ភ្នំពេញៈ ក្នុង​មួយ​ថ្ងៃទី ១៥ តុលា​ម្សិលមិញ នគរបាល​នៅតាម​គោលដៅ​សរុប​ចំនួន ១៥៦ គោលដៅ​បាន​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៨៩៧ គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន ៧៣៩ គ្រឿង ត្រូវបាន​ផាកពិន័យ​នៅ​ទូទាំង​ប្រទេស។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្តីពី​ការរឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី ១៥ ខែតុលា។

ដោយឡែក​ក្នុង​រយៈពេល ១៥ ថ្ងៃ ( ថ្ងៃទី ០១-១៥ ខែតុលា ) ការរឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​បាន​រាប់​ឃើញ​មាន​យានយន្ត​ចូល​គោលដៅ​ចំនួន ៥៣ ២៨២ គ្រឿង​ក្នុង​នោះ​រកឃើញ​យានយន្ត​ល្មើស​សរុប ចំនួន ៦ ៧១៦ គ្រឿង​មាន​ម៉ូតូ​ចំនួន ១ ១៩១ គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ.បក នៅ​ទូទាំង​ប្រទេស។

របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល ១៥ ថ្ងៃ​នៃ​ខែតុលា​នេះ​ថា ការអនុវត្តតាម​អនុក្រឹត្យ​ក្នុង​ការផាកពិន័យ​យានយន្ត​ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​ទទួល​បាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ៕