សៀមរាបៈ ក្រុម​ភ្នាក់ងារ​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ប្រចាំការ​នៅ​តាម​ប្រាសាទ​នានា នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ នៅ​ថ្ងៃទី​ ១៤ តុលា បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​គ្រប់គ្រង​ហានិភ័យ​ប្រាសាទ។

វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ សហការ​ជាមួយ​អ្នក​ជំនាញ​ស្ថាប័ន GIZ ប្រទេស​អាល្លឺម៉ង់ នាយកដ្ឋាន​អភិរក្សប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា។ នេះ​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា។

វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើ​ឡើង​នៅ​បណ្ណាល័យ​ខាង​ជើង​ថែវរួត​ព្រះពាន់ នៃ​ប្រាសាទ​អង្គរវត្ត ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​បន្ថែម​ដល់​ភ្នាក់ងារ​ទេសចរណ៍​ដែល​ប្រចាំការ​ផ្ទាល់​តាម​ប្រាសាទ ដែល​ជា​ទុន​បន្ថែម ដើម្បី​ឱ្យ​ភ្នាក់ងារ​ទាំង​អស់​បាន​ដឹង​ពី​ស្ថានភាព​ជាក់​ស្ដែង​របស់​ប្រាសាទ ក្នុង​ការ​រួម​ចំណែក​ក្នុង​កិច្ចការ​អភិរក្ស​ប្រាង្គប្រាសាទ​ឱ្យ​កាន់​តែ​ល្អ​សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត។

លោក អ៊ឹម សុខរិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យានអង្គរ និង​ជា​បុរាណវិទ្យា​បង្ការ​បាន​ថ្លែង​ថា អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​យក​ចិត្ត​ទុក​ដាក់​បង្កើន​សមត្ថភាព​ផ្ទៃ​ក្នុង ក្នុង​រង្វង់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ផ្ទេរ​ចំណេះ​ដឹង និង​បទពិសោធន៍​ពី​អ្នក​ចេះ​ដឹង​ច្រើន​ទៅ​អ្នក​ចេះ​តិច ជា​ពិសេស​ភ្នាក់ងារ​ទេសចរណ៍ ដែល​ធ្វើ​ការងារ​ផ្ទាល់​នឹង​ប្រាសាទ។

លោក​បញ្ជាក់​ថា៖ «វគ្គ​បណ្តុះបណ្តាល​នេះ បង្ហាញ​ពី​ចំណេះដឹង​ទូទៅ អំពី​ថ្ម ប្រវត្តិ​ថ្ម ភាព​សឹក​រេចរឹល​នៃ​ថ្ម​ប្រាង្គ​ប្រាសាទ ការ​វិវត្តន៍​នៃ​សំណង់ ស្ថាបត្យកម្ម រចនាសម្ព័ន្ធ និង​ស្គាល់​ច្បាស់​ពី​ទីតាំង​ហានិភ័យ​ជាដើម»។

លោក​លើក​ឡើង​ថា ក្រុម​ភ្នាក់ងារ​ទេសចរណ៍ ត្រូវ​មាន​ចំណេះដឹង​ជា​មូលដ្ឋាន គឺ​ត្រូវ​ចេះ​សង្កេត​គ្រប់​ទីកន្លែង ដើម្បី​ដឹង​ពី​ស្ថានភាព​ទូទៅ​របស់​ប្រាសាទ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​បាន​ទាន់​ពេលវេលា៕