ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​ ១៤ ​តុលា បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​វិធាន​សុវត្ថិភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បរមា (SOP) ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​នៅ​ចុងឆ្នាំ​ ២០២១​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព សមាគមន៍​ទេសចរណ៍ សមាគមន៍​សណ្ឋាគារ និង​ភោជនីយដ្ឋាន សមាគមន៍​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍ អ្នកគ្រប់គ្រង​សណ្ឋាគារ និង​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​។ នេះ​បើតាម​រដ្ឋបាលខេត្ត​។

វិធាន​សុវត្ថិភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បរមា ( SOP) តាមបែប​គន្លង​ថ្មី សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទេសចរណ៍​មាន​ដូចជា ១ គោលការណ៍​ណែនាំ​សម្រាប់​ភ្ញៀវ ២ គោលការណ៍​ណែនាំ សម្រាប់​បុគ្គលិក ៣ ការសម្លាប់​មេរោគ ៤ ការគ្រប់គ្រង​ភោជនីយដ្ឋាន ៥ សេវាកម្ម​ដឹកជញ្ជូន ៦ ការកំណត់​រចនាសម្ព័ន្ធ និង​ការរៀបចំ​ភោជនីយដ្ឋាន​។

លោក គួច ចំរើន បាន​ថ្លែងថា ការជួប​ជុំគ្នា​នាពេលនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បរមា (SOP) តាមបែប​គន្លង​ថ្មី​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ម្ចាស់​អាជីវកម្ម ត្រូវខិតខំ​ស្វែងយល់​ពី​បទបង្ហាញ​វិធាន​សុវត្ថិភាព​ស្តង់ដា (SOP) ថ្វីដ្បិតតែ​ជំងឺ​កូវីដ​ ១៩ នៅ​ខេត្ត​ព្រះសីហនុ​មាន​ការធូរស្រាល​ប្រសើរឡើង ដោយសារ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​វិធានការ​នានា ដូចជា​វិធាន​សុខាភិបាល និង​វិធានការ ៣ ការពារ និង ៣កុំ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​…»​។

បើតាម​លោក​ គួច ចំរើន ខេត្ត​ព្រះសីហនុ​មាន​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ជាង ២៩ ​ម៉ឺន​នាក់ ស្មើនឹង ៩២,៧១ ​ភាគរយ ហើយ​មកដល់​ពេលនេះ​ខេត្ត នៅតែ​បន្ត​ចាក់​វ៉ាក់សាំង​ដូស​ទីមួយ​ជូន​ប្រជាពលរដ្ឋ​។

លោក​អភិបាលខេត្ត​បញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរខេត្ត​អត់​ចង់​បិទ អត់​ចង់​ផ្អាក​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​នោះទេ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​វិធាន​សុវត្ថិភាព (SOP) ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បើក​ទេសចរណ៍ និង​សេដ្ឋកិច្ចសង្គម​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​រួមគ្នា​រស់នៅ​តាមបែប​គន្លង​ថ្មី ជាមួយ​កូវីដ​ ១៩ ដើម្បី​បើក​ទេសចរណ៍​ផ្ទៃក្នុង និង​ទេសចរណ៍​បរទេស​ឡើងវិញ​នៅពេល​ខាងមុខ ក៏ដូចជា​បង្កើន​មុខរបរ​របស់​បងប្អូន​។ ដូច្នេះ​ត្រូវមាន​ការចូលរួម​ពី​បងប្អូន​ផងដែរ​ទើប​ទទួលបាន​ជោគជ័យ​»​។

លោក​ គួច ចំរើន បាន​អំពាវនាវ​ដល់​មន្ត្រីរាជការ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង ត្រូវ​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ វា​អាចជួយ​ការពារ​អាយុជីវិត​របស់​យើង​ទាំងអស់​គ្នា​ពី​ការស្លាប់ ហើយ​រាល់​អាជីវកម្ម​ដែល​មាន​ការប្រមូលផ្តុំ អ្នកគ្រប់គ្រង​ទីតាំង​នីមួយៗ​ត្រូវ​ត្រួតពិនិត្យ​បុគ្គលិក​របស់​ខ្លួន និង​ជំរុញ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ដូស ដើម្បី​ធានា​ការមិន​ឆ្លង​កូវីដ​ដល់​ភ្ញៀវទេសចរ​៕