គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ នៃ​ការចាប់ផ្តើម​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២១ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​ ១២ ខែតុលា កន្លងមកនេះ នៅ​ទូទាំង​ប្រទេស​មាន​ប្រជាពលរដ្ឋ​ជាង ៣ ​ម៉ឺន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) នៅ​ថ្ងៃទី​ ១៤ ខែតុលា​ បាន​ឱ្យដឹងថា លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២១ រយៈពេល ៣ ​ថ្ងៃ​សរុប​មាន​ចំនួន ៣៤ ៩៤៤ នាក់​។

គ.ជ.ប បាន​បញ្ជាក់ថា៖ «​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សរុប មាន​ចំនួន ២០ ២០៤ នាក់ ហើយ​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​សរុប​មាន​ចំនួន ៨ ០០១ នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​សរុប​មាន​ចំនួន ១០ ១៥៧ នាក់​»​។

គួរបញ្ជាក់​ផងដែរ​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​​ ២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១២ ខែតុលា ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨ ​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​ ៦ ខែមិថុនា ឆ្នាំ​ ២០០៤) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​៕