កងពលតូច​លេខ​ ៧០ បាន​ដើរតួនាទី​យ៉ាងសំខាន់​ចូលរួម​ចំណែក​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ គឺ​ការចូលរួម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ដល់​កងទ័ព គ្រួសារ​កងទ័ព អតីតយុទ្ធជន និង​ចូលរួម​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុង​តំបន់​ក្រហម នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ផងដែរ​។

នេះ​ជា​ការលើកឡើង​របស់​លោក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​ ៧០ ក្នុង​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ២៧ ថ្ងៃ​បង្កើត​កងពលតូច​លេខ​ ៧០ ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ១៩៩៤ ​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១ ​នេះ​។

លោក​បានឱ្យ​ដឹងថា៖ «​ខ្ញុំ​សូម​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាង​ស្មោះ ចំពោះ​ជោគជ័យ​ដ៏ត្រចះត្រចង់ និង​សមិទ្ធផល​ដ៏ធំធេង​នៃ​កងពលតូច​ ៧០ សម្រេច​បាន​ក្នុង​រយៈពេល​ ២៧ ​ឆ្នាំ​ក្នុង​កិច្ចការពារជាតិ ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​»​។

ជាមួយ​គ្នា​នេះដែរ ក្នុង​ប្រតិបត្តិការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​ដែរ ក៏មាន​យោធិន​មួយចំនួន​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយ​កងពល​បាន​បញ្ជូនទៅ​ព្យាបាល​រហូត​បានជា​សះស្បើយ​។ លើសពីនេះ​ទៀត​កងពល​ក៏បាន​សហការ​ជាមួយ​ក្រសួងការពារជាតិ​ផលិត និង​ចែក​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជូន​កងទ័ព ក្រុមគ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ផងដែរ​។

លោក ម៉ៅ សុផាន់ បាន​បញ្ជាក់ថា៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក៏មាន​សមិទ្ធផល​ជាច្រើន​ទៀត​ដូចជា​អគារ​ស្នាក់នៅ អគារ​ធ្វើការ អគារ​ចំណតរថយន្ត អគារ​មន្ទីរពេទ្យ អាងទឹក​ និង​ម៉ាស៊ីន​ចម្រុះ​ទឹកស្អាត និង​ការបង្កបង្កើនផល ចិញ្ចឹមសត្វ​សុទ្ធតែជា​ស្នាដៃ​ខិតខំ​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​»​។

រាល់​សមិទ្ធផល​ដ៏ធំធេង​ដែល​កងពលតូច​លេខ​ ៧០ សម្រេច​បានគិត​ចាប់តាំងពី​ថ្ងៃ​បង្កើត​កងពល រហូត​មក​ទល់នឹង​ពេលនេះ គឺ​អាស្រ័យ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​តស៊ូ លះបង់​ពុំ​ខ្លាច​នឿយហត់ និង​ការធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ប្រកប​ដោយ​ការគោរពវិន័យ ការគោរព​បទបញ្ជា សាមគ្គី​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​របស់​មេបញ្ជាការ​គ្រប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​កងពល ទើប​ការងារ​នេះ​ទទួលបាន​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​កន្លងមក​៕