​ភ្នំពេញៈ កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ជាមួយ​បណ្ដា​ប្រទេស​នានា ក្នុង​សកលលោក និង​ដៃគូ​ក្នុងការ​លើកកម្ពស់​ការ​អនុវត្ត​របៀបវារៈ​ស្ដីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ​។

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារីបាន​ថ្លែងថា​៖ «​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​កសាង​ក៏ដូចជា​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាមួយ​បណ្ដា​ប្រទេស​នានា​ក្នុង​សកលលោក និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​លើកកម្ពស់​កា​រ​អនុវត្ត​របៀបវារៈ​ស្ដីពី ស្ត្រី សន្តិភាព និង​សន្តិសុខ ក្នុង​គោលបំណង​ជំរុញ​នូវ​សាម​គ្ដី​ភាព​សម្រាប់​សហគមន៍​ពិភពលោក​ទាំងមូល និង​ស្ដារឡើងវិញ​នូវ​សហគមន៍​ប្រកបដោយ​ភាព​ធន់ និង​ចែករំលែក​នូវ​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​ផងដែរ​»​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តកណ្តាល​នៅ​ថ្ងៃទី​១៥ ខែតុលា​។

​លោកស្រី​ថ្លែង​បែបនេះ នៅក្នុង​វេទិកា​អាស៊ី​-​អឺរ៉ុប​ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី ​១៤ ខែតុលា​។

​វេទិកា​នេះ​មាន​គោលបំណង​ចែករំលែក​បទពិសោធ និង​ឧបមា​នុ​វត្ត​ន៍​រវាង​បណ្តា​ប្រទេស​នៅ​អាស៊ី និង​អឺរ៉ុប​ក្នុងការ​អនុវត្ត​របៀប​វារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​៥៣ ដែល​ក្នុងនោះ​៣០​ប្រទេស​មកពី​ទ្វីបអឺរ៉ុប ២១​ ប្រទេស​មកពី​ទ្វីបអាស៊ី សហភាព​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា នៅក្នុង​វេទិកា​នេះ លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បានស្នើ​ឱ្យ​ប្រទេស​ចូលរួម​ទាំងអស់​ប្រែក្លាយ​លទ្ធផល​នៃ​វេទិកា​នេះ​ឱ្យទៅជា​សកម្មភាព​ជាក់លាក់ និង​ប្រាកដនិយម ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​។

​ប្រភព​ដដែល​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើ​ទី​១៣ (ASEM13) នៅ​ថ្ងៃទី​ ២៥-២៦​ ខែវិច្ឆិកា ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នឹង​ផ្តល់​កាលានុវត្តភាព​មួយទៀត​សម្រាប់​ការលើកកម្ពស់​វឌ្ឍនភាព​នៃ​របៀបវារៈ​ស្ត្រី សន្តិភាព និ​សន្តិសុខ​៕​