
ជូនដំណឹងពីការបើកដំណើរការឱ្យចូលរៀនវិញ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសមត្ថភាពយុវជន ស.ស.យ.ក ខេត្តកំពត ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ១៨ ខែតុលា តទៅ។
កំពតៈ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត ជូនដំណឹងពីការបើកដំណើរការឱ្យចូលរៀនវិញ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសមត្ថភាពយុវជន ស.ស.យ.ក ខេត្តកំពត ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ១៨ ខែតុលា តទៅ។
លេខាធិការដ្ឋាន ស.ស.យ.ក ខេត្តកំពតនៅថ្ងៃទី ១៦ ខែតុលានេះបានជូនដំណឹងដល់សិស្ស និស្សិត ទាំងអស់ដែលបានរៀន ឬមានបំណងចង់រៀន ថ្នាក់កុំព្យូទ័ររដ្ឋបាល ភាសាអង់គ្លេស ភាសាថៃ ភាសាចិន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសមត្ថភាពយុវជននៃ ស.ស.យ.ក ខេត្តកំពតឱ្យបានជ្រាបថា មជ្ឈមណ្ឌលនឹងបើកដំណើរការឱ្យចូលរៀនវិញចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ តទៅ។
ស.ស.យ.ក ខេត្តកំពតបានឱ្យដឹងថា សម្រាប់ប្អូនៗ សិស្ស និស្សិតទាំងអស់ ដែលមានបំណងចង់ចូលរៀននៅមជ្ឍមណ្ឌលបណ្តុះបណ្តាលសមត្ថភាពយុវជន ដែលមានបង្រៀនថ្នាក់កុំព្យូទ័ររដ្ឋបាល ភាសាអង់គ្លេស ភាសាថៃភាសាចិន ខាងមជ្ឈមណ្ឌលបើកបង្រៀនដោយពុំមានការបង់ប្រាក់ឡើយ ដោយសាលាមានការឧបត្ថម្ភគាំទ្រទាំងស្រុងពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី ១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត។
ស.ស.យ.ក ខេត្តនេះបញ្ជាក់ថា៖ «ប្អូនៗ សិស្ស និស្សិតទាំងអស់ត្រូវមានប័ណ្ណចាក់វ៉ាក់សាំងទើបអាចចូលរៀនបាន។ ៣កុំ ៣ការពារ និងសូមអាណាព្យាបាលនាំកូនៗមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា»៕