ទិវា​ស្បៀងអាហារ​ពិភពលោក (WFD) ឆ្នាំ​ ២០២១ ​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​សកម្មភាព​យើង​គឺជា​អនាគត​យើង ផលិតកម្ម​ល្អ អាហារូបត្ថម្ភ​ល្អ បរិស្ថាន​ល្អ​នាំឱ្យ​ជីវិត​កាន់តែ​ប្រសើរ​» ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ១៦ ខែតុលា ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ប្រមាណ ១៥០ ទូទាំង​ពិភពលោក​នឹងធ្វើ​ដូចគ្នា​នេះ​ដែរ​។

បើតាម​អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) បានឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ ២០២១ ​នេះ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​តម្រូវការ​ក្នុង​ការគាំទ្រ​ដល់​ការប្រែក្លាយ​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព បរិយាប័ន្ន ធន់ និង​ប្រកប​ដោយ​និរន្តរភាព​។

អង្គការ​ FAO បាន​បញ្ជាក់ថា ទិវា​នេះ​ជា​វេទិកា ដែល​អំពាវនាវ​ឱ្យមាន​ការចូលរួម​ធ្វើ​សកម្មភាព​ពី​គ្រប់​វិស័យ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានាថា​ប្រព័ន្ធ​ស្បៀង​មាន​លទ្ធភាព​ផ្គត់ផ្គង់ អាហារ​គ្រប់គ្រាន់ ដែលមាន​អាហារូបត្ថម្ភ ប្រកប​ដោយ​សុវត្ថិភាព ធានា​ដល់​ជីវិត​មនុស្ស​គ្រប់រូប​ប្រកប​ដោយ​សុខុមាលភាព ការពារ​ភពផែនដី​ផងដែរ​។

តំណាង​ស្ដីទី​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​កម្ពុជា លោក Antonio Schiavone ពន្យល់ថា ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំនេះ គឺជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​ស្បៀង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន​ឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ទៅលើ​ការជ្រើសរើស អាហារ និង​របៀប​នៃ​ការផលិត វេចខ្ចប់ ចម្អិន និង​រក្សាទុក​អាហារ​ដែល​ធ្វើឱ្យ​យើង​គ្រប់​គ្នា​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​នេះ​។

បើ​យោងតាម​របាយការណ៍​ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ពិភពលោក (SOFI) បន្ទាប់ពី​មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​ជាច្រើន​ទសវត្សរ៍​មកនេះ ចំនួន​មនុស្ស​ស្រេកឃ្លាន​បាន​កើនឡើង​វិញ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ប្រជាជន​ប្រមាណ​មួយ​ភាគ​ដប់​នៃ​ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក ត្រូវ​ចូល​គេង​ក្នុង​ភាព​ស្រេកឃ្លាន​នៅ​ឆ្នាំ ២០២០​។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា៖ «​មនុស្ស​ជាង​បី​ពាន់​លាន​នាក់ គ្មាន​លទ្ធភាព​ទទួលទាន​របប​អាហារ​ដែល​មាន​ជីវជាតិ ខណៈ​ដែល​ជំងឺ​ធាត់ និង​ជំងឺមិនឆ្លង​ផ្សេងទៀត គឺជា​បញ្ហា​ដ៏គួរ​ឱ្យ​ព្រួយបារម្ភ និង​កំពុងតែ​កើនឡើង​»​។

ចំណែក​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ FAO បាន​លើកឡើង​ថា ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាន​បង្កឱ្យ​មាន​ការរាំងស្ទះ​ដល់​វឌ្ឍនការ​ដែល​បាន​រៀបចំ​ជាយូរ​មកហើយ ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ត្រឹម​ឆ្នាំ​ ២០៣០​។

ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំនេះ នឹង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​សកម្មភាព​យើង​ គឺជា​អនាគត​យើង ផលិតកម្ម​ល្អ អាហារូបត្ថម្ភ​ល្អ បរិស្ថាន​ល្អ នាំឱ្យ​ជីវិត​កាន់តែ​ប្រសើរ​»។ រូបថត ហ្វេសប៊ុក

