អភិបាលខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បានសម្រេច​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​រយៈពេល​ ២ ​សប្តាហ៍​ទៀត​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២១ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា​ (Delta)​។

លោក​បានបញ្ជាក់​តាមរយៈ​សេចក្តីសម្រេច​កាលពី​ថ្ងៃទី​ ១៤ ខែតុលា​ថា ក្នុង​រយៈពេល​នៃ​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ត្រូវ​បាន​ហាមឃាត់​ការធ្វើសកម្មភាព​មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ និង​ការសេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រួមទាំង​រោងភាពយន្ត រោង​សម្តែង​សិល្បៈ សារមន្ទីរ ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​។

លោក ប្រាក់ សុវណ្ណ បាន​បន្ថែមថា៖ «​តូប​លក់​ចល័ត ផ្សារ​រាត្រី ម៉ាត ហាង​លក់ទំនិញ​គ្រប់​ប្រភេទ ភោជនីយដ្ឋាន អាហារដ្ឋាន ការជួបជុំ​នៅតាម​ទីសាធារណៈ​នានា​ដែល​មាន​ភាពអ៊ូអរ ត្រូវ​ហាមឃាត់ ចន្លោះ​ពី​ម៉ោង ១០ ​យប់​ដល់​ម៉ោង ៣ ទៀបភ្លឺ​ជា​កំហិត ហើយ​ហាម​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ផងដែរ​»​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​នៃ​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​នេះដែរ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើសពី ១០ ​នាក់​ត្រូវ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច លើកលែង​តែ​ចំពោះ​ករណី​ចាំបាច់​ប៉ុណ្ណោះ​។

លោក​ថា៖ «​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​សម្រេច​ហាមឃាត់ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេងទៀត​ដោយយោង​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

ក្នុង​រយៈពេល​នៃ​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ភោជនីយដ្ឋាន អាហារដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​របស់ខ្លួន​ក្នុង​ករណី​ដែល​អាជីវកម្ម​ទាំងនោះ​ធានា​បាន​នូវ​វិធាន​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស ការរក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម​៕