ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​បាន​អំពាវនាវ​ដល់​ប្រទេស​សមាជិក​សន្និសីទ​អន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​លើកស្ទួយ​ជំហរ​អន្តរជាតិ​របស់ CICA ក្នុង​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​​ និង​ការវិនិយោគ​។

CICA គឺជា​វេទិកា​អន្តររដ្ឋាភិបាល​សម្រាប់​ពង្រីក​កិច្ចសហប្រតិបត្តិការ ឆ្ពោះ​ទៅរក​ការជំរុញ​សន្តិភាព​សន្តិសុខ​ និង​ស្ថិរភាព​នៅ​អាស៊ី​។

ការអំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​លើក​ទី​ ៦ របស់ CICA តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១២ ខែ​តុលា នៅ​ទីក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន​ក្រោម​មូលបទ «​សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​អាស៊ី​ក្នុង​តថភាព​ថ្មី​នៃ​ពិភពលោក​ ក្រោយ​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​»​។

សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការបទេស​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៥ ខែតុលា បញ្ជាក់​ថា​៖ «​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋ សមាជិក CICA ទាំងអស់​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​លើកស្ទួយ​ជំហរ​អន្តរជាតិ​របស់ CICA ក្នុង​ការលើកកម្ពស់​កិច្ចសន្ទនា ដែល​មាន​ប្រកបដោយ​បរិយាប័ន្ន និង​ស្មារតី​កសាង​ការសម្របសម្រួល​ពាណិជ្ជកម្ម​ និង​ការវិនិយោគ និង​ការអនុវត្ត​មធ្យោបាយ​ប្រកប​ដោយ​នវានុវត្តន៍​ក្នុង​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ទូទាំង​តំបន់​»​។

លោក ប្រាក់ សុខុន ក៏បាន​ជំរុញ​រដ្ឋ​សមាជិក CICA ថែរក្សា​សន្តិភាព​ និង​វិបុលភាព​សកល ដែល​ប្រទេស​ទាំងអស់​ខិតខំ​សម្រេច​បាន​ដោយ​លំបាក និង​ស្នើឱ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ដូចជា ជំងឺ​កូវីដ​ ១៩ ការប្រកួតប្រជែង​រវាង​មហាអំណាច ការរាំងស្ទះ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​គម្លាត​នៃ​ការអភិវឌ្ឍ​។

អង្គប្រជុំ​បាន​ដាក់​ចេញ​នូវ​ទិសដៅ​រួម​សម្រាប់​ដោះស្រាយ​បញ្ហា​តំបន់ និង​សកល រួមមាន​ការប្រកាន់​ខ្ជាប់​នូវ​ប្រព័ន្ធ ពាណិជ្ជកម្ម​ពហុភាគី ការការពារ​បរិស្ថាន តម្រូវការ​ក្នុង​ការទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ចុងក្រោយ ដើម្បី​ស្តារ​សង្គម​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ និង​ការប្រកាន់​ខ្ជាប់​នូវ​សិទ្ធិមនុស្ស​។

អង្គប្រជុំ​បានអនុម័ត​ឯកសារ​ចំនួន​ ៣ រួមមាន ទី​ ១ ​បទប្បញ្ញត្តិ​សម្រាប់​ក្រុមប្រឹក្សា​ឥស្សរជន​ឆ្នើម CICA ទី​ ២ បច្ចុប្បន្នភាព​នៃ​កាតាឡុក CICA ស្តីពី​យន្តការ​កសាង​ទំនុកចិត្ត និង​ទី​ ៣ វិសោធនកម្ម​នីតិវិធី​នៃ​ការសម្រេចចិត្ត​របស់ CICA៕