បន្ទាយមានជ័យៈ យុវជន​ ៣ ​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​រឿង​កំហែង​យក​ទូរស័ព្ទ​ពី​ព្រះសង្ឃ​នៅ​វត្ត​ចំនួន​ ៣ ​នាពេល​ថ្មីៗ​នេះ​ត្រូវបាន​តេស្ត​រកឃើញ​ជំងឺ​កូវីដ​ ១៩ ហើយ​នគរបាល​ស្រុក​មង្គល​បូរី​កំពុងតែ​បញ្ជូន​ពួកគេ​ទៅ​ព្យាបាល​មុនពេល​អនុវត្ត​នីតិវិធី​ច្បាប់​។

កម្លាំង​នគរបាល​ស្រុក​មង្គលបូរី​ខេត្តបន្ទាយមានជ័យ និង​នគរបាល​ប៉ុស្តិ៍​ល្វា ស្រុក​បវេល ខេត្តបាត់ដំបង​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ទាំង​ ៣ ​នាក់​កាលពី​ថ្ងៃទី​ ១៤ ​ខែ​តុលា​នេះ ហើយ​បាន​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​មង្គលបូរី ក្រោម​ការសង្ស័យ​រឿង​ធ្វើ​សកម្មភាព​កំហែង​យក​ទូរស័ព្ទ​ពី​ព្រះសង្ឃ​តាម​វត្តអារាម​។ យុវជន​ទាំងនោះ​មាន​អាយុ​ ១៧ ​ឆ្នាំ និង​ ១៨ ​ឆ្នាំ ហើយ​ម្នាក់ទៀត​អាយុ​ ២៥ ​ឆ្នាំ​។ ការឃាត់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ ២ ​ថ្ងៃ​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ដក​ហូត​បាន​វត្ថុតាង​មួយចំនួន​ដូចជា ទូរស័ព្ទដៃ​ ៣ ​គ្រឿង​, អាយ​ផែត​ ០១ ​គ្រឿង​, កាំភ្លើងខ្លី​បាញ់​គ្រាប់កង់​ ០១ ​ដើម​, កាំបិត​សាំម៉ូរ៉ៃ​ ១ ​ដើម​, ម្សៅ​ក្រាម​ពណ៌​សថ្លា​ដែល​សង្ស័យ​ថ្នាំញៀន​ចំនួន​ ៩ ​កូន​ថង់ និង​កូន​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។ នេះ​បើ​យោងតាម​នគរបាលជាតិ​។

លោក​ លី ឈុនគង់ ​អធិការរង​នគរបាល​ស្រុក​មង្គលបូរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៥ ​តុលា​នេះ​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កំហែង​នេះ​នៅ​ប្រមាណ​ជា​ ៣ ​វត្ត​ផ្សេងៗ​គ្នា ដោយ​យកបាន​ទូរស័ព្ទ​ជាច្រើន​គ្រឿង​។ ប៉ុន្តែ​ពួកគេ​មិន​បាន​បង្ក​របួសស្នាម​ដល់​ព្រះសង្ឃ​នោះឡើយ​។

លោក​បញ្ជាក់ថា​៖ «​គ្រាន់តែ​ចូលទៅ​សំឡុត​លោក​យក​ទូរស័ព្ទ ក៏​ចេញ​ទៅវិញ​ទៅ​។ គាត់​ប្រើប្រាស់​ [​ថ្នាំញៀន​] ហើយ​មាន​ជាប់​ខ្លួន​ ៩ ​កញ្ចប់​តូច​។​...​ក្មេងៗ​ហ្នឹង​គ្មាន​ម៉ែ គ្មាន​ឪ​។ មួយ​នោះ​នៅតាម​វត្ត​តាម​អី​ដូច​ក្មេង​អនាថា​។ គ្មាន​អ្នកគ្រប់គ្រង​ទេ​»​។ លោក​បន្តថា នគរបាល​បាន​បញ្ជូន​ពួកគេ​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ ១៩ ​នៅ​មន្ទីរពេទ្យ​ស្រុក​មង្គលបូរី ហើយ​លទ្ធផល​វិជ្ជមាន​ទាំង​ ៣ ​នាក់​។ ប៉ុន្តែ​មិនដឹងថា​ពួកគេ​បាន​ឆ្លង​ជំងឺ​ពី​ប្រភព​ណា​មក​នោះទេ​។ នគរបាល​កំពុងតែ​រៀបចំ​ឯកសារ​បញ្ជូន​ពួកគេ​ទៅ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ហើយ​ពួកគេ​នឹងត្រូវ​បញ្ជូន​ទៅ​តុលាការខេត្ត​តាម​នីតិវិធី​ច្បាប់ ក្រោយពេល​ជាសះស្បើយ​ពី​ជំងឺ​នោះ​៕