បន្ទាយមានជ័យៈ នគរបាល​ការពារ​ព្រំដែន​កម្ពុជា-ថៃ ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ ១៣ នាក់​ នៅពេល​កំពុង​រង់ចាំ​ធ្វើដំណើរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដែល​ត្រូវ​បាន​មេខ្យល់​ដឹកយក​ទៅ «ប្លុង​ចោល» ក្នុង​ចំការ​ដំឡូងមី​មួយកន្លែង​កាលពី​យប់​ថ្ងៃទី ១៤ ខែតុលា នៅ​ចំណុច​ខាងកើត​ផ្លូវ​លេខ ៥៨ ក្រវាត់​ព្រំដែន ក្នុង​ភូមិសាស្ត្រ​ភូមិ​ក្តឹប​ថ្ម ឃុំ​គោករមៀត ស្រុក​ថ្មពួក។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​នៅ​ថ្ងៃទី ១៥ ខែ​តុលា ថា៖ «ប្រជាពលរដ្ឋ​ខ្មែរ ១៣ នាក់​បាន​ចាញ់បោក​មេខ្យល់​ដឹក​ទៅ​ប្លុង​ចោល​ក្នុង​ចំការ​ដំឡូងមី​មួយកន្លែង យក​ថ្លៃឈ្នួល​ទៅ​ថៃ​ក្នុង​ម្នាក់ ៦ ០០០ បាត​មិន​បាន​សម្រេច ក៏​ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨០៧ ល្បាត​ប្រទះឃើញ និង​ធ្វើការ​ឃាត់ខ្លួន»។

ពលករ​ខ្មែរ​ទាំង ១៣ នាក់​ដែល​ក្នុងនោះ​មាន​ស្រី ៥ នាក់ និង​កុមារ ១ នាក់ រស់នៅ​ភូមិ​ខ្នារ ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ។

ពលករ ១៣ នាក់​នេះ មាន​បំណង​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​បាន​ទាក់ទង​អ្នក​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ ដើម្បី​ទៅរក​ការងារ​ធ្វើ។

បន្ទាប់មក​ពួកគាត់​ក៏បាន​ទាក់ទង​មេខ្យល់ ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​យក​ថ្លៃឈ្នួល​ក្នុង​ម្នាក់ ៦ ០០០ បាត។

ប្រភព​ដដែល​បញ្ជាក់ថា បន្ទាប់មក​មេខ្យល់​បាន​ឱ្យ​ម្ចាស់​រថយន្ត ១ គ្រឿង​ទៅ​ដឹក​ពួកគាត់​ចេញ​ពី​ផ្ទះ។ ពេលធ្វើ​ដំណើរ​ដល់​ទីរួមស្រុក​ថ្មពួក ម្ចាស់​រថយន្ត​បាន​យក​ថ្លៃឈ្នួល​ពី​ពួកគាត់​ក្នុង​ម្នាក់ ១ ៥០០ បាត ដោយ​ប្រាប់ថា យក​ឱ្យ​ថ្លៃ​អ្នក​ជូន​ផ្លូវ​ឆ្លងដែន។

ក្រោយមក ម្ចាស់​រថយន្ត​បាន​ឱ្យ​រថយន្ត​ចំនួន ២ គ្រឿង​ទៀត​មក​ដឹក​ពួកគាត់​បន្តទៅ​ច្រក​បឹង​ត្រកួន ហើយ​បាន​ដឹក​ទៅ​លាក់ទុក​ក្នុង​ចំការ​ដំឡូងមី​មួយ​កន្លែង​ឱ្យ​រង់ចាំ​មេខ្យល់​មក​ទទួល​យកទៅ​បន្ត។

ដោយ​រង់ចាំ​មេខ្យល់​យូរពេក មិន​ឃើញ​មាន​អ្នក​មក​ទទួល ម្យ៉ាង​មេឃ​ភ្លៀង​ផង​នោះ​ពួកគាត់​ក៏បាន​នាំគ្នា​ចេញ​មក​លើផ្លូវ ហើយ​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​សួរនាំ។

គេហេទំព័រ​នេះ​បាន​ដកស្រង់​សំដី​លោក ឈឿន គឹមឈុន អធិការនគរបាល​ស្រុក​ថ្មពួក ថា​បន្ទាប់ពី​ធ្វើការ​អប់រំ និង​ណែនាំ​ពួកគាត់​កុំឱ្យ​ចាញ់​បោក​មេខ្យល់ ដែល​នាំឱ្យ​ខាតបង់​ថវិកា ពីព្រោះ​បច្ចុប្បន្ន​ទាំង​ថៃ​ និង​កម្ពុជា​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ទប់ស្កាត់​ការឆ្លងដែន​ខុសច្បាប់។

លោក ឈឿន គឹមឈុន ត្រូវបាន​ស្រង់​សំដី​ថា៖ «ពេលនេះ​បងប្អូន​កំពុង​ចាញ់បោក​មេខ្យល់ ធ្វើឱ្យ​ខាតបង់​ទាំង​ថវិកា និង​ពេលវេលា​ទៀត»។

ក្រោយពី​បាន​ធ្វើការ​អប់រំ និង​កិច្ចសន្យា​រួច ពលរដ្ឋ​ទាំង ១៣ នាក់​ត្រូវបាន​បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​សម្តេចឪ​ក្នុង​ខេត្ត​បន្ទាយមានជ័យ៕

វីដេអូ៖