កណ្តាលៈ បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៥ ​ខែ​តុលា ក្រោម​ការសង្ស័យ​ថា​បាន​ចាក់​ជនជាតិ​វៀតណាម​អាយុ​ ៤០ ​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​ភូមិ​អំពិលទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​កាលពី​ថ្ងៃទី​ ១៤ ​ខែតុលា​។

លោក​ កៅ ចេនឡា នាយប៉ុស្តិ៍​សំបួរមាស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ​តុលា​ថា ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ​សុទ្ធតែ​អ្នក​មកពី​ខេត្តព្រៃវែង​។ ប៉ុន្តែ​ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្រោម​ដើមត្នោត​នៅក្នុង​ភូមិ​អំពិល​ទឹក​កាលពី​ថ្ងៃទី​ ១៤ ​ខែ​តុលា​នេះ ហើយ​មន្ត្រី​ពាក់ព័ន្ធ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់បាន​ជនសង្ស័យ​ម្នាក់​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួចហើយ​...​។ អ្នកធ្វើ​កោសល្យវិច័យ​ថា គេ​សម្លាប់​នៅ​ហ្នឹង​។ ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ហ្នឹង​។ ជនរងគ្រោះ​ត្រូវ​ចាក់​ពីក្រោយ​ប្រាំ​កាំបិត និង​ពីមុខ​ ១ ​កាំបិទ​»​។ លោក​បន្តថា ជនសង្ស័យ​ស្នាក់នៅ​ម្តុំ​បឹងសាឡាង​ក្នុង​រាជធានី​ភ្នំពេញ​។ រីឯ​មូលហេតុ​នៃ​ការសម្លាប់​លោក​មិនដឹង​ច្បាស់​នោះទេ​។

លោក​ សេង ពន្លក​អធិការ​ស្រុក​ពាមរក៍​ខេត្ត​ព្រៃវែង​បានឱ្យដឹងថា ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម ដែល​មាន​ទីលំនៅ​ភូមិ​៥​ ឃុំ​ព្រែកខ្សាយ «​ខ​» ស្រុក​ពាមរក៍ ខេត្តព្រៃវែង​។ ប៉ុន្តែ​ទៅ​ប្រកបរបរ​រកស៊ី​នៅ​ភ្នំពេញ ហើយ​លោក​ក៏​មិន​បានដឹង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ករណី​នេះដែរ​៕