ភ្នំពេញៈ មនុស្ស​ចំនួន​ ១៥ ​នាក់ ​ត្រូវបាន​ឃាត់ ដើម្បី​អប់រំ និង​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ​ជាជាង​ ៧ ​លាន​រៀល​ ដោយសារតែ​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​កាលពី​ថ្ងៃទី​ ១៤ ​ខែ​ តុលា ​ឆ្នាំ​ ២០២១​។

គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.អ.ក) ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី​ ១៥ ​ខែតុលា​នេះ​ឱ្យដឹងថា គ.អ.ក បាន​អនុវត្ត​វិធានការ​ច្បាប់​មាន​ចំនួន ១១ ករណី​។ ក្នុងនោះ​បាន​ធ្វើការ​ឃាត់​ខ្លួន​មនុស្ស​យកមក​អប់រំ និង​ពិន័យ​ចំនួន​ ១៥ ​នាក់ និង​ឃាត់​រថយន្ត​បាន​ ១ ​គ្រឿង ដោយ​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់ ចំនួន​ ៧ ៨០០ ០០០ ​រៀល ដោយសារ​តែ​ល្មើ​សនឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល សម្រាប់​ថ្ងៃទី​ ១៤ ខែតុលា​នេះ​។

គ.អ.ក ក៏​បាន​ឱ្យដឹង​ផងដែរ​ថា កាលពី​ថ្ងៃទី​ ១៤ ​ដដែល​នោះ ក្រុមការងារ​ក៏បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​បាន​ ៤៧១ ​ទីតាំង​ផ្សេងៗ​គ្នា និង​អប់រំ​មនុស្ស​តាម​គោលដៅ​ចរាចរណ៍​ផ្លូវគោក​បាន​ ២០៤ ​នាក់ ដែលមាន​យានយន្ត​ចំនួន​ ១៣៥ ​គ្រឿង​ផងដែរ​៕