ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន លោក ប៉ា លីហុង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​រស់នៅ​តាម​ដងស្ទឹង និង​អូរ​សំខាន់ៗ​ក្នុង​ខេត្ត​ប៉ៃលិន បង្កើន​ការយកចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​កម្ពស់​ទឹកភ្លៀង​មាន​ការកើនឡើង​ខ្ពស់​។

លោក ប៉ា លីហុង បាន​ជូនដំណឹង​នៅ​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១ ពី​ស្ថានភាព​ទឹក​តាម​ដងស្ទឹង និង​អូរ ក្នុង​ខេត្ត​ប៉ៃលិន​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់ ក្នុង​រយៈពេល​ជាង ១០ ​ម៉ោង​មកនេះ ដែលជា​មធ្យម​កម្ពស់​ទឹកភ្លៀង​ចន្លោះ​ពី ៥០ ​មម ទៅ ៦០ ​មម បានធ្វើឱ្យ​ទឹក​តាម​ដងស្ទឹង និង​អូរ​មាន​ការកើនឡើង​ខ្ពស់​។

លោក​បាន​បញ្ជាក់ថា៖ «​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​ដងស្ទឹង និង​អូរ​នានា សូម​បង្កើន​ការយកចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​»​។

លោក ប៉ា លីហុង ថា មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន បាននិង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​ស្ថានភាព​កម្រិត​ទឹក មន្ទីរ​នឹង​ជម្រាប​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ករណី​ចាំបាច់​៕

វីដេអូ៖