ភ្នំពេញៈ របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក អន្តរជាតិ-កម្ពុជា​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ គ្រួសារ​ប្រជាជន​ជិត​ ៨០ ​ភាគរយ​ក្នុង​ស្រុក​ចំនួន​ ២៤ ​ក្នុង​ខេត្ត​ចំនួន​ ៩ ដែលជា​តំបន់​គោលដៅ​អនុវត្ត​គម្រោង​ទឹកស្អាត​របស់​ខ្លួន​មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ គឺ​កើនឡើង​ប្រមាណ​ ២៦ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ខេត្ត​ទាំងនោះ​រួមមាន ខេត្ត​ក្រចេះ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និង​តាកែវ​។

របាយការណ៍​វាយតម្លៃ​ឆ្នាំ​ ២០២១ ​នេះ​ធ្វើឡើង​ក្នុង​តំបន់​គោលដៅ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​កម្ពុជា​ដែល​អនុវត្ត​កម្មវិធី​ទឹកស្អាត និង​អនាម័យ (WASH ) ក្នុង​ស្រុក​គោលដៅ​ចំនួន​ ២៤ ​ក្នុង​ខេត្ត​ចំនួន​ ៩ ​នេះ​។

អង្គការ​ទស្សនៈ​ពិភពលោក​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៥ ខែតុលា​ថា៖ «​របាយការណ៍​វាយតម្លៃ​បង្ហាញថា គ្រួសារ​ចំនួន​ ៧៨៣ ភាគរយ មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ ដែល​តួលេខ​នេះ​មាន​ការកើនឡើង ២៦,៦ ភាគរយ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៨»​។

លទ្ធផល​នេះ​ក៏​ប្រហាក់ប្រហែល​នឹង​របាយការណ៍​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា​ឆ្នាំ​ ២០២០ ដែល​បង្ហាញថា គ្រួសារ​ប្រមាណ​ជា​ ៨៦ ​ភាគរយ​មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ​។

ថ្ងៃទី​ ១៥ ខែតុលា គឺជា​ទិវា​លាង​សម្អាត​ដៃ​ពិភពលោក ដែល​ឆ្នាំនេះ​ប្រារព្ធ​ធ្វើឡើង ក្រោម​ប្រធានបទ​ «​អនាគត យើង​ស្ថិតនៅលើ​ដៃ​យើង​សូម​ចូលរួម​លាង​សម្អាត​ដៃ​ទាំងអស់​គ្នា​»​។

អង្គការ​នេះ​បាន​ដកស្រង់​ការរកឃើញ​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូនីសែហ្វ ថា​ការលាងដៃ​នឹង​សាប៊ូ​ជួយ​ឱ្យ​មនុស្ស​ ១៦៥ ០០០ ​នាក់ ចៀស​ផុតពី​ការស្លាប់​ដែល​បង្កឡើង​ដោយ​ជំងឺរាក​។

ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ​ក៏​បាន​ជួយ​ការពារ​មនុស្ស​ពី​ជំងឺ​អាសន្នរោគ រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ និង​ជំងឺ​កូវីដ ១៩ ជាដើម​។

លោក នង ដាវីត អ្នកជំនាញ​ជាន់ខ្ពស់​ទទួល​បន្ទុក​កម្មវិធី​ទឹកស្អាត និង​អនាម័យ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា អង្គការ​របស់​លោក​បាន​រួមចំណែក​ជំរុញ​ឱ្យ​មាន​ការលាង​សម្អាត​ដៃ ជាមួយ​នឹង​សាប៊ូ​តាមរយៈ​ការផ្តល់​សម្ភារ​លាង​សម្អាត​ដៃ ក៏ដូចជា​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការអប់រំ ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការលាងដៃ​នឹង​សាប៊ូ​ដល់​ប្រជាជន​ក្នុង​សហគមន៍​។

លោក​ថ្លែងថា​៖ «​បើទោះបី​ជា​តួលេខ​នៃ​គ្រួសារ ដែល​មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ​មាន​ការកើនឡើង​យ៉ាងណាក្តី អង្គការ​ទស្សនៈ​ពិភពលោក​នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​ឱ្យ​ការលាងដៃ​នឹង​សាប៊ូ​ក្លាយ​ជា​ទម្លាប់​ដែល​មិនអាច​ខ្វះ​បាន សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​សហគមន៍​»​។

ក្នុង​ឆ្នាំ ​២០២១ អង្គការ​ទស្សនៈ​ពិភពលោក​បាន​ផ្តល់​ជា​កញ្ចប់​សម្ភារ​អនាម័យ​ដែល​ក្នុង​នោះ​មាន​សាប៊ូ​ដុស​ខ្លួន ម្សៅ​សាប៊ូ ច្រាស​ដុសធ្មេញ និង​ពាងទឹក​មាន​ក្បាល​រ៉ូប៊ីណេ​សម្រាប់​បង្ហូរទឹក​លាងដៃ​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ២៨ ១០០ គ្រួសារ​។

អង្គការ​នេះ​ក៏​បានផ្តល់​ជា​សាប៊ូ​លាងដៃ និង​សាប៊ូម្សៅ ដល់​ពលរដ្ឋ​ចំនួន​ ២៧៥ ០៨៨ គ្រួសារ​ដើម្បី​ចូលរួម ទប់ស្កាត់ ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ផងដែរ​៕