
សកម្មភាពពលរដ្ឋធ្វើពលកម្ម ដើម្បីរកចំណូលថវិកាពីអង្គការ GIZ។ រូបថត FB
សៀមរាបៈ អាជ្ញាធរស្រុកបន្ទាយស្រី និងអង្គការ GIZ នៅខេត្តសៀមរាបបង្កើតការងារបណ្តោះអាសន្នជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ ១៩ ឱ្យទទួលបានប្រាក់ចំណូលទ្រទ្រង់ជីវភាព និងលើកកម្ពស់ការងារបរិស្ថានល្អ និងភាពស្រស់ស្អាតនៅតាមដងផ្លូវពីភូមិព្រះដាក់ ទៅប្រាសាទបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីថ្លែងថា តាមរយៈគម្រោងសាច់ប្រាក់ពលកម្មដែលគាំទ្រថវិកាដោយអង្គការ GIZ ប្រជាពលរដ្ឋប្រមាណ ១៥០ គ្រួសារ ដែលសុទ្ធសឹងតែជាអ្នករស់នៅតាមកំណាត់ផ្លូវពីភូមិព្រះដាក់រហូតដល់ប្រាសាទបន្ទាយស្រីអាចរកបានចំណូលប្រមាណ ៣០០ ដុល្លារ ក្នុង ១ គ្រួសារ នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់។ គម្រោងនេះមានរយៈពេល ៣ ខែ ដែលមានថវិកាប្រមាណជាង ៤ ម៉ឺនដុល្លារ ធ្វើការអនុវត្តបានរយៈពេល ២ ខែកន្លងមកហើយដោយខែតុលានេះជាខែចុងក្រោយ។
លោកថា ប្រជាពលរដ្ឋដែលចូលរួមធ្វើពលកម្ម តាមរយៈគម្រោងនេះត្រូវធ្វើអនាម័យតាមដងផ្លូវ ដោយកាប់ឆ្ការព្រៃ រើសសំរាម និងធ្វើការចាក់បំពេញដីនៅកន្លែងជង្ហុក។ ការធ្វើបែបនេះគឺបានជាប្រយោជន៍សោភណភាពក្នុងនាមជាខេត្តទេសចរណ៍នៅពេលដែលយើងរៀបចំបានស្អាតអ៊ីចឹងទៅអ្នកទេសចរចូលមកគេសរសើរ វាបានចំណេញដល់គាត់ក្នុងនាមជាអ្នករស់នៅតាមបណ្តោយផ្លូវ។ ប្រជាពលរដ្ឋដែលនៅតាមបណ្តោយផ្លូវពីភូមិព្រះដាក់ រហូតមកដល់ប្រាសាទបន្ទាយស្រី ពីមុនមានអាជីពជា អ្នករកចំណូលបានតាមរយៈភ្ញៀវទេសចរដោយលក់ស្ករត្នោត និងរពាក់ជាដើម ប៉ុន្តែក្រោយមានកូវីដ ១៩ គឺគ្មានភ្ញៀវទេសចរ ឆ្លងកាត់នោះទេ ជាហេតុធ្វើឱ្យបាត់ចំណូលរបស់ពួកគាត់។ ប្រជាពលរដ្ឋដែលចូលរួមធ្វើពលកម្មក្នុងគម្រោងនេះមិនទាមទារនូវឧបករណ៍សម្ភារច្រើននោះទេ។ ពួកគាត់អាចធ្វើការងារដោយប្រើកាំបិត ពូថៅដែលជារបស់ខ្លួនឯងយកមកធ្វើការងារនេះបាន។
លោកថ្លែងថា៖ «ចំពោះការចាយទៅលើសាច់ប្រាក់ពលកម្មនេះគឺ ចាយបានតែលើអ្វីដែលជាកម្លាំងពលកម្មទេ យើងមិនអាចចាយអ្វីដែលជាទម្រង់ត្រូវការឧបករណ៍សម្ភារ ឬក៏ការវិនិយោគអីធំដុំទេ បានន័យថា ជាកម្លាំងបាយតែម្តង»។
បើតាមលោកអភិបាលស្រុកបន្ទាយស្រីក្រោយបញ្ចប់គម្រោងនេះអាចនឹងមានបន្តជុំទី ២ ទៀត ប៉ុន្តែអាចនឹងត្រូវប្រើប្រាស់ក្រោមរូបភាពផ្សេង ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតែទទួលបានប្រាក់ចំណូល ក្រោមទម្រង់សាច់ប្រាក់ពលកម្មដដែល៕
វីដេអូ៖