សៀមរាបៈ យុវតី​ជា​សិស្ស​ថ្នាក់​ទី​ ៧ ​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​ ១៤ ខែតុលា ខណៈពេល​ដែល​កំពុងតែ​ជួយ​ជម្រះ​ស្មៅ​ដំឡូងមី​ម្តាយមីង​នៅ​ភូមិ​ត្រពាំងត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

លោក​ សឿម សុំ​នាយប៉ុស្តិ៍​ពពេល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ​តុលា​នេះ​ថា ជនរងគ្រោះ​ឈ្មោះ ហេត សុធារ៉ា ​អាយុ​ ១៤ ​ឆ្នាំ​ជា​សិស្ស​រស់នៅ​ក្នុង​ភូមិ​ត្រពាំងត្រុំ ឃុំ​ពពេល​។

លោក​បានឱ្យដឹងថា ជនរងគ្រោះ​បាន​ទៅ​ជួយ​ជម្រះ​ស្មៅ​ដំឡូងមី​ម្តាយមីង​របស់​នាង​ជាមួយ​នឹង​បងប្អូន​ជីដូនមួយ​ផ្សេងទៀត​នៅ​ចំការ​មួយកន្លែង​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​ ៥០០ ​ម៉ែត្រ​កាលពី​វេលា​ម៉ោងជាង​ ២ ​រសៀល​ថ្ងៃទី​ ១៤ ​ខែ​តុលា​នេះ​។ ប្រមាណ​ជាជាង​ ១ ​ម៉ោង​ក្រោយមក ក៏មាន​ភ្លៀង​ធ្លាក់ ហើយ​ពួកគេ​ក៏​នាំគ្នា​ទៅរក​កន្លែង​ជ្រក​ភ្លៀង​។

លោក​បញ្ជាក់ថា​៖ «​ពេល​ហ្នឹង​មាន​ភ្លៀង​ធ្លាក់​មធ្យម ហើយ​បងជីដូនមួយ​ប្រុស​ហ្នឹង​ក៏​បបួល​ទៅ​ជ្រក​ភ្លៀង​។ គ្រាន់តែ​ដើរចេញ​មក នាង​ក៏ត្រូវ​រន្ទះបាញ់​តែម្តង​។ ពួកគាត់​នៅ​កណ្តាលវាល​។ គាត់​ប្រហែល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​បាញ់​ហ្នឹង​។ ពេល​យកមក​ដល់ផ្ទះ​ទើប​យើង​ដឹង​»​។ លោក​បន្តថា នគរបាល​បាន​ចុះទៅពិនិត្យ​សាកសព ហើយ​ឃើញ​ថា ឃើញ​មាន​ស្នាម​ឆេះ​ដាច់​ជើងខោ​។ លោក​ថា ករណី​រន្ទះបាញ់​ក្នុង​មូលដ្ឋាន​រដ្ឋបាល​ឃុំ​ពពេល​កម្រ​កើតមាន​ណាស់​។

យោងតាម​នគរបាលជាតិ​បានឱ្យ​ដឹងថា ក្រោយពេល​មាន​ភ្លៀង បងជីដូនមួយ​របស់​នាង​បាន​ប្រាប់​នាង​ឱ្យទៅ​ជ្រក​ភ្លៀង​សិន​។ ភ្លាមៗ​នោះ ជនរងគ្រោះ​ក៏បាន​ដើរ​ទៅ​បាន​ប្រហែល​ ៣ ​ជំហាន ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ចំក្បាល​ធ្វើឱ្យ​ជ្រុះ​មួក​ចេញពី​ក្បាល ហើយ​ស្លាប់​តែម្តង​។ តាម​ការពិនិត្យ​សាកសព​របស់​សមត្ថកិច្ច​ជំនាញ​លើ​ផ្នែក​ក្បាល ដងខ្លួន និង​អវៈយវៈ ពុំមាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ឬ​ឃាតកម្ម​នោះទេ​។ តាម​ការសន្និដ្ឋាន​របស់​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន ហើយ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​សំណាក​រក​មេរោគ​កូវីដ​ ១៩ ​ផងដែរ ប៉ុន្តែ​លទ្ធផល​គឺ​អវិជ្ជមាន​៕