​ភ្នំពេញៈ អង្គការ​យូណេស្កូ បាន​សាទរ​ចំពោះ​វិធានការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់ចេញ​សារាចរ​ទប់ស្កាត់​ការ​វាយកម្ទេច​ និង​បំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​នៅ​កម្ពុជា​។

​ការ​សាទរ​នេះ​ធ្វើឡើង ក្រោយពី​លោក ហ៊ុន សែន កាលពី​ថ្ងៃទី ​១២ ខែតុលា បានចេញ​សារាចរ​ស្តីពី​ការទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ បន្ទាប់ពី​រកឃើញ​មានការ​វាយ​បំផ្លិចបំផ្លាញ និង​ធ្វើឱ្យ​ខូចខាត​សំណង់​អគារ​បេតិកភណ្ឌ​នៅតាម​បណ្តា​រាជធានី​-ខេត្ត ដែល​ជាការ​ប្រឈម​នឹង​ហានិភ័យ និង​ការគំរាមកំហែង​ខ្ពស់​ដោយ​ការអភិវឌ្ឍ​។

​សារាចរ​នេះ​ធ្វើការ​ហាមឃាត់​ការកែប្រែ ការប្តូរ​រូបរាង​ខាងក្រៅ ឬ​ធ្វើឱ្យ​ខូចខាត​សោភ័ណភាព​សំណង់​បេតិកភណ្ឌ​ទីក្រុង​។

​អង្គការ​យូណេស្កូ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៥ តុលា​ថា​៖ «​អង្គការ​យូណេស្កូ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចេញ​សារាចរ​នេះ​ ដើម្បី​លើកកម្ពស់​ការអភិរក្ស​បេតិកភណ្ឌ ​និង​ការ​អភិ​ឌ្ឍ​ប្រកបដោយ​ចីរភាព​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់បង់ និង​ការខូចខាត​អគារ​បេតិកភណ្ឌ​ទីក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​»​។

​យូណេស្កូ​បញ្ជាក់ថា សារាចរ​នេះ មាន​គោលបំណង​អភិរក្ស​អគារ​បេតិកភណ្ឌ​ទីក្រុង រួមមាន​អគារ​សាសនា អគារ​សាធារណៈ អគារ​ឯកជន​អគារ​លំនៅឋាន​ និង​ផ្ទះ​បុរាណ​ព្រមទាំង​កំណត់​នូវ​អនុសាសន៍​ ដើម្បី​ទប់ស្កាត់​ការបំផ្លិចបំផ្លាញ​ និង​ទម្រង់​នៃ​ការកែប្រែ​ការផ្លាស់ប្តូរ​ឬ​ការខូចខាត​រូបរាង អគារ​បេតិកភណ្ឌ​ទីក្រុង​។

​បេតិកភណ្ឌ​ទីក្រុង​រួមទាំង​សមាសធាតុ​រូបី​និង​អរូបី​បង្កើតបានជា​ធនធាន​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់​ភា​ព​រស់​រវើក និង​ភាព​ធន់​នៃ​ទីក្រុង​និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​បរិ​យា​ប័ន្ន​សង្គម​។

​យោងតាម​យូណេស្កូ​ប្រទេស​កម្ពុជា មាន​កំណត់ត្រា​យូរអង្វែង នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​លើ​ការអភិរក្ស​វប្បធម៌ ហើយ​សារាចរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី នេះ នឹង​ពង្រឹង​បន្ថែមទៀត នូវ​តុល្យភាព​រវាង​ការរីកចម្រើន​ទីក្រុង​ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បញ្ជាក់​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ចំពោះ​គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១ ដែល​ចែង​ពី​សារៈសំខាន់​បេតិកភណ្ឌ​វប្បធម៌​និង​ធម្មជាតិ​ក្នុងការ​ធ្វើឱ្យ​ទីក្រុង​មាន​សុវត្ថិភាព​និង​មាន​ភាព​ធន់​។

​យូណេស្កូ​បញ្ជាក់ថា​៖ «​សារាចរ​នេះ​ក៏​នឹង​លើកកម្ពស់​ការគោរព​ជាស​កល ចំពោះ​សិទ្ធិ​វប្បធម៌​សម្រាប់​ទាំងអស់គ្នា​តាមរយៈ​ការ​ស្តារឡើងវិញ និង​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​»​។

​យូណេស្កូ​បញ្ជាក់ថា ប្រទេស​កម្ពុជា មាន​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​ដែលមាន​តំបន់​បេតិកភណ្ឌ ពិភពលោក​ចំនួន​៣ របស់​អង្គការ​យូណេស្កូ​រួមមាន​តំបន់​ប្រាសាទ​អង្គរ ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទ សំបូរ​ព្រៃ​គុក​។

​យូណេស្កូ​បាន និងកំពុង​ធ្វើកា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ការអភិរក្ស តំបន់​ទាំងនេះ ហើយ​យូណេស្កូ នឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស ដល់​រាជរដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​និង​ទីក្រុង​៕​

វីដេអូ៖