​ច្រាំងទន្លេ​ បន្ទាប់ពី​ទឹកទន្លេ​ស្រក​ចុះ​។

លោក ម៉ៅ ភិរុណ បាន​ជំរុញ​បែបនេះ​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​ ២៩ អាណត្តិ​ទី​ ៣ នា​ព្រឹក​ថ្ងៃទី​ ១៤ តុលា ឆ្នាំ​ ២០២១ នៅ​សាលា​ខេត្តកណ្ដាល តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom Meeting ដោយ​មាន​ការចូលរួម​ពី​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​មកពី​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។

លោក ម៉ៅ ភិរុណ ថ្លែងថា បន្ទាប់ពី​មាន​ការស្រក​ចុះ​នូវ​ទឹកទន្លេ ព្រែក អាច​បណ្ដាលឱ្យ​មាន​ការបាក់​ច្រាំង ដែលជា​កត្តា​ធម្មជាតិ ក៏ប៉ុន្តែ​ក៏មាន​កត្តា​មួយចំនួន ដែល​ជា​បញ្ហា​ប្រឈម​បណ្ដាល​ឱ្យ​មាន​ការបាក់​ច្រាំងទន្លេ និង​ធ្វើឱ្យ​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដូចជា ការបូម​ខ្សាច់​ខុស​ទីតាំង​ដែល​បានកំណត់ និង​កាបូម​ហួស​ម៉ោង​ដែល​ច្បាប់​បានកំណត់​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហការ​គ្នា​បញ្ចប់​នូវ​សកម្មភាព​ទាំងនេះ​ឱ្យបាន ដើម្បី​កាត់បន្ថយ​នូវ​ការបាក់​ច្រាំង និង​ការរំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​»​។

ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ម៉ៅ ភិរុណ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការបង្ការ ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បាន​យ៉ាង​ល្អប្រសើរ ក្នុង​អំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងមក​៕