កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម​បានសម្រេច​បន្ត​សុពលភាព​នៃ​ការអនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត រយៈពេល ២ សប្ដាហ៍​បន្ថែមទៀត​ ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៥ ខែតុលា រហូតដល់​ថ្ងៃទី ២៨ ខែតុលា​ឆ្នាំ ២០២១ នេះ។

សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី ១៤ តុលា​បាន​បញ្ជក់​ថា​ការបន្ត​នេះ​គឺ៖ «ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជាពិសេស ក្នុង​បរិបទ​ដែល​កម្ពុជា កំពុង​ប្រឈម​នឹង​ការមកដល់​នៃ​រលក​ទី ៣ នៃ​ការឆ្លង​រីករាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ ១៩ បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែលតា (Delta) និង​ស្របពេល​ខេត្ត​កំពង់ចាម​ជា​ខេត្ត​មួយ​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍»។

រដ្ឋបាលខេត្ត​បាន​ធ្វើការ​ណែនាំ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាលក្រុង-ស្រុក ត្រូវ​ហាមឃាត់​នូវ​រាល់​សកម្មភាព​មួយចំនួន​ដូចខាងក្រោម៖ សកម្មភាព​មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ​ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និង​បៀហ្គាឌីន រមណីយដ្ឋាន​ធម្មជាតិ និង​កែច្នៃ​សួន​កម្សាន្ត​នានា អាជីវកម្ម ម៉ាស្សា, ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ, រោងភាពយន្ត, រោង​សម្ដែង​សិល្បៈ, សារមន្ទីរ, បណ្ណាល័យ, ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា ការប្រគំ​តន្ត្រី។ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេងទៀត ដោយយោង​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការប្រយុទ្ធ​នឹង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ រាល់​សកម្មភាព​នៃ​ការជួបជុំ​ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើសពី ១០ នាក់​ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ រាល់​ការជួបជុំ ឬ​ប្រមូលផ្ដុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ។ ការលក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ សកម្មភាព​អាជីវកម្ម​ពេល​រាត្រី រួមមាន៖ តូប​លក់​ចល័ត ផ្សារ​រាត្រី ផ្សារ​ទំនើប ម៉ាត ហាង​លក់ ទំនិញ​គ្រប់​ប្រភេទ ការជួបជុំ​នៅតាម​ទីសាធារណៈ​នានា​ ដែល​មាន​សភាព​អ៊ូអរ និង​ការជួបជុំ​មនុស្ស​ច្រើន ត្រូវ​ហាមឃាត់​ចាប់ពី​ម៉ោង ២២:០០ នាទី ដល់​ម៉ោង ០៣:០០ នាទី​ព្រឹក ជា​កំហិត និង​ហាមឃាត់​សកម្មភាព​ប្រមូលផ្តុំ​មនុស្ស ក្នុង​ការថ្វាយបង្គំ​តាមបែប​សាសនា។

ទោះយ៉ាងណា សេចក្តី​សម្រេច​ក៏បាន​គូសបញ្ជាក់​ពី​សកម្មភាព​ដែល​ត្រូវ​បានធ្វើ​ការលើកលែង​ចាំបាច់​មួយចំនួន​ផងដែរ។

រដ្ឋបាល​ក្រុង និង​ស្រុក​ក៏ត្រូវ​បាន​ជំរុញ​ឱ្យ​យកចិត្ត​ទុកដាក់ ដើម្បី​ធ្វើការ​រឹតបន្តឹង​ការត្រួតពិនិត្យ និង​ការរៀបចំ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​នៅតាម​ទីកន្លែង​ដែល​ជា​ប្រភព ឬ​អាចមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជាពិសេស​តាម​ទីផ្សារ និង​កន្លែង​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ និង​ទីតាំង​អាជីវកម្ម​ផ្សេងទៀត ព្រមទាំង​ការរៀបចំ​កម្មវិធី​សាសនា កម្មវិធី​ប្រពៃណី កម្មវិធី​កីឡា ឬ​កម្មវិធី​កម្សាន្ត​នានា​ក្នុង​រយៈពេល​នៃ​ការអនុវត្ត យុទ្ធនាការ​នេះ និង​ត្រូវ​ហាមឃាត់​មិនឱ្យ​បើក​ដំណើរការ​ចំពោះ​ផ្សារ ឬ​ទីតាំង​ណា​ដែល​មិនមាន​របៀប​រៀបរយ ឬ​មិន​ធានាបាន​នូវ​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល៕