នៅ​កម្ពុជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ​ដោយសារ​ពួកគេ ភាគច្រើន​ពឹងផ្អែក​លើ​ប្រភព​ចំណូល​ផ្សេងៗ រួមមាន ការធ្វើ​ស្រែចំការ ការស៊ីឈ្នួល ដោយ​លក់​កម្លាំង​ពលកម្ម សកម្មភាព​មិនមែន​កសិកម្ម និង​ប្រាក់​បញ្ញើ​ពី​ពលករ​ចំណាក​សុក្រ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ពលរដ្ឋ​ជាច្រើន​បាត់បង់​ការងារ​។ យោងតាម​ការវាយតម្លៃ​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ជាង​ពាក់កណ្តាល​នៃ​គ្រួសារ​នៅ​កម្ពុជា​ត្រូវ​កាត់បន្ថយ បរិមាណ និង​គុណភាព​អាហារ​របស់​ពួកគេ​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​នេះ​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​របស់​សេចក្តី​ប្រកាស​ព័ត៌មាន​អង្គការ​ FAO​។

ប្រទេស​កម្ពុជា​មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ស្បៀង​របស់ខ្លួន​។ កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀង​របស់​អង្គការ​សហប្រជាជាតិ​ដែល​រៀបចំ​ឡើងជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​កាលពី​ខែកញ្ញា​កន្លងទៅ ដែលជា​ព្រឹត្តិការណ៍​សកល និង​បានកំណត់​នូវ​មហិច្ឆតា​រួមមួយ​នោះ​គឺ ការពួត​ដៃ​គ្នា​អនុវត្ត​បន្តសកម្មភាព​សំខាន់ៗ​នានា​របស់ខ្លួន ដើម្បី​ផ្លាស់ប្តូរ​របៀប​ដែល​ពិភពលោក​ផលិត និង​ប្រើប្រាស់​ស្បៀងអាហារ​ក្នុង​គោលបំណង​វិលត្រឡប់​ឆ្ពោះ​ទៅ​រក​ការសម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

លោក Antonio Schiavone បាន​សង្កត់ធ្ងន់​ថា៖ «​ដើម្បីឱ្យ​ការប្រែក្លាយ​ប្រព័ន្ធ​ស្បៀង អាច​សម្រេច​ទៅ​បាន យើង​ត្រូវ​ការគាំទ្រ​ផ្នែក​គោលនយោបាយ ការផ្លាស់ប្តូរ​ផ្នត់គំនិត និង​ឥរិយាបថ​របស់​មនុស្ស​ដូចជា​ការប្រកាន់​យក​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ និង​មាន​និរន្តរភាព និង​ការកាត់បន្ថយ​ការខ្ជះខ្ជាយ និង​បាត់បង់​អាហារ និង​គំរូ​អាជីវកម្ម សំដៅ​ធានា​បាន​នូវ​ផលិតកម្ម​ល្អ អាហារូបត្ថម្ភ​ល្អ បរិស្ថាន​ល្អ និង​ជីវិត កាន់តែ​ប្រសើរ ដោយ​មិន​ទុកឱ្យ​នរណា​ម្នាក់​ស្ថិត​ក្នុង​ភាពអត់ឃ្លាន​ឡើយ​»​។

ដោយ​អនុឡោម​ទៅតាម​វិធានការ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ទិវា​ស្បៀងអាហារ​ពិភពលោក (WFD) ​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទី​ទូលាយ​មួយកន្លែង​ក្នុង​ខេត្តព្រៃវែង ដែល​មាន​អ្នកចូលរួម​ប្រមាណ​តែ​ ៥០ ​នាក់​ប៉ុណ្ណោះ ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន អភិបាលខេត្ត ប្រធានស្តីទី​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​៕