ក្រសួង​បរិស្ថាន​បាន​បន្ត​ផ្តល់​ម៉ូតូ​ដឹក​សំរាម សំណល់​រឹង​ទៅដល់​រដ្ឋបាល​ក្រុង-ស្រុក​ចំនួន ១១ ទៀត​ក្នុង​ខេត្ត​ចំនួន​ ៤ ​ដើម្បី​ឈាន​ទៅ​មាន​ភាព​ជា​ម្ចាស់​ក្នុង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ឱ្យ​ស្អាត ឱ្យអស់ ទាន់ពេល និង​មាន​និរន្តរភាព​។

យោង​តាម​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៅ​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ម៉ូតូ​ដឹក​សំរាម សំណល់​រឹង ចំនួន ១១ ​គ្រឿង​ត្រូវ​បាន​ប្រគល់​ទៅដល់​ខេត្ត​ចំនួន​ ៤ ​រួមមាន​ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង​។

ម៉ូតូ​ដឹក​សំរាម សំណល់​រឹង​ទាំងនោះ​ផ្តល់ជូន ខេត្តក្រចេះ ចំនួន ៤ ​គ្រឿង សម្រាប់​ស្រុក​ចិត្របុរី សំបូរ ព្រែក​ប្រសព្វ និង​ស្រុក​ឆ្លូង​, ខេត្តមណ្ឌលគិរី ទទួលបាន​ម៉ូតូ ២ ​គ្រឿង មាន​ក្រុង​សែនមនោរម្យ និង​ស្រុក​កោះញែក​, ខេត្តរតនគិរី ទទួលបាន​ម៉ូតូ ១ ​គ្រឿង សម្រាប់​ស្រុក​តាវែង និង ខេត្តស្ទឹងត្រែង ទទួលបាន​ម៉ូតូ ៤ ​គ្រឿង សម្រាប់​ស្រុក​សៀមប៉ាង ថាឡាបរិវ៉ាត់ សេសាន និង​បុរី​អូរស្វាយសែនជ័យ​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​សប្តាហ៍​មុន រថយន្ត និង​ម៉ូតូ​ដឹក​សំរាម សំណល់​រឹង​ចំនួន​ ១៧ ​គ្រឿង​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ប្រគល់ជូន​អង្គភាព រដ្ឋបាល​ក្រុង-ស្រុក ចំនួន ១៦ មកពី​រាជធានី-ខេត្ត ចំនួន ​៨ និង​អង្គការ​ចំនួន ​០១ ផងដែរ​៕